កំពង់ចាម ៖ កូនភ្លោះប្រុស ២នាក់ ដែលម្តាយបង្កើតមិនទាន់ទាំងកាត់ទងផ្ចិត បានយកមកប្លុង ចោលនៅក្បែរ ចិញ្ចើមថ្នល់ ក្នុងឃុំស្តើងជ័យ ស្រុកជើងព្រៃ កាលពី៥ថ្ងៃមុន និងត្រូវបានយុវជនម្នាក់ ប្រទះឃើញ រើសយក ទៅចិញ្ចឹមនៅឯផ្ទះ ឯភូមិតាអុក ឃុំបឹងណាយ ស្រុកព្រៃឈរ និងមានអ្នកចង់សុំយកទៅចិញ្ចឹមដែរ តែយុវជន រូបនោះមិនព្រមឱ្យ ពេលនេះយុវជនខាងលើ បានម្រេចប្រគល់កូនភ្លោះនេះ ទៅជូនលោកស្រីភរិយារបស់លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម ជាអ្នកចិញ្ចឹមបន្ត។

លោកជុំ សៅ មេភូមិតាអុក បានឱ្យដឹង កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ថា យុវជនដែលរើស បាន កូនភ្លោះ ប្រុស២នាក់ មានឈ្មោះឈឹម សុខហ៊ុយ អាយុ២២ឆ្នាំ រស់នៅភូមិតាអុក ឃុំបឹងណាយ ស្រុកព្រៃឈរ ជាសិស្សរៀនភាសាកូរ៉េ នៅស្គន់ ស្រុកជើងព្រៃ។ យុវជនរូបនេះ ជាកូនទី៣ ក្នុងចំណោមបងប្អូន៧នាក់ រាល់ថ្ងៃ រស់នៅជាមួយឪពុកឈ្មោះ សារឿន។

លោកមេភូមិតាអុក បានបន្តថា ក្រោយពីអ្នកជិតខាងបានពន្យល់ពីផលវិបាក និងរូបលោកជាមេភូមិផ្ទាល់ លើក ហេតុផលពីការចិញ្ចឹមកូនភ្លោះដែលមិនគ្រប់គីឡូ គឺមិនស្រួលនោះទេ ត្រូវតែមានការថែទាំឱ្យបានត្រឹមត្រូវ។ ដោយស្តាប់ការពន្យល់ណែនាំរួចមក យុវជនឈឹម សុខហ៊ុយ បានសម្រេចចិត្តប្រគល់កូនភ្លោះទាំង២នោះ ឱ្យ ទៅលោកស្រីភរិយារបស់លោកហាន កុសល អភិបាលរងខេត្តកំពង់ចាម ជាអ្នកចិញ្ចឹមបន្ត កាលពីព្រឹក ថ្ងៃទី២៩ មីនា ឆ្នាំ២០២៣។

លោកមេភូមិ បានលើកឡើងថា យុវជនដែលរើសបានកូនភ្លោះពីរនាក់នេះ ក៏បានទៅជោះឈាមនៅ ស្រុកជើង ព្រៃ ដើម្បីត្រៀមខ្លួនចេញទៅបម្រើការងារជាពលករនៅប្រទេសកូរ៉េ ហើយកូនភ្លោះប្រុសពីរនាក់ កើតមកមិន គ្រប់គីឡូ ក៏កំពុងត្រូវបានក្រុមគ្រូពេទ្យដាក់ចិញ្ចឹមក្នុង កែវនៅឡើយ។ កូនភ្លោះទាំង២ ត្រូវបានយុវជន ដែលរើស បាន ដាក់ឈ្មោះឱ្យ ១-ឈ្មោះ សុភ័ក្ត្រ រតនៈ ២-ឈ្មោះ សុភ័ក្ត្ររតនា៕


