ភ្នំពេញ ៖ លោកស្រី ទ្រី ដាណា ថៅកែហាងមាសពេជ្រ និងជាម្ចាស់ក្រុមហ៊ុន NNP បានប្រកាសថា លោកស្រី នឹងបើកកម្មវិធីប្រកួតដណ្ដើមខ្សែក្រវាត់មរតកគុនខ្មែរ NNP លើកទី១ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅ សង្វៀនថោន ហើយវគ្គផ្ដាច់ព្រ័ត្រ គ្រោងធ្វើនៅខែមិថុនា ដោយជ័យលាភីនឹងទទួលបានខ្សែក្រវាត់មួយ និង មានរង្វាន់មាសសុទ្ធ ២តម្លឹង និងលុយសុទ្ធ ៤០លានរៀល។

លោកស្រីទ្រី ដាណា បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ថា «នាងខ្ញុំសូមប្រកាសជាផ្លូវការ កម្មវិធីប្រកួតដណ្ដើមខ្សែក្រវាត់មរតកគុនខ្មែរ NNP លើកទី១ នឹងធ្វើនៅថ្ងៃទី៦ ខែមេសា ខាងមុខនេះ នៅសង្វៀនថោន ហើយវគ្គផ្ដាច់ព្រ័ត្រ គ្រោងធ្វើនៅខែមិថុនា ដោយ មានរង្វាន់មាសសុទ្ធ ២តម្លឹង និងលុយសុទ្ធ ៤០លានរៀល។
ខ្សែក្រវាត់ដែលដាក់ឲ្យប្រកួតដណ្តើមក្នុងកម្មវិធីមរតកគុនខ្មែរ NNP មានរចនាបទបញ្ជាក់ពី អត្តសញ្ញាណមួយ ផ្នែកនៃវប្បធម៌របស់ខ្មែរ។

ទី១- ខាងលើកំពូលខ្សែ មានរូបរាហូចាប់ចន្ទ ដកស្រង់ចេញពីចម្លាក់ខ្លោងទ្វារប្រាសាទបន្ទាយស្រី ដែលតំណាង ឲ្យសេចក្តីស្រលាញ់ដូចបងនិងប្អូនបង្កើត មិនថាខាងណាឈ្នះ ខាងណាចាញ់ ក៏នៅតែមានចិត្តគោរពគ្នាទៅវិញ ទៅមក គ្មានចិត្តច្រណែន គ្មានចិត្តគុំកួនគ្នា មានតែពាក្យថាស្រលាញ់ជានិច្ច ក្នុងទឹកចិត្តជាកីឡាករ។
ទី២- រូបចម្លាក់មនុស្ស ២នាក់ ប្រកួតគ្នា ដែលដកស្រង់ចេញពីប្រាសាទតាព្រហ្ម បញ្ជាក់ពីអត្តសញ្ញាណក្បាច់គុន បុរាណខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ គួរឲ្យតម្លៃ និងរួមគ្នាអភិរក្សបន្តទៀត ដើម្បីឱ្យកាន់តែល្បី សុសសាយជាសកល។

ទី៣- រូបចម្លាក់ក្បាច់ដ៏វិចិត្រ ដកស្រង់ចេញពីប្រាសាទបន្ទាយស្រី ជាចម្លាក់យ៉ាងលម្អិតឆ្មាររស់រវើកជាងគេ ដែល មានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍ ឈ្មោះដើមប្រាសាទបន្ទាយស្រី ហៅថា (ឥស្វរបុរៈ ប្រែថា បុរីនៃ ឥសូរ) សម័យក្រោយមក គេហៅថា ប្រាសាទបន្ទាយស្រី ដោយសារតែរាងតូចច្រឡឹង និងក្បូរក្បាច់ រចនាដ៏ ស្រស់ស្អាត (រចនាបទទី២ ចងក្រងឡើងក្នុងអត្ថន័យលើកកម្ពស់ការគោរពស្រលាញ់ស្រ្តីនៅលើពិភពលោក)។
ទី៤- ពាក្យ «មរតកគុនខ្មែរ» ជាភាសាអង់គ្លេស ដើម្បីឱ្យបរទេសបានស្គាល់ពាក្យគុនខ្មែរ ហើយស្រាវជ្រាវបន្ថែម និងចង់បង្ហាញថា គុនខ្មែរ បានបន្សល់ទុកពីដូនតា រាប់ពាន់ឆ្នាំមកហើយ ជាមរតកដែលត្រូវរួមគ្នាការពារ និង លើកតម្កើងជានិច្ច។

ក្រៅពីការប្រកួតដណ្ដើមខ្សែក្រវាត់ខាងលើ ក៏មានគូប្រកួតមិត្តភាពអន្តរជាតិ ដើម្បីបង្ហាញជូនបងប្អូនទស្សនា ដោយសេរីផងដែរ!»។
គួរបញ្ជាក់ថា ពាក់ព័ន្ធកីឡាប្រដាល់គុនខ្មែរនេះ កន្លងទៅ លោកស្រីទ្រី ដាណា ក៏ធ្លាប់បានជួយឧបត្ថម្ភ ដល់កី ឡាករដែលជួបប្រទះការខ្វះខាតក្នុងជីវភាព និងបានផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ដល់កីឡាករជ័យលាភី ដែល ដណ្តើមបានខ្សែក្រវាត់នៅក្រៅប្រទេស មានដូចជាកីឡាករ ធឿន ធារ៉ា និងកីឡាករ ព្រំ សំណាង ជាដើម៕ ខៀវទុំ
