ភ្នំពេញ ៖ បុរសចិត្តកំណាចឃោរឃៅម្នាក់ បានសុំលុយពីម្តាយ ចំនួន៣៥ម៉ឺនរៀល តែម្តាយប្រាប់ថាគ្មានលុយឱ្យទេ ស្រាប់តែទាញកាំបិតមកអារកម្តាយខ្លួនឯង បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម យ៉ាងរន្ធត់ ចំណែកកូនប្រុសដែលជាឃាតករ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើឃាតកម្មដ៏សាហាវឃោរឃៅ កូនប្រុសអារកសម្លាប់ម្តាយបង្កើតខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ផ្ទះជួលជាន់ទី១ ស្ថិតក្នុងភូមិ២៣ ក្រុម១០៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ស្ត្រីរងគ្រោះជាម្តាយ ដែលត្រូវកូនប្រុសបង្កើតចាប់អារកសម្លាប់នោះ មានឈ្មោះតយ លឿ អាយុប្រហែល៦០ឆ្នាំ មុខរបរផ្នែកអនាម័យនៅផ្ទះសំណាក់មួយកន្លែង ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិច្រេះ ឃុំច្រេះស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកជនដៃដល់ជាឃាតករ និងត្រូវជាកូនប្រុសរបស់ស្ត្រីរងគ្រោះខាងលើ មានឈ្មោះឈាត ឆែ អាយុជាង៣០ឆ្នាំ មុខរបរលើកអីវ៉ាន់ នៅផ្សារនាគមាស ស្នាក់នៅជាមួយគ្នា។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនដៃដល់ជាកូនប្រុសនេះ មានជំងឺសរសៃប្រសាទ ជាយូរណាស់មកហើយ។ នៅមុនកើតហេតុ ជនដៃដល់ជាកូនបានសុំលុយម្តាយ ចំនួន៣៥ម៉ឺនរៀល តែម្តាយមិនឱ្យ លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែឮសំឡេងស្ត្រីរងគ្រោះជាម្តាយ បានស្រែកឆោឡោឱ្យគេជួយ ក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាទៅមើល ក៏ឃើញស្ត្រីរងគ្រោះជាម្តាយ ដេកស្លាប់នៅក្នុងថ្លុកឈាមបាត់ទៅហើយ ដោយមានស្លាកស្នាមរបួសត្រង់បំពង់កទៀតផង។

តាមការបញ្ជាក់ពីបុរសម្នាក់ ត្រូវជាប្អូនថ្លៃស្ត្រីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ កូនប្រុសជាជនដៃដល់ បានសុំលុយម្តាយ (ជនរងគ្រោះ) ចំនួន៣៥ម៉ឺនរៀល តែម្តាយមិនឱ្យ ដោយប្រាប់កូនថា លុយម្តាយទិញចិញ្ចៀនអស់ហើយ នៅខ្លះទុកគ្រាន់ទៅលេងស្រុក ពេលចូលឆ្នាំខ្មែរ ខាងមុខនេះ។
ប្រភពដដែល បន្តថា ជនដៃដល់ តែងតែសុំលុយម្តាយ យកទៅលេងល្បែងតាមអនឡាញ ជាញឹកញាប់ ហើយចាញ់អស់ មកសុំទៀត លុះចុងក្រោយ សុំលុយម្តាយមិនបានតាមបំណង ទើបនៅថ្ងៃកើតហេតុ ជនដៃដល់បានយកកាំបិតអារកម្តាយបង្កើតខ្លួនឯង បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោធអាធ័មតែម្តង។

ក្រោយកើតហេតុភ្លាមៗ ជនដៃដល់ក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ចំណែកកសពស្ត្រីរងគ្រោះជាម្តាយ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះពិនិត្យនិងធ្វើកំណត់ហេតុ ប្រគល់ឱ្យសាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណី៕