បណ្តាអ្នកគាំទ្រក្លឹប Tottenham ទំនងនឹងជួបបញ្ហាខកចិត្តជាថ្មីម្តងទៀតដូចឆ្នាំ២០១៣ ខណៈក្លឹបយក្ស អេស្ប៉ាញ Real Madrid កំពុងជញ្ជក់មាត់ចង់បានខ្សែបម្រើឆ្នើមវ័យ២០ឆ្នាំរបស់ខ្លួន Dele Alli ។
យោងតាមកាសែតអង់គ្លេស Daily Mirror ក្លឹប Real Madrid បានត្រៀមទឹកប្រាក់ប្រមាណ៦១លានដុល្លារអាមេរិក ទិញយកកីឡាករ Alli ឱ្យខាងតែបាន ។ យ៉ាងណាក៏ដោយ ដំណើរការចុះកុងត្រាទំនងមិនអាចធ្វើបានភ្លាមៗទេ ខណៈក្លឹបមួយនេះនៅជាប់បម្រាមទិញដូរកីឡាករមួយរដូវកាលទៀត ។ Alli គឺជាស៊ុបពើរស្តាប្រចាំក្លឹប Tottenham ដោយនៅក្នុងការបង្ហាញខ្លួន១៨លើក នារដូវកាលនេះ គេអាចរកគ្រាប់បាល់ឱ្យក្រុមបាន៨គ្រាប់ ។
សូមរំលឹកថា កាលឆ្នាំ២០១៣ មាន់ខ្នាយមាស Tottenham បានព្រមលក់ខ្សែប្រយុទ្ធដ៏ឆ្នើមមួយរូបទៅឱ្យស្តេចដំរី.ស Real Madrid ក្រោយពីទទួលបានតម្លៃខ្លួនយ៉ាងខ្ពស់ ។ ខ្សែប្រយុទ្ធសញ្ជាតិវេល ហ្គារេត បេលត្រូវបានលក់ក្នុងតម្លៃ ១០៤,៣លានដុល្លារអាមេរិក ។ បណ្តាអ្នកគាំទ្របានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់នាពេលនោះ ៕
ដោយ៖ ហេង ដេត