ភ្នំពេញ ៖ បុរសម្នាក់ ជាអ្នកលក់ទាអាំង ត្រីដុត កំពុងលក់ដូរសុខៗ ស្រាប់តែមានមិត្តភក្តិឆាតហៅទៅផឹកស៊ី ចូលហាងខារ៉ាអូខេ ឱបស្រីក៏ចេញទៅបាត់ ដោយទុករបររកស៊ីចោល លុះប្រពន្ធខឹង ទូរស័ព្ទទៅស្តីបន្ទោស ស្រាប់តែត្រឡប់មកវិញ វាយកម្ទេចសម្ភារៈលក់ដូរ រួចទាញដុំធ្យូង គប់ប្រពន្ធ បណ្តាលឱ្យរយះមុខ ហូរឈាម ស្រោចខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់។

ករណីហិង្សាក្នុងគ្រួសារនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចកន្លែងលក់ទាអាំង ត្រីដុត ១កន្លែង ស្ថិតនៅជិតច្រកចូលប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹង មានជ័យទី១ តាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ពេលកើតហេតុ បុរសជាប្តី បានអូសរទេះមកលក់ទាអាំង ត្រីដុត និងបាយ ដូចសព្វដង ខណៈពេលលក់សុខៗ បុរសជាប្តីបានទៅផឹកស៊ី ចូលខារ៉ាអូខេ ជាមួយមិត្តភក្តិបាត់ ដោយទុកកន្លែងលក់ដូរចោល។ បន្ទាប់មក ស្ត្រីជាប្រពន្ធដឹងរឿង ក៏បានទូរស័ព្ទទៅបុរសជាប្តី សួរនាំ និងស្តី បន្ទោស២-៣ម៉ាត់ រឿងទុកកន្លែងលក់ដូរចោល ហើយទៅផឹកស៊ី ចូលខារ៉ាអូខេ។ បន្ទាប់មកស្ត្រីជាប្រពន្ធបានជិះ ម៉ូតូមកកន្លែងលក់ តែក៏អត់ឃើញបុរសជាប្តី មកកន្លែងលក់វិញទៀត។

ប្រភពដដែល បន្តថា លុះមួយសន្ទុះក្រោយមក ស្រាប់តែបុរសជាប្តី បានជិះម៉ូតូមកដល់ រួច ស្រែកជេរ រករឿង ស្ត្រីជាប្រពន្ធ រហូតឈានដល់ការប្រើប្រាស់ហិង្សា វាយបំផ្លាញរបស់របរកន្លែងលក់ដូរ ធ្វើឱ្យខ្ចាយបាយ ខ្ទាត ទាអាំង និងត្រីដុត ជ្រុះរប៉ាត់រប៉ាយពេញកន្លែងកើតហេតុ ហើយដោយមិនទាន់រំសាយកំហឹងអស់បុរសជាប្តី បានទាញធ្យូងសម្រាប់ដុតទា និងត្រី គប់ស្ត្រីជាប្រពន្ធ បណ្តាលឱ្យរយះមុខ ហូរឈាម ធ្វើឱ្យផ្អើលដល់ប្រជាការ ពារ និងសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍។


ប្រភពខាងលើ បញ្ជាក់ថា នៅពេលឃើញសមត្ថកិច្ចមកដល់ព្រោងព្រាតបែបនេះ បុរសជាប្តីភ័យខ្លួន ក៏បានរត់ គេចចូលទៅក្នុងភូមិ បានប្រហែល ២០០ម៉ែត្រ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារ ដេញចាប់ បាន យកទៅប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីធ្វើការសាកសួរ។ ចំណែកស្ត្រី ជាប្រពន្ធ ត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលរបួស នៅមន្ទីរពេទ្យ៕
