Sunday, November 24, 2024
Homeនយោបាយប្អូនធម៌ ជាប់ចោទប្រមាថព្រះមហាក្សត្រ មាជ សុវណ្ណា រ៉ា ជួយរកបានមេធាវីការពារក្តី

ប្អូនធម៌ ជាប់ចោទប្រមាថព្រះមហាក្សត្រ មាជ សុវណ្ណា រ៉ា ជួយរកបានមេធាវីការពារក្តី

ភ្នំពេញ ៖ លោកមាជ សុវណ្ណារ៉ា អតីតថ្នាក់ដឹកនាំ នៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានប្រ កាសថា ពេលនេះលោករកបានមេធាវី សម្រាប់ការពារក្ដីប្អូនធម៌របស់លោក (ហ៊ុន កុសល)  អតីតយុវជននៃ អតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារព្រៃស ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងញុះ ញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។  

លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ថា លោកពិតជារកបានមេធាវី សម្រាប់ជួយការពារក្តីប្អូនធម៌របស់លោក (ហ៊ុន កុសល) ប្រាកដមែន គឺលោកមេធាវី សឺន ជុំជួន ហើយលោក ហ៊ុន កុសល ក៏ព្រមទទួលយកមេធាវីរូបនេះ ដើម្បីការពារក្តី តស៊ូតាមផ្លូវច្បាប់ផងដែរ បើទោះបីគ្មានក្តីសង្ឃឹម ពីព្រោះតែឥទ្ធិពលនយោបាយគ្របដណ្តប់យ៉ាងណាក៏ដោយ ។

          លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “បាទ! មេធាវីបានទៅជួបតុលាការ តាមការកោះហៅ ដើម្បី ជជែកពីនីតិវីធីយ៉ាងណា ដើម្បីឈានទៅរកថ្ងៃសវនាការ មិនថានៅចុងខែមេសា ឬក៏ដើមខែឧសភា ខាងមុខទេ ហើយមេធាវីនេះ ដោយសារតែកន្លងមក យើងបានរកមេធាវីអង្គការ និងសង្គមស៊ីវិល តែបានប្រាប់ថា មិនមែន ជាការច្រានចោល មិនមែនជាការរួញរាអីទេ គ្រាន់តែថា មេធាវីរបស់គេ ជាប់រវល់ក្នុងការការពារជម្លោះដីធ្លី ឬ បញ្ហាផ្សេងៗ ដូចជា លីកាដូ ក៏យើងបានពឹងពាក់ ក៏ដូចជាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អីហ្នឹង គឺថាគេបាន ប្រាប់ថា មិនមានមេធាវីណាទំនេរ“ ។

 លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយបានជាខ្ញុំរកមេធាវី សឺន ជុំជួន លោកជា មេធាវី អាជីព តែអ្វីដែលលោកជួយការពារក្ដីដល់លោកហ៊ុន កុសល ក្នុងករណីបែបនយោបាយ បែបនៃសម្ពាធឥទ្ធិពល នយោបាយ ដែលចោទប្រកាន់ និងដែលបញ្ជាចាប់ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅលើលោកហ៊ុន កុសល ហ្នឹង គាត់ក៏មានសមានចិត្តបញ្ចុះនូវតម្លៃសេវាកម្មការពារក្ដី ដល់ទៅ ៥០% ហើយលោកមេធាវី ក៏បាន ទៅជួបលោកហ៊ុន កុសល ហើយលោកហ៊ុន កុសល ក៏ទទួលយកមេធាវីសឺន ជុំជួន តាមអ្វីដែលខ្ញុំស្វែង រកមេ ធាវីឲ្យការពារហ្នឹង គឺលោកកុសល បានឯកភាព កាលពីដើមសប្ដាហ៍កន្លងទៅនេះ ហើយកាលពីថ្ងៃទី០៧ ខែ មេសា លោកមេធាវី ក៏បានទៅតុលាការ ដើម្បីចូលជួបជជែកតាមនីតិវិធីនៃការប្ដឹងផ្ដល់ទៅរកថ្ងៃសវនាការ“ ។

 លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “ហើយថវិកាដែលយើងជួយយកទៅពឹងពាក់មេធាវី ក្នុងសេវាកម្មការពារក្ដី គឺថាយើងបានពីសប្បុរសជន អ្នកណាដែលគេស្រលាញ់អ្នកស្នេហាជាតិ ដែលគេចូលចិត្ត ឬក៏លើកទឹកចិត្តលោកហ៊ុន កុសល គឺថាគេជួយទៅតាមលទ្ធភាព ដើម្បីបង់សេវាកម្មឲ្យមេធាវីការពារក្ដី“ ។

 គួរបញ្ជាក់ថា លោក ហ៊ុន កុសល អតីតយុវជន នៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចបានចាប់ខ្លួន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្រោយពេលលោកបង្ហោះសារលើគណនីបណ្ដាញសង្គម ហ្វេសប៊ុក ពាក់ ព័ន្ធនឹងព្រះមហាក្សត្រព្រះរាជប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ។ លោកហ៊ុន កុសល ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ» តាមក្រម ព្រហ្មទណ្ឌ មាត្រា ៤៣៧ (ស្ទួន) និងបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមក្រម ព្រហ្មទណ្ឌ មាត្រា ៤៩៤ ៤៩៥។ 

ដើមហេតុដែលនាំឲ្យមានការចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួននេះ គឺបន្ទាប់ពីលោកហ៊ុន កុសល បានសរសេរ ក្នុងគណនីហ្វេសប៊ុក របស់លោក នៅពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣  ថា “ឃើញពួកគេធ្វើបាបព្រះទ័យ និងបន្ទាប ព្រះចេស្ដាព្រះមហាក្សត្រខ្មែរ គ្រប់ច្រកបែបនេះ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយ ប្ដេជ្ញានឹងប្រើ សមត្ថ ភាពដែលមានទាំងប៉ុន្មាន ចូលរួមពូនផ្ដុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្ក ដែលប្រជារាស្ត្រខ្មែរ មិនអាចខ្វះបាន»។

 ទន្ទឹមនឹងការចាប់ខ្លួនលោកហ៊ុន កុសល សហការីរបស់លោកម្នាក់ទៀត គឺលោកយឹម ស៊ីណន ក៏ត្រូវបានចាប់ ខ្លួន និងត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារ ក្នុងថ្ងៃតែមួយ ក្រោមបទចោទប្រកាន់ដូចគ្នា បន្ទាប់ពី លោកយឹម ស៊ីណន បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ថា «បើតាម សំឡេងពលរដ្ឋតាមហាងកាហ្វេ ៖ ថ្ងៃនេះយើងអាចឃើញច្បាស់ថា នរណាជាស្តេចផែនដីពិតប្រាកដ»។ 

ប៉ុន្តែលោកយឹម ស៊ីណន ក្រោយជាប់ឃុំបាន ៦ថ្ងៃ ត្រូវបានសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណា ចក្រកម្ពុជា ជួយអន្តរាគមន៍តាមផ្លូវច្បាប់ ទើបតុលាការបានចេញដីកាបង្គាប់ឲ្យដោះលែងនៅក្រៅឃុំវិញបន្ទាប់ ពីលោកយឹម ស៊ីណន បានធ្វើលិខិតទូលថ្វាយសុំព្រះរាជទានទោសពីព្រះមហាក្សត្រ និងសុំទោសសម្ដេចនាយ ករដ្ឋមន្រី្ត ហ៊ុន សែន ចេញពីពន្ធនាគារព្រៃស (ម១) ជាពិសេសគឺបន្ទាប់ពីអ្នកស្រី សុផាត មករា ភរិយាលោកយឹម ស៊ីណន ព្យាយាមអង្វរសម្ដេចហ៊ុន សែន ម្តងជាពីរដង សុំលើកលែងទោសដល់ស្វាមីអ្នកស្រី ។

ដោយឡែកលោកហ៊ុន កុសល បានបន្តជាប់ឃុំមកដល់ពេលនេះ ជិត២០ថ្ងៃហើយ មិនទាន់ទទួលបាន ការសន្ដោ សប្រណីពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចលោកយឹម ស៊ីណន នៅឡើយ ។  ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានមជ្ឈ ដ្ឋានតាមដានមួយចំនួន បានលើកឡើងថា បើចង់ទទួលបានលើលលែងទោស និងការដោះលែង នៅក្រៅឃុំ លោកហ៊ុន កុសល ទាល់តែធ្វើលិខិតទូលថ្វាយសុំព្រះឬាជទានទោសពីព្រះមហាក្សត្រ និងសុំទោស សម្ដេចហ៊ុន សែន ដូចលោកយឹម ស៊ីណន ។

 ទោះយ៉ាងណា ជុំវិញបញ្ហានេះ លោកមាជ សុវណ្ណារ៉ា បញ្ជាក់ថា លោកហ៊ុន កុសល ប្រហែលជានឹងមិនធ្វើ លិខិតសុំទោស ដូចដែលលោកយឹម ស៊ីណន បានធ្វើនោះទេ ព្រោះលោកហ៊ុន កុសល បានបញ្ជាក់ប្រាប់ មេធាវីរបស់លោកហើយថា លោកនៅរក្សាជំហរថា លោកមិនបានធ្វើអ្វីខុស ឬមានចេតនាប្រមាថ មហាក្សត្រ នោះទេ។

 លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្ថែមថា “ករណីលោកហ៊ុន កុសល លោកបានប្រាប់មេធាវី យោង តាមមេធាវីបញ្ជាក់ប្រាប់ខ្ញុំ គឺថាលោកនៅតែរឹងមាំ លោកមិនតក់ស្លុត ហើយលោកក៏ទៅធ្វើលិខិត ឬក៏បង្ហាញមុខ សុំទោសដូចលោកយឹម ស៊ីណន ដែរ ដោយសារលោកហ៊ុន កុសល គឺថាលោកមិនមានអ្វីដែលលោកធ្វើខុសទេ គឺលោកចង់បង្ហាញពីការការពាររាជបល្ល័ង្ក និងព្រះមហាក្សត្រ ។ អ៊ីចឹងហើយ មកដល់ពេលនេះ លោកត្រូវតែ តតាំងទៅតាមច្បាប់ ប្រព័ន្ធតុលាការ តាមនីតិវិធី បើទោះវាជាសម្ពាធឥទ្ធិពលនយោបាយ ហើយមានការ ប្រតិ កម្មខឹងសម្បាពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងបញ្ជាឲ្យមានការចាប់រូបលោកក៏ដោយ ប៉ុន្តែលោកនឹងនៅត តាំងចំពោះមុខច្បាប់ បើទោះបីមិនឈ្នះ មិនមានក្ដីសង្ឃឹម តែលោកបង្ហាញឲ្យអស់សមត្ថភាព ក្នុងការតតាំង ក្ដីចំពោះរូបលោកក្ដី ក៏ដូចជាមេធាវីអីជាដើម“ ៕  កុលបុត្រ

RELATED ARTICLES