Sunday, March 16, 2025
Homeតារាខ្មែរព្រាប សុវត្ថិ ៖ច្រៀងឲ្យហង្សមាស២៣ឆ្នាំ មិនអាចឲ្យ​កូន​​ស្នង​តំណែងនៅផលិត​កម្ម​ចាស់បាន

ព្រាប សុវត្ថិ ៖ច្រៀងឲ្យហង្សមាស២៣ឆ្នាំ មិនអាចឲ្យ​កូន​​ស្នង​តំណែងនៅផលិត​កម្ម​ចាស់បាន

ភ្នំពេញ៖ព្រាប​ សុវត្ថិ បានជ្រកនៅហង្សមាសអស់រយៈពេល២៣ឆ្នាំ(១៩៩៧-២០២០) ហើយ​កាល​ពីឆ្នាំ​២០១៧ លោក​ធ្លាប់បានត្រួសត្រាយផ្លូវឲ្យកូនទាំង៣ស្នងតំណែង​លោកនៅផលិត​កម្ម​ធំនេះ ហើយក្នុងនោះអ្នកជំនាញ​សិល្បៈ​បាន​​មើលឃើញថាកូនទី២របស់លោកសុវត្ថិ ឈ្មោះ​​សុវត្ថិ មុនីនាគ មានភាគរយខ្ពស់ក្នុងការទៅជំនួសឪពុករបស់​គេនាពេលអនាគត ខណៈ​ដែលកូនទី១សុវត្ថិ មុនីវណ្ណ និងកូនទី៣ សុវត្ថិ សិរីវុឌ្ឍ មានស្ទីលនៃការច្រៀងសម្ដែង​ម្យាង​ៗ​ម្នាក់។ប៉ុន្ដែចាប់តាំងពីលោកព្រាប សុវត្ថិ បានដើរចេញពីហង្សមាសកាលពីខែសីហា ឆ្នាំ​២០២០ ដោយ​ទៅ​ចូលរួមជាមួយGalaxy  នោះកូនៗរបស់លោកបានចាកចេញពីផលិត​កម្ម​ធំ​នោះជាបន្ដបន្ទាប់ហើយនៅឆ្នាំ២០២៣ នេះគេអាចមើលឃើញថាមិនទាន់មានកូនម្នាក់​ណា​របស់​​លោកសុវត្ថិ អាចជំនួសតំណែង​របស់ឪពុកគេ​បាននៅ​ហង្សមាសឡើយ ខណៈដែលកូន​ប្រុស​ច្បងលោកក្លាយជាតារាGalaxy ,កូនទី២ មិនទាន់ចូលផលិតកម្មថ្មី និងកូន​ទី៣ធ្វើបទ​ចម្រៀង​​ច្រៀង​ដោយខ្លួនឯង។នៅដើមឆ្នាំ២០២៣ នេះដែរលោកព្រាប សុវត្ថិ បានចេញ​ច្រៀង​សម្ដែង​ជាមួយ​កូន​ទី១​របស់លោកឡើងវិញដែលមើលទៅឪពុកកូនដូចជាបងប្អូន ព្រោះ​លោក​សុវត្ថិ នៅតែ​មាន​សម្រស់​ក្មេងជាងវ័យទោះជាឆ្នាំនេះឈានចូលអាយុ៤៨ឆ្នាំ​ទៅហើយក្ដី។

ប៉ុន្ដែ​ព្រាប សុវត្ថិ បានផ្អឹបកូនទី១ និងទី៣ មិនទាន់ឲ្យពួកគេចេញច្រៀងសម្ដែងឡើងវិញ ឬចាប់ដៃ​ជា​មួយលោក​ម្ដងទៀតឡើយ។ដោយឡែកក្នុងជំនួបជាមួយអ្នកសារព័តមាន​កន្លង​មកលោក​សុវត្ថិ ថាកូនៗ​របស់លោកមិន​អាច​បោះបង់អាជីពចម្រៀងបានទេ ព្រោះពួកគេសុទ្ធតែ​មាន​ទេព​កោសល្យ ហើយអ្វីៗបានត្រៀមរួចអស់ហើយ ពោល​គឺរងចាំតែពេលវេលាត្រូវចេញប៉ុ​ណ្ណោះ។ប្រភពបានឲ្យ​ដឹង​ថា​លោកសុវត្ថិ ហាក់ស្ទាក់ស្ទើចិត្តក្នុងការយក​កូន២​នាក់​​​ទៀតមករួម​ទ្រនុំ ប៉ុន្ដែបើលោកចង់​ឲ្យទី២និង៣ មកច្រៀងនៅផលិតកម្មជាមួយលោក​នោះពេលណា​ក៍​បាន​ដែរ ព្រោះថៅកែ​ផលិ​ត​​​​​កម្ម​នេះបានសម្របខ្លួនតាមលោកគ្រប់ពេលវេលាតែម្ដង។​ដោយឡែកហង្សមាសដែល​មាន​តារាឡើងគជើងគ្នានោះតាំងពីព្រាប សុវត្ថិ និងកូនៗលោក​ចាកចេញបន្ដគ្នាមកថៅកែធំ​លោក​ឧកញ៉ាអ៊ឹង ឆៃងួន រក្សារភាពស្ងៀមស្ងាត់ គ្មានប្រតិកម្មជា​សាធារណៈនោះទេ។

ទាក់ទងរឿងនេះដែរ​គ្រូ​ភ្លេង(Composer)ម្នាក់​នៅហង្សមាសបាននិយាយ​ក្នុងល័ក្ខខណ្ឌមិនបញ្ចេញ​ឈ្មោះថា​ពីមុន​ព្រាប សុវត្ថិ ហាក់ដូចជាតំ​ណាងឲ្យ​ហង្ស​មាស​ហើយ​ពេលលោក​ចាកចេញបញ្ជាក់ថាការគ្រប់​គ្រង​របស់ហង្ស​មាស​​មិនទាន់ល្អឥតខ្ចោះនោះទេ​។ប៉ុ​ន្ដែ​លោកថាហង្សមាសមិនបានដេញលោកសុវត្ថិ ចេញនោះទេគឺលោក​ចេញ​ខ្លួនឯង ហើយមុន​ទៅGalaxy នោះ​កាលពីឆ្នាំមុនក៍ធ្លាប់មាន​ព័ត​មាន​​​ថាព្រាប សុវត្ថិ ជិតចូលថោន ម្ដងដែរ​។លោ​ក​ថា​ទោះជាហង្សមាសអត់ព្រាប សុវត្ថិ និង​កូន​ៗលោកក៍ការប្រគុំតន្រ្ដីទាំងឡាយរបស់​ក្រុម​ហ៊ុន​នេះនៅតំណើរ​ការ​ធម្មតា ព្រោះក្នុង​កម្ម​វិធីប្រ​លងចម្រៀង​១រដូវកាល​ក្រៅពីគេ​ជ្រើស​បាន​តារាម្ចាស់ពានថ្មី១ គេក៍អាច​យកអ្នក​ចម្រៀ​ង​​​ដែល​មាន​សម្ថភាព​ល្អ៥នាក់ទៀតដែល​អត់បាន​ពានមកចូលបានដែរ។

មជ្ឈដ្ឋានមហាជនមើលឃើញថាជុំវិញការទៅជ្រកនៅGalaxy រយៈពេល៥ឆ្នាំ របស់​លោក​ព្រាប សុវត្ថិ នេះ ក្រៅពី​ស្វែង​រកបទពិសោធន៍ថ្មីនោះទិសដៅរបស់​លោកក៍ដើម្បី​វិវត្តន៍​ខ្លួនមួយ​ជំហ៊ានទៀតគឺការឡើងជាឧកញ៉ានេះ​តែ​ម្ដងដើម្បីលោកងាយស្រួលធ្វើជំនួញ ព្រោះ​វ័យ​របស់​លោកក៍ជ្រេបន្ដិចដែរ។តែលោកសុវត្ថិ ថាទោះជាលោកក្លាយ​ទៅជាអ្វីក៍ដោយ​គឺនៅ​តែ​​បន្ដអា​ជីព​ចម្រៀងនិងធ្វើជំនួញឲ្យស្មើគ្នាតែម្ដង ព្រោះលោកថាបើមិនរកស៊ីទេ​គឺអត់ទៅ​មុខ​រួចឡើយ។

ក្រៅពីព្រាប សុវត្ថិ តារាដែលកំពុងឲ្យកូនដើរតាមគន្លងនិងស្នងតំណែង​របស់ខ្លួន​នោះ​មានដូចជាលោកហួ ឡាវី,​ខាន់ ជេសម៍ ,អ្នកនាងម៉េង កែវពេជ្ជតា និងចន ច័ន្ទ ជាដើម។​សម្រាប់​​ឧកញ៉ាព្រាប សុវត្ថិ ដែលទើបនាំ​កូនទី១​ចូល​Galaxy នេះវិញលោកគាំទ្រកូនប្ដូរយុទ្ធ​សាស្រ្ដថ្មីមកច្រៀងរ៉េប បើទោះជានៅលើបណ្ដាញ​សង្គមមាន​ការជជែក​គ្នាច្រើនពី​សម្ថភាព​មុនីវណ្ណ ក្ដី តែគេឃើញថាលោកសុវត្ថិ ប្រឹងយឹតយោងកូនឲ្យលេចធ្លោជាង​នៅ​ផលិត​​កម្ម​ចាស់​នោះគឺការច្រៀងដៃគូជាមួយកូនទី១ គ្រប់ឆាកតន្រ្ដីឡើងវិញ ហើយFan យុវវ័យ​មួយ​ចំនួន​ពេញ​ចិត្តរូបរាងសង្ហារ​របស់សុវត្ថិ មុនីវណ្ណ ជាងទឹកដមសម្លេង ហេតុនេះហើយ​ទើបនៅ​ឆ្នាំ២០២៣ នេះគេនៅតែមិន​អាចវាយតម្លៃ​បាន​ដដែល​ថាតើក្នុងចំណោម​កូនប្រុសទាំង៣របស់​លោកព្រាប សុវត្ថិ នោះម្នាក់ណាដែលសាក​សមបំផុតអាចស្នង​តំណែងពេលលោក​ឧកញ៉ា​ព្រាប សុវត្ថិ បាននៅពេលដែលលោកឈប់ច្រៀង ៕

RELATED ARTICLES