ព្រៃវែង ៖ អតីតប្តីប្រពន្ធវ័យចំណាស់ ១គូ បានលែងលះគ្នារាប់ឆ្នាំមកហើយ លុះក្រោយមក ភាគីខាងប្រុសមាន ប្រពន្ធថ្មី ស្រាប់តែភាគីខាងស្រី បានទៅតាមទារលុយនិងចិញ្ចៀន ១វង់ ត្រឡប់មកវិញ ជាហេតុធ្វើឱ្យ កើតជា ជម្លោះ និងឈានដល់ការប្រើអំពើហិង្សា ដោយភាគី ប្តី បានដាល់អតីតប្រពន្ធរបស់ខ្លួន ចំនួន៤ដៃបណ្តាល ឱ្យរងរបួសយ៉ាងដំណំ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។
ករណីហិង្សារវាងអតីតប្តីប្រពន្ធវ័យចំណាស់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិពោធិ ឃុំថ្កូវ ស្រុកកំពង់ត្របែក។
ភាគីបុរសជាអតីតប្តី មានឈ្មោះហ៊ឹម សំអឿន អាយុ៥៤ឆ្នាំ។ ចំណែកភាគីស្ត្រីជាអតីតប្រពន្ធ មានឈ្មោះមុំ រ៉ា អាយុ៥៤ឆ្នាំ។ ទាំង២នាក់ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា អតីតប្តីប្រពន្ធមួយគូនេះ បានផ្តាច់និស្ស័យស្នេហ៍ជាប្តីប្រពន្ធនឹងគ្នា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែអ្វីដែលមិនទាន់ដាច់ស្រេចនោះ គឺរឿងប្រាក់ ៥០០ដុល្លារ និងចិញ្ចៀន ផ្លាទីន ១វង់។ លុះក្រោយមក អតីតប្តី បានយកប្រពន្ធក្រោយមួយទៀត ទើបធ្វើឱ្យប្រពន្ធមុន ទៅទាមទារយក ចិញ្ចៀនផ្លាទីន ១វង់ និងប្រាក់ ៥០០ដុល្លារ ជាកេរមុនពេលដែលលែងលះគ្នានោះ យកមកវិញ។
ប្រភពដដែល បន្តថា លុះមកដល់ព្រឹកថ្ងៃកើតហេតុ ភាគីអតីតប្រពន្ធ ឈ្មោះមុំ រ៉ា បានជិះរថយន្ត ទៅស្ទាក់ទារ លុយ ចំនួន៥០០ដុល្លារ និងចិញ្ចៀនផ្លាទីន ១វង់ ពីអតីតប្តី ឈ្មោះហ៊ឹម សំអឿន។ លុះទៅដល់ក៏កើតមានជម្លោះ នឹងគ្នាយ៉ាងខ្លាំង រហូតផ្ទុះជាអំពើហិង្សា ដោយបុរសជាអតីតប្តី បានដាល់ទៅលើអតីតប្រពន្ធ ចំកណ្តាលមុខ ចំនួន៤ដៃ បណ្តាលឱ្យរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែម្តង។

ប្រភពខាងលើ បានឱ្យដឹងទៀតថា តាមពិតចិញ្ចៀនផ្លាទីន ១វង់នោះ គឺជាចិញ្ចៀនរបស់កូនស្រី ឈ្មោះស៊ឹម ស្រី ណាក់ ដែលមានចិត្តអាណិតអាសូរឪពុកម្តាយឈ្លោះគ្នា ព្រោះតែចង់ផ្តាច់និស្ស័យស្នេហ៍ជាប្តីប្រពន្ធ សុខចិត្តលះ បង់ឱ្យម្តាយខ្ចី ប្រគល់ជូនទៅលោកឪពុក ដើម្បីបញ្ចប់ វិវាទក្នុងគ្រួសារ “លែងលះគ្នា”។ ស្រាប់តែចុងក្រោយ ចិ ញ្ចៀនផ្តាច់និស្ស័យស្នេហ៍នោះ បានក្លាយទៅជាមូលហេតុជម្លោះយ៉ាងក្តៅគគុក ធ្វើឱ្យអតីតប្តី ដាល់អតីតប្រពន្ធ ចំនួន៤ដៃ បណ្តាលឱ្យរងរបួសស្នាម រហូតម្ខាងដេកពេទ្យ ម្ខាងដេកប៉ុស្តិ៍ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាង សំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕