យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) ចេញផ្សាយកាលពីថ្ងៃអង្គារទី១១ ខែមេសាឆ្នាំ ២០២៣ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រាប់ឱ្យកងទ័ពរបស់ខ្លួនពង្រឹងសមត្ថភាពដើម្បីរារាំងសង្គ្រាម និងត្រៀមប្រយុទ្ធឱ្យខ្លាំងជាងមុន ដើម្បីប្រឆាំងនឹងអ្វីដែលកូរ៉េខាងជើងមើលឃើញជាចលនាឈ្លានពានពីអាមេរិក និងកូរ៉េខាងត្បូង។

លោកគីមជុងអ៊ុនបានធ្វើអត្ថាធិប្បាយនៅក្នុងកិច្ចប្រជុំធំមួយរបស់គណៈកម្មការយោធាមជ្ឈិមដែលបានធ្វើឡើងកាលពីថ្ងៃចន្ទដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង រារាំងសង្គ្រាមទប់ទល់នឹងការកើនឡើងនៃចលនារបស់ចក្រពត្តិនិយមអាមេរិកនិងពួកក្បត់អាយ៉ងកូរ៉េខាងត្បូងដើម្បីបញ្ឆេះសង្រ្គាមឈ្លានពាន។ KCNA បានរាយការណ៍បន្ថែម។
លោកបានបញ្ជាឱ្យពង្រឹងបន្ថែមទៀតនូវការទប់ស្កាត់សង្រ្គាមរបស់ប្រទេសជាមួយនឹង ការបង្កើនល្បឿននិងនៅក្នុងលក្ខណៈ ជាក់ស្តែង និងវាយលុកបន្ថែមទៀត។

កូរ៉េខាងជើងបានបញ្ចេញប្រតិកម្មខ្លាំងចំពោះសមយុទ្ធយោធារួមគ្នារបស់អាម៉រិកនិងកូរ៉េខាងត្បូង។មេដឹកនាំកូរ៉េខាងជើងបាននិយាយថាសមយុទ្ធយោធានេះមានគោលបំណងហ្វឹកហាត់សម្រាប់សង្រ្គាមនិងបង្ខំឱ្យទីក្រុងព្យុងយ៉ាងឆ្លើយតបជាក់ស្តែងដោយ ជម្រើសយោធា។
កងកម្លាំងកូរ៉េខាងត្បូងនិងអាមេរិកបានធ្វើសមយុទ្ធប្រចាំឆ្នាំចាប់តាំងពីខែមីនាមកដោយបូករួមទាំងការធ្វើសមយុទ្ធផ្លូវអាកាស និងសមុទ្រដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះអាម៉េរិក និងយន្តហោះទម្លាក់គ្រាប់បែក B-1B និង B-52 និងសមយុទ្ធចុះចតលើផ្ទៃទឹកខ្នាតធំជាលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំមកនេះ។

ចំណែកកូរ៉េខាងជើងវិញក៏បានអនុវត្តសកម្មភាពយោធាផ្សេងៗ ដូចជាការបង្ហាញពីក្បាលគ្រាប់នុយក្លេអ៊ែរថ្មី ដែលមានទំហំតូចជាងមុនសាកល្បងយន្តហោះដ្រូនបើកវាយប្រហារក្រោមទឹកដែលមានសមត្ថភាពនុយក្លេអ៊ែរ និងការបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីបដែលមានសមត្ថភាពវាយប្រហារដល់ទឹកដីអាម៉េរិកជាដើម៕