បាត់ដំបង ៖ ក្មេងស្រីជាសិស្សសាលា ១ក្រុម មានអាយុចន្លោះពី៧ ទៅ១១ឆ្នាំ ក្រោយពេលចេញពីសាលារៀន មិនទាន់ឃើញត្រឡប់ទៅដល់ផ្ទះ ធ្វើឱ្យឪពុកម្តាយនិងក្រុមគ្រួសារ មានការព្រួយបារម្ភ ចែកផ្លូវគ្នាតាមរកពេញ ភូមិ ស្រាប់តែចុងក្រោយ ជារកឃើញលង់ទឹកស្រះ មួយកន្លែង ស្លាប់ ៥នាក់ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញ ភូមិ។
ហេតុការណ៍សោកនាដកម្មដ៏រន្ធត់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង ២០នាទីល្ងាច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចទឹកស្រះមួយកន្លែង ស្ថិតក្នុងភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង។

សេចក្តីរាយការណ៍ បានឱ្យដឹងថា គេមិនទាន់ដឹងពីមូលហេតុដែលនាំឱ្យកូនសិស្សទាំង៥នាក់នោះ នាំគ្នា ទៅហែលទឹកស្រះ រហូតលង់ស្លាប់ទាំងអស់គ្នាបែបនេះទេ ព្រោះបើតាមការអះអាងពីក្រុមគ្រួសារថា ពួក គេមិនចេះហែលទឹកទេ។
ក្មេងស្រីរងគ្រោះទាំង ៥នាក់ ដែលលង់ទឹកស្លាប់ រួមមាន ទី១-ឈ្មោះវុធ អី អាយុ៧ឆ្នាំ។ ទី២-ឈ្មោះជា ស្រីឌឿន អាយុ១១ឆ្នាំ។ ទី៣-ឈ្មោះលួង លីតា អាយុ៩ឆ្នាំ។ ទី៤-ឈ្មោះធឹម ម៉េងលី អាយុ៩ឆ្នាំ និងទី៥-ឈ្មោះវ៉ាន់ គឹមហៀង អាយុ៩ឆ្នាំ។ ក្មេងស្រីរងគ្រោះទាំង៥នាក់ខាងលើ គឺជាសិស្សរៀននៅសាលាបឋមសិក្សាស្រឡៅទង ស្ថិតនៅ ក្បែរកន្លែងកើតហេតុ និងមានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។
លោកហ៊ាន សុភិន នាយប៉ុស្តិ៍រដ្ឋបាលឃុំកំរៀង បានឱ្យដឹងថា ក្មេងស្រីរងគ្រោះទាំង៥នាក់នេះ បានលងទឹកស្លាប់ ក្រោយពេលពួកនាងចេញពីសាលា។ ប៉ុន្តែគេមិនដឹងថា ក្រោយចេញពីសាលា ពួកនាងនាំគ្នាទៅ ហែលទឹកស្រះ ខាងក្រោយសាលានោះទេ។ លោកមេប៉ុស្តិ៍ បានបញ្ជាក់ថា ដំបូងពុំមានអ្នកដឹងថា មានកូនសិស្សលង់ទឹក ស្រះ ស្លាប់បែបនេះទេ តែគេមានការភ្ញាក់ផ្អើល ក្រោយពីអាណាព្យាបាលរបស់នាង រកសពពួកនាងឃើញនៅ ក្នុង ទឹកស្រះ។

ដោយឡែក តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ កូនសិស្ស បានចេញពីសាលាទៅផ្ទះ តែគេ មិនបានដឹងថា កុមារីរងគ្រោះទាំង ៥នាក់នោះ នាំគ្នាទៅលេងទឹកស្រះ នៅខាងក្រោយសាលារៀនទេ លុះមាន បញ្ហាកើតឡើង ទើបមានការភ្ញាក់ផ្អើល។ ប៉ុន្តែបើតាមការ ស្រង់សំដីអាណាព្យាបាលក្មេងស្រីទាំងនោះ បាននិ យាយថា ក្រោយសិស្សចេញពីសាលា អាណាព្យាបាលកុមារីរងគ្រោះ បាត់មិនឃើញកូនៗទៅដល់ផ្ទះ ដោយ មានការសង្ស័យ អាណាព្យាបាលខ្លះបានដើរសួរគេឯង រកកូន។
ជាមួយនឹងការស្វែងរករបស់អាណាព្យាបាលសិស្សទាំងនេះ មានសាក្សីខ្លះបានប្រាប់ថា ក្រោយចេញពីសាលា គេបានឃើញកុមារីរងគ្រោះ ទាំង៥នាក់ បណ្តើរគ្នាទៅស្រះទឹកខាងក្រោយសាលា។ អាណាព្យាបាល ក៏ដើរ ទៅមើលស្រះទឹក ឃើញសម្ភារកូន ហើយមានការសង្ស័យ ក៏នាំគ្នាចុះរាវរកក្នុងស្រះទឹកនោះ ស្រាប់តែប្រទះ ឃើញសពកូន ហើយរាវរកឃើញសពកុមារីទាំង៥នាក់ ជាបន្តបន្ទាប់ ទើបផ្អើលឆោឡោតែម្តង។
លោកហ៊ាន សុភិន នាយប៉ុស្តិ៍រដ្ឋបាល បានឱ្យដឹងទៀតថា បើតាមអាណាព្យាបាលកុមារីរងគ្រោះទាំង៥នាក់ គឺពួកនាងមិនចេះហែលទឹកទេ។ លោកថា បើតាមចម្លើយក្រុមគ្រួសារ ដំបូងគេរាវរកឃើញសពក្មេងស្រីម្នាក់ លុះក្រោយមក ស្រាប់តែរាវរកឃើញសពកុមារី ចំនួន០៤នាក់ទៀត ជាបន្តបន្ទាប់ ។
ប៉ុន្តែយ៉ាងណា លោកមេប៉ុស្តិ៍ មិនទាន់ហ៊ានសន្និដ្ឋានអំពីមូលហេតុដែលនាំឱ្យកុមារីទាំង០៥នាក់ នាំគ្នាទៅហែល ទឹកស្រះ ក្រោយចេញពីសាលានោះទេ ដោយគ្រាន់តែបញ្ជាក់ថា ក្មេងទាំង៥នាក់ មិនចេះហែលទឹក។
ជុំវិញករណីនេះ មន្ត្រីជំនាញបច្ចេកទេស បានចុះទៅពិនិត្យចំណុចកើតហេតុ។ ដោយឡែកសព ក្មេងស្រីរង គ្រោះ ទាំង៥នាក់ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕