Monday, March 17, 2025
Homeព័ត៌មានអន្តរជាតិកូនស្រីថាក់ស៊ីន៖កូនក្នុងផ្ទៃមិនមែនជាឧបសគ្គក្នុងការរកសំឡេងឆ្នោតទម្លាក់ប្រាយុទ្ធ ចេញពីអំណាច

កូនស្រីថាក់ស៊ីន៖កូនក្នុងផ្ទៃមិនមែនជាឧបសគ្គក្នុងការរកសំឡេងឆ្នោតទម្លាក់ប្រាយុទ្ធ ចេញពីអំណាច

គណបក្សភឿថៃដែលជាគណបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសថៃ បានបញ្ជាក់កាលពីថ្ងៃពុធ ទី៥ ខែមេសា ថាជាកូនស្រីរបស់មហាសេដ្ឋី អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រានិងជាក្មួយស្រី​របស់លោកស្រីយីង​ឡាក់គឺ ជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតនាពេលខាងមុខ។

នៅក្នុងរដ្ឋធម្មនុញ្ញថៃគណបក្សនយោបាយមានសិទ្ធិតែងតាំងមនុស្ស៣រូបជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតសភានៅថ្ងៃទី១៤ ខែឧសភាខាងមុខ។គណបក្សភឿថៃ បានតែងតាំងបេក្ខភាពនាយករដ្ឋមន្រ្តីចំនួន២​រូប​រួចហើយ ។

លោកស្រីPaetongtarn Shinawatra អាយុ ៣៦ ឆ្នាំដែលមានរបៀបរស់នៅបែបសាមញ្ញ និងមានអ្នក Follow Instagram កន្លះលាននាក់ ឈរផ្ទុយស្រឡះពីគូប្រជែងបង្កើតរបស់នាង គឺនាយករដ្ឋមន្ត្រីបច្ចុប្បន្ន Prayut Chan-o-cha និងឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan ។

លោកស្រីPaetongtarn ដែលបានធ្វើយុទ្ធនាការយ៉ាងស្វាហាប់បើទោះបីមានផ្ទៃពោះ​ប្រាំបីខែទៅហើយក្តីបាននិ​យាយ​ថាខ្ញុំរីករាយនឹងការប្រកួតប្រជែងនេះ។

លោកស្រីបានប្រាប់អ្នកយកព័ត៌មានថា៖ «វានឹងក្លាយជាបញ្ហាប្រឈមមួយ ប៉ុន្តែយើងនឹងទៅតែទំនាក់ទំនងតាម​ដែលអាចធ្វើទៅបាន»។

វត្តមានឥតឈប់ឈរនៅលើដងផ្លូវនៃយុទ្ធនាការ លោកស្រីបានប្រាប់ហ្វូងមនុស្សថាការមានផ្ទៃពោះរបស់​ខ្ញុំនឹង​មិនរារាំងខ្ញុំពីការប្រមូលផ្តុំជួបអ្នកគាំទ្រដើម្បីបណ្តេញលោក ប្រាយុទ្ធ ចេញពីតំណែងនោះទេ។

លោកស្រីបន្តថា ភឿថៃមិនអាចឈ្នះតែម្នាក់ឯងបានទេ ប្រទេស និងប្រជាជនថៃត្រូវតែឈ្នះជាមួយគ្នា។ ដូច្នេះ​ប្រជាជនគួរតែបោះឆ្នោតសម្រាប់អនាគតរបស់ពួកគេជាមួយភឿថៃ។

គួររំឭកថាលោកស្រីPaethongtarn Shinawatra កើតនៅទីក្រុងបាងកក។ លោកស្រីបានទៅរៀននៅសាលា Saint Joseph Convent សម្រាប់អនុវិទ្យាល័យ និងសាលា MaterDei សម្រាប់វិទ្យាល័យ។គាត់បានបញ្ចប់ថ្នាក់​បរិញ្ញា​បត្រ​ផ្នែកវិទ្យាសាស្ត្រនយោបាយ សង្គមវិទ្យា និងនរវិទ្យាពីមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ សាកលវិទ្យា​ល័យ ជូឡាឡុងកនក្នុងឆ្នាំ ២០២៨ហើយបានបន្តការសិក្សានៅប្រទេសអង់គ្លេស ដោយទទួលបាន​សញ្ញាប័ត្រ​MSC ផ្នែកគ្រប់គ្រងសណ្ឋាគារអន្តរជាតិពីសាកលវិទ្យាល័យ Surrey ។

លោកស្រីគឺជាម្ចាស់ភាគហ៊ុនលេខ១ របស់ SC Asset Corporation និងជានាយកនៃមូលនិធិ Thaicom ។ លោក​ស្រី​បានរៀបការជាមួយ លោកPitaka Suksawat ជាមួយនឹងចំណងដៃកូនស្រីម្នាក់និងម្នាក់ទៀត៨ខែក្នុងផ្ទៃ។

ដោយឡែកជីវិតនយោបាយវិញនៅឯកិច្ចប្រជុំនៃគណបក្សភឿថៃ កាលពីថ្ងៃទី ២០ខែមីនា ឆ្នាំ ២០២២លោកស្រី ត្រូវបានជ្រើសរើសជា ប្រធានគ្រួសារភឿថៃ។ នៅក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់គណបក្សភឿថៃ​ក្នុងខែ​មេ​សា​ឆ្នាំ២០២២លោកស្រីបាននិយាយថាលោកស្រីចង់ឃើញការផ្លាស់ប្តូររបបនៅក្នុងប្រទេសថៃ ហើយចង់ទទួល​បាន​បទពិសោធន៍បន្ថែមទៀតមុនពេលឈរឈ្មោះជានាយករដ្ឋមន្ត្រីរបស់ប្រទេស៕     

RELATED ARTICLES