កាលពីថ្ងៃទី03 ខែមេសា ឆ្នាំ 2023 ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ទៅទស្សនកិច្ចនៅរោងចក្រសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារស្តង់ដារ របស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដែលមានទីតាំងនៅភូមិឈើទាល ឃុំជំពូវ័ន ស្រុកជុំគិរី ខេត្តកំពត។

ក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់



ដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យព្រឹទ្ធសភា, ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការសាធារណការដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់, ឯកឧត្តម-លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប ដោយមានការទទួល បដិសណ្ឋារកិច្ចពីគណៈគ្រប់គ្រងក្រុមហ៊ុនស៊ីភី ខេមបូឌា ចំកាត់ ដឹកនាំដោយលោក Wittaya Kreangkriwit ប្រធានក្រុមប្រឹក្សាភិបាល លោក Paitoon Wongkatawethin ក្រុមប្រឹក្សាភិបាលរងនៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនស៊ីភីជាច្រើនរូប។



ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាសន្ទនាជាមួយ ឯកឧត្តម ម៉ម ប៊ុននាង ឯកឧត្តម គង់ សារាជ និងតំណាងក្រុមហ៊ុនស៊ី.ភី. អំពីតួនាទីរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការតាមដានជាប្រចាំនូវថ្លៃទំនិញសាច់ជ្រូកលក់នៅលើទីផ្សារ និងរៀបចំរបាយការណ៍ស្តីពីសន្តិសុខស្បៀងត្រៀមបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងសភាពការណ៍ថ្លៃទំនិញសំខាន់ៗដទៃចាំបាច់ប្រចាំជីវភាពដែលបានប្រមូលពីទីផ្សាររាជធានី-ខេត្ត។


ក្នុងកិច្ចសន្ទនានេះ អង្គប្រជុំបានពិភាក្សាពីសក្តានុពលនៃការវិនិយោគលើប្រតិបត្តិការផលិតកម្ម និងអាជីកម្មជ្រូករបស់ក្រុមហ៊ុនស៊ី.ភី ក្នុងការធ្វើឱ្យមានតុល្យភាពនៃសេចក្តីត្រូវការនៃផលិតផលសាច់ជ្រូកក្នុងស្រុកជាមួយផលិតកម្មក្នុងស្រុក ព្រមទាំងពង្រឹងសុវត្ថិភាពចំណីអាហារ និងប្រមូលទិញកសិផលមួយចំនួនសម្រាប់ធ្វើជាចំណីសត្វ ដូចជា ពោតក្រហម ដំឡូងមី កន្ទក់ កញ្ចុងអង្ករ និងស្រូវ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានណែនាំដល់ក្រុមហ៊ុន នូវអនុសាសន៍សំខាន់ៗមួយចំនួន រួមមាន៖
(១). ពង្រីកវិសាលភាពនៃគម្រោងលើកកម្ពស់ការចិញ្ចឹមជ្រូក ដើម្បីសន្តិសុខស្បៀងក្នុងប្រទេស
(២).បន្តចូលរួមយ៉ាងសកម្មជាមួយក្រសួងពាណិជ្ជកម្មនិងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទក្នុងការ ប្រមូលទិញវត្ថុធាតុដើមរបស់កសិករក្នុងស្រុក សម្រាប់ផលិតជាចំណីសត្វដូចជា ពោតក្រហម ដំឡូងមី កន្ទក់ កញ្ចុងអង្ករ និងស្រូវ
(៣).លើកកម្ពស់គុណភាពចំណីសត្វ ការចិញ្ចឹមសត្វ រួមទាំងកន្លែងសត្តឃាតជ្រូក និងមាន់ ដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ ស្របតាមគោលការណ៍សុវត្ថិភាពចំណីអាហារសម្រាប់អ្នកប្រើប្រាស់ និងប្រជាជន ព្រមទាំងពង្រីកឱកាសក្នុងការចូលទៅកាន់ទីផ្សារក្នុងនិងក្រៅប្រទេស ឱ្យបានកាន់តែទូលំទូលាយ និងមានចីរភាព
(៤).បង្កើនសហប្រតិបត្តិការឱ្យបានពេញលេញជាមួយមន្ទីរពាណិជ្ជកម្មនៅតាមខេត្តគោលដៅ ដើម្បីរៀបចំផែនការប្រមូលទិញវត្ថុធាតុដើម សម្រាប់ចំណីសត្វ ព្រមទាំងតាមដាន និងទប់ស្កាត់ការធ្លាក់ថ្លៃតម្លៃនៃផលិតផលកសិកម្មនានា៕

លោក Wittaya Kreangkriwit ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានមានប្រសាសន៍ថាក្រុមហ៊ុនស៊ី.ភី រីករាយក្នុងការសហការ ជាមួយនិងរដ្ឋាភិបាលក្នុងការជំរុញស្តង់ដារការផលិតចំណីអាហារគុណភាព និងធ្វើអោយមានបរិមាណគ្រប់គ្រាន់សំរាប់បំពេញតម្រូវការទីផ្សារ ព្រមទាំងទាំងលើកកម្ពស់កសិករ ផ្តល់ពត៌មាន និងចំណេះដឹងបន្ថែមអំពីផលិតផលចំណីអាហារអនាម័យដ៏ត្រឹមត្រូវជូនប្រជាជនកម្ពុជា។

លោក Wittaya Kreangkriwit ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានបន្ថែមទៀតថា រោងចក្រសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារស្តង់ដារនេះជារោងចក្រដំបូងគេក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនបានជ្រើសរើសយកសត្វជ្រូកមកពីកសិដ្ធាន ចិញ្ចឹមមានស្តង់ដាត្រឹមត្រូវ មានការដំណើរការបំលែងសាច់ជ្រូកដោយបច្ចេកវិជ្ជាទំនើប និងមានការត្រួតពិនិត្យគុណភាពសាច់តាំងពីកសិដ្ឋានរហូតដល់ដៃអតិថិជន ដើម្បីអោយប្រជាជនកម្ពុជាទទួលទាននៅសាច់ជ្រូកដែល មានគុណភាព ស្រស់ អនាម័យ មានសុវត្ថិភាពហើយថែមទាំងក្នុងតម្លៃសមរម្យ។

លើសពីនេះទៅទៀត រដ្ឋមន្រ្តីព្រមទាំងគណៈប្រតិភូបានអញ្ជើញទស្សនាការតាំងពិព័រណ៌ ព្រមទាំងស្តាប់ការពន្យល់ពីទិដ្ឋភាពរួមនៃអាជីវកម្មរបស់ក្រុមហ៊ុនស៊ីភី ដោយចាប់ផ្តើមទស្សនាពី អាជីវកម្មចំណីសត្វ អាជីវកម្មចិញ្ចឹមសត្វ អាជីវកម្មកែច្នៃចំណីអាហារ និងអាជីវកម្មបហ្វ្រែនឆាយផងដែរ។

ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ(Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ(Food ) និងការចែកចាយផលិតផលទាំងការបោះដុំនិងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន ហើយយើងមានទស្សនវិស័យក្នុងការធ្វើអាជីវ កម្មដែលហៅថា “គោលការណ៌ប្រយោជន៍ទាំង៣ប្រការដើម្បីឆ្ពោះទៅកាន់និរន្តរភាព” ដោយចាត់ទុកផលប្រយោជន៍ដល់ប្រទេសជាតិ ជាអាទិភាពទីមួយ ផលប្រយោជន៍ប្រជាជន ជាអាទិភាពទីពីរ និងផលប្រយោជន៍ដល់ក្រុមហ៊ុន ជាអាទិភាពចុងក្រោយ។ ជាចុងក្រោយក្រុមហ៊ុនស៊ី.ភី និងបន្តបង្កើនសហប្រតិបត្តិការជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធ ដើម្បីជាផ្នែកមួយនៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាក្នុងការផលិតស្បៀងអាហារប្រកបដោយនិរន្តរភាព”គិតដល់សាច់ជ្រូកអនាម័យ នឹកដល់ស៊ីភី” ។


