Tuesday, July 1, 2025
Homeព័ត៌មានជាតិអ្នកភ្នំពេញ រអ៊ូខ្វះទឹកស្អាតប្រើ រដ្ឋាករទឹកថា ២០២៤ ទើបលែងខ្វះ

អ្នកភ្នំពេញ រអ៊ូខ្វះទឹកស្អាតប្រើ រដ្ឋាករទឹកថា ២០២៤ ទើបលែងខ្វះ

ភ្នំពេញ ៖ បន្ទាប់ពីប្រជាពលរដ្ឋរស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅតំបន់មួយចំនួន បានត្អូញត្ងែរ រអ៊ូរទាំ​យ៉ាង​ខ្លាំង ចំពោះការខ្វះខាតទឹកស្អាតប្រើប្រាស់ ដោយពេលខ្លះទឹកចេញតិចៗច្រូចៗដូចនោមទាស់ ពេលខ្លះដាច់តែ​ម្តងមកនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង សុំការយោគយល់និងអធ្យាស្រ័យ​ពីអតិ​ថិជនដែលខ្វះខាតទឹកប្រើប្រាស់ នៅរដូវប្រាំង ដោយសារនៅឆ្នាំ២០២៣ នេះ តម្រូវការទឹកប្រើប្រាស់ បានកើន​ឡើង​ជាង ៨៩ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ឯសមត្ថភាពផលិតទឹក មានប្រមាណតែ ៦៤ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ គឺមានន័យថា ខ្វះទឹកផ្គត់ផ្គង់ ចំនួន ២៥ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អំពាវនាវដល់​អតិថិជនទាំងអស់ទាំង ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដោយសារតម្រូវ​ការ​ទឹក នៅឆ្នាំ២០២៣ បានកើនឡើង។ យ៉ាងណា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា ចាប់ពីឆ្នាំ២០២៤ តទៅ នឹងលែងមានការខ្វះខាតទឹកស្អាតប្រើប្រាស់ទៀតហើយ។

សេចក្តីជូនដំណឹងស្តីពីស្ថានភាពផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំង ឆ្នាំ២០២៣ និងដំណោះស្រាយ របស់រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

ចាប់ពីដើមខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២៣នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានទទួល ព័ត៌មានអំពី​ការមិនពេញចិត្តរបស់អតិថិជន ពាក់ព័ន្ធនឹងបញ្ហាខ្វះទឹកប្រើប្រាស់ ទឹកមានសម្ពាធខ្សោយ និងគ្មានទឹកក្នុង​បណ្តា​ញ​ទឹក ជាដើម។ បញ្ហាទឹកមានសម្ពាធខ្សោយ ភាគច្រើនកើតឡើងនៅក្នុងសង្កាត់ ៣១ លើ ១១៥ ជាយរាជធានី​ភ្នំ​ពេញ ដែលមានជាអាទិ៍ សង្កាត់ស្វាយប៉ាក ៦សង្កាត់ នៃខណ្ឌសែនសុខ សង្កាត់គោករកា សង្កាត់ក្រាំងធ្នង់ សង្កាត់​​សំរោងក្រោម សង្កាត់ស្នោ សង្កាត់ភ្លើងឆេះរទេះ សង្កាត់ពងទឹក សង្កាត់កន្ទោក សង្កាត់កំបូល សង្កាត់​ចោមចៅ១, ២, និង៣ សង្កាត់កាកាប១ និង២ សង្កាត់ព្រៃវែង សង្កាត់ព្រៃស សង្កាត់ជើងឯក សង្កាត់ស្ទឹងមាន​ជ័យ១, ២ និង៣ សង្កាត់ព្រែកកំពឹស សង្កាត់ព្រែកហូរ សង្កាត់ស្វាយរលំ សង្កាត់ព្រែកថ្មី សង្កាត់ក្បាលកោះ។

រ.ទ.ស.ភ ចាត់ទុកកង្វល់របស់អតិថិជន គឺជាកង្វល់និងការទទួលខុសត្រូវរបស់ខ្លួន និងសូមអតិថិជន​ដែលជួប​បញ្ហាទឹកស្អាតទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ ខន្តីអភ័យទោស និងសូមមេត្តាជឿជាក់ថា រ.ទ.ស.ភ នឹងធ្វើការដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់បាន ក្នុងលក្ខណៈជាប្រព័ន្ធ និងជាជំហានៗ ចាប់ពីខែឧសភា ឆ្នាំ២០២៣ តទៅ។ ដើម្បីដោះស្រាយបញ្ហាទឹកស្អាត សម្រាប់ទាំងអស់គ្នាបាន រ.ទ.ស.ភ សូមជូនព័ត៌មានត្រឡប់ វិធានការដោះស្រាយ និងសំណូមពរជូនអតិថិជនទាំងអស់ មេត្តាចូលរួមសហការដូចខាងក្រោម ៖

យោងតាមរបាយការណ៍សិក្សា តម្រូវការទឹករបស់ រ.ទ.ស.ភ ឆ្នាំ២០១៦-២០៣០ បានបង្ហាញថា រាជធានីភ្នំពេញ មាននិន្នាការខ្វះទឹកស្អាតប្រើប្រាស់ នាឆ្នាំ២០១៦ និងឆ្នាំ២០១៧ និងចាប់ផ្តើមខ្វះទឹកប្រើប្រាស់ ចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៣។ ជាក់ស្តែងនៅឆ្នាំ២០២៣ នេះ តម្រូវការទឹកប្រើប្រាស់ បានកើនឡើង ជាង ៨៩ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ នៅពេលដែលសមត្ថភាពផលិតទឹកជាក់ស្តែងរបស់ រ.ទ.ស.ភ មាន ប្រមាណតែ ៦៤ម៉ឺនម៉ែត្រគូប ក្នុង​មួយថ្ងៃតែប៉ុណ្ណោះ។ មានន័យថា រ.ទ.ស.ភ ខ្វះទឹកផ្គត់ផ្គង់ ចំនួន ២៥ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។

ស្ថិតក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាល ក្រសួងអាណាព្យាបាល ក្រុមប្រឹក្សាភិបាល បានយល់អំពីសភាព​ការណ៍​ខ្វះទឹកស្អាតប្រើប្រាស់ និងបានជួយគាំទ្រ រ.ទ.ស.ភ យ៉ាងពេញទំហឹងក្នុងការផ្តល់ទុនវិនិយោគ ដើម្បីឱ្យ រ.ទ.ស.ភ មានលទ្ធភាពសាងសង់រោងចក្រផលិតទឹកថ្មី ដែលមានសមត្ថភាពអាចផលិតទឹកស្អាតបាន ក្នុងបរិមាណ ៤០ម៉ឺន​ម៉ែត្រគូប ក្នុងមួយថ្ងៃ និងបំពង់ចែកទឹកថ្មី ជិត ១ពាន់គីឡូម៉ែត្រ ដើម្បីដោះស្រាយបញ្ហាខ្វះទឹក ជាជំហានៗ ឱ្យ​ខាង​​តែបានចាប់ពីឆមាសទី១ ឆ្នាំ២០២៣ នេះតទៅ។

រ.ទ.ស.ភ សង្ឃឹមជឿជាក់ថា នៅដើមខែឧសភា ឆ្នាំ២០២៣នេះ រោងចក្រផលិតទឹកស្អាតថ្មី នឹងផលិត ចែកចាយ​ទឹកស្អាតបានក្នុងបរិមាណ ២០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ៦៤ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។ ពោលគឺ រ.ទ.ស.ភ មានសមត្ថភាពផលិត ៨៤ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ធៀបនឹងតម្រូវការទឹកស្អាត ៨៩ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ និងមានន័យថា រ.ទ.ស.ភ បានដោះស្រាយបញ្ហាខ្វះទឹកស្អាត បានជាង៩០ភាគ​រយ​ហើយ។ ដោយឡែក ចាប់ពីដើមឆ្នាំ២០២៤ រ.ទ.ស.ភ នឹងអាចផលិតទឹកស្អាតបាន ២០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ បន្ថែម​ទៀត ដែលធ្វើឱ្យសមត្ថភាពសរុបរបស់ រ.ទ.ស.ភ មានរហូតដល់ជាង ១លានម៉ែត្រគូប ក្នុងមួយថ្ងៃ។

សរុបសេចក្តីមក ចាប់ពីដើមឆ្នាំ២០២៤ តទៅ សមត្ថភាពផលិតទឹកស្អាត របស់ រ.ទ.ស.ភ មានជាង១លានម៉ែត្រគូប ក្នុងមួយថ្ងៃ ធៀបនឹងការព្យាករតម្រូវការទឹកដែលមានប្រមាណ ៩០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។ មានន័យថា អតិថិ​ជនរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ទាំងអស់ មានទឹកប្រើប្រាស់គ្រប់គ្រាន់។

សេចក្តីដូចបានជម្រាបជូនខាងលើ គឺជាវិធានការរបស់ រ.ទ.ស.ភ ក្រោមការជួយឧបត្ថម្ភគាំទ្រ ពីរាជរដ្ឋាភិបាល ក្រសួងអាណាព្យាបាល ក្រុមប្រឹក្សាភិបាល អាជ្ញាធរដែនដី ទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ដោយឡែក ការចូលរួមដោះស្រាយបញ្ហាខ្វះទឹក ពីសំណាក់អតិថិជន ក៏ជាកត្តាគន្លឹះមួយដែរ ដែល រ.ទ.ស.ភ សូមអំពាវ​នាវ​ដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដើម្បីផ្តល់ក្តី​ករុ​ណា និងចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅក្នុងតំបន់ជាយក្រុង និងសូម​មេត្តា​ចូលរួមផ្តល់ព័ត៌មាន ឬសាកសួរអំពីកង្វះទឹកស្អាត មកកាន់ រ.ទ.ស.ភ ដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ ០៩៧ ៧៧ ១១១ ៦៧ លោក សោម សុវណ្ណ ឬលេខទូរស័ព្ទ ០៩៧ ៧៧ ១១១ ៧៩ លោកផេង ទី ឬហ្វេសប៊ុកផេក របស់ រ.ទ.ស.ភ …៕ ខៀវទុំ

RELATED ARTICLES