យោងតាមប្រភពជិតស្និទ្ធនឹងក្លឹបបានប្រាប់ ទីភ្នាក់ងារសារព័ត៌មានAFP កាលពីថ្ងៃអង្គារថាកីឡាករ Lionel Messi គឺទំនងជាចាកចេញពី ក្លឹបជើងឯកបារាំងParis SG នៅចុងបញ្ចប់នៃរដូវកាលនេះជាជាងចុះ ហត្ថលេខាបន្តកិច្ច ព្រមព្រៀងថ្មីមួយ។
ប្រភពដដែលបានបន្តទៀតថា សក្ដានុពលបានផ្លាស់ប្តូរទាំងស្រុងជាមួយនឹងក្លឹប Paris SG ដែលមិនសូវជំរុញឱ្យ មានការបន្តកិច្ចសន្យាថ្មី ហើយការចាកចេញគឺទំនងមានច្រើនជាង។កីឡាករMessiត្រូវបានប្រព័ន្ធផ្សព្វផ្សាយជា ច្រើនចុះផ្សាយថាទំនងជាវិលត្រឡប់ទៅទ្រនំចាស់Barcelona វិញ។
Messi ដែលនឹងមានអាយុ ៣៦ ឆ្នាំក្នុងខែមិថុនា បានចូលរួមនៅឆ្នាំ ២០២១លើកិច្ចសន្យារយៈពេល ២ឆ្នាំដែលនឹង ផុតកំណត់នៅចុងបញ្ចប់នៃយុទ្ធនាការនេះ។
កាលពីថ្ងៃអាទិត្យឈ្មោះរបស់កីឡាករអាហ្សង់ទីនត្រូវបានអ្នកគាំទ្រ PSG មួយចំនួនសើចចំអក ខណៈដែលក្រុមប្រកួតចាញ់ Lyon ក្នុងផ្ទះ១-០។
អ្នកគាំទ្រក្លឹបដែលគ្រប់គ្រងដោយប្រទេសកាតាមិនសប្បាយចិត្តចំពោះភាពច្របូកច្របល់ជុំវិញក្រុមចាប់តាំងពីពួកគេត្រូវបានទម្លាក់ចេញពីក្របខ័ណ្ឌឆេមពានលីកក្នុងវគ្គ ១៦ ក្រុមចុងក្រោយដោយថ្វីជើងក្រុម Bayern កាលពីខែមុន៕