Wednesday, March 19, 2025
Homeសន្ដិសុខសង្គមក្រមុំជិះម៉ូតូបុកដើមឈើ បាក់ជើង១ ស្លាប់១

ក្រមុំជិះម៉ូតូបុកដើមឈើ បាក់ជើង១ ស្លាប់១

រតនគិរី ៖ យុវតី២នាក់ បានជិះម៉ូតូ ១គ្រឿង ក្នុងល្បឿនលឿន ទាំងកណ្តាលយប់ រួចជ្រលទៅបុកដើមឈើដែល បានដួលរលំកាត់ទទឹងផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ លុះក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ យុវតីម្នាក់ បានបាត់បង់ជីវិត ចំណែកម្នាក់ទៀត រងរបួសធ្ងន់ បាក់ភ្លៅខាងស្តាំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិកាឡៃ ឃុំកាឡៃ ស្រុកអូរជុំ។

យុវតីដែលបាត់បង់ជីវិត មានឈ្មោះប្លង់ កាពឹស អាយុ១៦ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ មានលំនៅក្នុងភូមិឃួន ឃុំកាចូន ស្រុកវើនសៃ (ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត)។ ចំណែកយុវតីដែលរងរបួសធ្ងន់ មានឈ្មោះកាដុង ណាង អាយុ១៧ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិឃួន ឃុំកាចូន ស្រុកវើនសៃ (រងរបួសបាក់ភ្លៅខាងស្តាំ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ យុវតីរងគ្រោះទាំងពីរនាក់ខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1C-0990 ធ្វើដំណើរក្នុង​ល្បឿនយ៉ាង​លឿន ដោយយុវតីឈ្មោះកាដុង ណាង ជាអ្នកបើកបរ ចំណែកយុវតីឈ្មោះប្លង់ កាពឹស ជាអ្នកជិះពីក្រោយ។ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកដើមឈើ ១ដើម ដែលបានបាក់រលំកាត់ទទឹងផ្លូវ បណ្តាលឱ្យយុវតីជាអ្នកបើកម៉ូតូ រងរបួសធ្ងន់ (បាក់ភ្លៅស្តាំ) ចំណែកយុវតីជាអ្នករួមដំណើរ បានបាត់បង់ជីវិត ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។

ក្រោយពីទទួលបានករណីខាងលើនេះភ្លាម កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកាឡៃ បានចុះ​ទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យស៊ើបអង្កេត។

សមត្ថកិច្ច បានបញ្ជាក់ថា នៅកន្លែងកើតហេតុ បន្សល់ទុក ម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ រតនគិរី 1C-0990 ដោយសភាពម៉ូតូ មានការខូចខាតផ្នែកខាងមុខ និងក្បាលផ្នែកខាងមុខ បុកជា​មួយនឹងដើមឈើបាក់កាត់ទទឹងផ្លូវ។ រីឯទីតាំងកើតហេតុ គឺផ្លូវមានសភាពស្ងាត់ និងដីហុយខ្លាំង។

តាមការស្រាវជ្រាវ និងពិនិត្យកន្លែងកើតហេតុ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ករណីនេះគឺជាករ​ណីគ្រោះ​ថ្នាក់ចរាចរណ៍ បើកបរម៉ូតូក្នុងល្បឿនលឿន ដោយស្ថានភាពផ្លូវហុយខ្លាំង ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅ​បុក​ដើមឈើរលំកាត់ទទឹងផ្លូវ។

បន្ទាប់ពីជំនាញពិនិត្យ និងធ្វើកំណត់ហេតុរួច វត្ថុតាង ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ត្រូវបានសាច់​ញាតិ​សុំ​យកទៅផ្ទះ ដើម្បីជួសជុលប្រើប្រាស់ឡើងវិញ។ ចំណែកសពយុវតីរងគ្រោះ ត្រូវបានសមត្ថកិច្ច​ប្រគល់​ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES