Sunday, March 16, 2025
Homeសន្ដិសុខសង្គមរន្ទះបាញ់ ងាប់គោ៨ក្បាល

រន្ទះបាញ់ ងាប់គោ៨ក្បាល

កំពង់ឆ្នាំង ៖ សត្វគោ ចំនួន៨ក្បាល ត្រូវបានរន្ទះបាញ់ងាប់រណូករណែលកណ្តាលវាលស្រែ ក្រោយពីមាន ភ្លៀងធ្លាក់មួយមេធំ កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅចំណុចវាលស្រែមួយកន្លែងស្ថិតក្នុងភូមិ ត្រពាំងពោធិ៍ ឃុំខុនរ៉ង ស្រុកបរិបូណ៌។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលខុនរ៉ង បានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ថា នៅមុនពេល កើតហេតុ នៅក្នុងមូលដ្ឋានខាងលើ មានភ្លៀង ១មេធំ បានធ្លាក់មក ដោយលាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គរន្ទះផង រួចក៏កើតមានបាតុភូតធម្មជាតិ រន្ទះបាញ់ បណ្តាលឱ្យគោ៨ក្បាល ងាប់រដូករណែលកណ្តាលវាលស្រែ បង្កឱ្យ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតែម្តង។

ប្រភពដដែលបន្តថា ម្ចាស់គោទី១-មានឈ្មោះអ៊ុក គឹម ត្រូវបានរន្ទះបាញ់បណ្តាលឱ្យងាប់សត្វគោ៣ក្បាល ចំណែកម្ចាស់ទី២-មានឈ្មោះ នួន សាវុធ ត្រូវបានរន្ទះបាញ់បណ្តាលឱ្យសត្វគោងាប់អស់៥ក្បាល។

ករណីរន្ទះបាញ់ បណ្តាលឱ្យសត្វគោ ៨ក្បាលងាប់ ខាងលើនេះ គ្រាដែលមានភ្លៀងមួយមេធំលាយ ឡំផ្គររន្ទះ ខ្យល់កន្ត្រាក់ ហើយសត្វគោខាងលើនោះ ត្រូវបានម្ចាស់ចងចោលនៅវាលស្រែខាងក្រោយផ្ទះ។ តែយ៉ាងណា ហេតុការណ៍នេះ មិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ៕

RELATED ARTICLES