ខេត្តប៉ៃលិន ៖ បុរស ២នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា បានទាក់ទងស្នេហាជាមួយក្រមុំភ្លោះ ២នាក់ តាមហ្វេសប៊ុក បានរយៈពេលជាង ១ឆ្នាំ ស្គាល់ចិត្តស្គាល់ថ្លើមគ្នាច្បាស់លាស់ ក៏សម្រេចចិត្តចូលស្តីដណ្តឹង រៀបការទាំង២គូ ក្នុងថ្ងៃតែមួយតែម្តង។
អាពាហ៍ពិពាហ៍រវាងកូនកំលោះជាបងប្អូនបង្កើត និងកូនក្រមុំភ្លោះនេះ បានធ្វើឡើងយ៉ាងអធិកអធម កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅឯស្រុកកំណើតខាងកូនកំលោះ ស្ថិតក្នុងអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។ មូលហេតុដែលសម្រេចនាំកូនក្រមុំ ភ្លោះមករៀបការនៅស្រុកកំណើតខាងកូនកំលោះបែបនេះ ក៏ដោយសារតែក្រមុំភ្លោះទាំង២នាក់ មានម្តាយជាស្ត្រីមេម៉ាយ និងមានជីវភាពក្រខ្សត់។

តាមសម្តីបុរសឈ្មោះហាម ចាន់តារា អាយុ៥៧ឆ្នាំ និងស្ត្រីជាប្រពន្ធឈ្មោះម៉ៅ សុចាន់ណា ត្រូវជាឪពុកម្តាយបង្កើតរបស់កូនកំលោះ ទាំង២នាក់ បានរៀបរាប់ប្រាប់ថា កូនកំលោះរបស់គាត់ទាំង២នាក់ ដែលរៀបការក្នុងថ្ងៃតែ១នេះ ទី១-ឈ្មោះរ៉ា ចាន់រក្សា អាយុ២០ឆ្នាំ និងទី២-ឈ្មោះរ៉ា ចាន់ខាំឈីត អាយុ១៨ឆ្នាំ។ រីឯខាងកូនក្រមុំភ្លោះ ទី១-ឈ្មោះម៉ាប់ ផល្លី អាយុ១៨ឆ្នាំ និងទី២-ឈ្មោះម៉ាប់ ផល្លា អាយុ ១៨ឆ្នាំ ដូចគ្នា មានស្រុកកំណើត នៅចំណុចប្រឡាយ៧០ ក្នុងភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មានម្តាយឈ្មោះគយ ចន្ធូ ជាស្ត្រីមេម៉ាយ។



បុរសជាឪពុកកូនកំលោះ បានបន្តថា មុនដំបូង ពួកគេបានស្គាល់គ្នា តាមរយៈការលេងហ្វេសប៊ុក ខណៈកូនប្រុសទាំង២នាក់របស់គាត់ កំពុងធ្វើការនៅប្រទេសថៃ។ ក្រោយមក កូនប្រុសម្នាក់ សុខចិត្តត្រឡប់មកពីប្រទេសថៃ ដើម្បីទៅលេងផ្ទះខាងកូនក្រមុំ ក៏ចាប់ចិត្តស្រឡាញ់ កាន់តែខ្លាំង រហូតឈានដល់ការចូលស្តីដណ្តឹងកូនក្រមំភ្លោះទាំង២នាក់តែម្តង។ ក្រោយពេលដណ្តឹងរួច មិនទុកយូរនោះទេ លោកក៏បាននាំកូនក្រមុំភ្លោះ យកមករៀបចំពិធីផ្សំផ្គុំកូនទាំង២គូ នៅឯផ្ទះរបស់គាត់ ដោយកូនប្រុសច្បងរបស់គាត់ រៀបការជាមួយកូនភ្លោះបង ហើយកូនប្រុសប្អូន រៀបការជាមួយកូនភ្លោះប្អូន មានន័យថា បងយកបង ប្អូនយកប្អូន ដោយម្តាយខាងស្រី មានការយោគយល់ ហើយយកថ្លៃទឹកដោះតែកូនម្នាក់ ត្រឹមចំនួន ៥០០ដុល្លារប៉ុណ្ណោះ។


បុរសជាឪពុក បានបញ្ជាក់ថា បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចរាល់ កូនប្រុសរបស់លោកទាំងពីរនាក់ នឹងចាកចេញពីផ្ទះទៅរស់នៅខាងម្តាយក្មេក ដោយពួកគេលែងត្រឡប់ទៅធ្វើការងារនៅប្រទេសថៃ ទៀតហើយ ដោយធ្វើការងារក្បែរៗផ្ទះ កុំឱ្យឃ្លាតឆ្ងាយពីប្រពន្ធកូន ព្រោះការចំណាកស្រុក ទៅរកស៊ីនៅប្រទេសគេ មានការលំបាកណាស់៕
