អង្គការសហប្រជាជាតិបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ ចៀសវាងសកម្មភាពទាំងឡាយណាដែលបង្កើនភាពតានតឹង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងតៃវ៉ាន់។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់អ្នកយកព័ត៌មានថាយើងជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ជៀសវាងពីសកម្មភាពដែលអាចបង្កើនភាពតានតឹងនៅក្នុងតំបន់។
ប្រទេសចិនបានធ្វើសមយុទ្ធយោធា៣ថ្ងៃជាមួយនឹងយន្តហោះចម្បាំង និងនាវាចម្បាំងនៅជិតកោះតៃវ៉ាន់ បន្ទាប់ពីប្រធានសភាអាមេរិក ខេវីន ម៉ាក់ខាធីបានទទួលស្វាគមន៍ប្រធានាធិបតីតៃវ៉ាន់ លោកស្រីធីសៃ អ៊ីងវេន សម្រាប់កិច្ចប្រជុំនៅរដ្ឋកាលីហ្វ័រញ៉ាកាលពីសប្តាហ៍មុន។
ទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃចន្ទថា សមយុទ្ធយោធាចុងក្រោយរបស់ខ្លួនដែលឡោមព័ទ្ធតៃវ៉ាន់ គឺជា ការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះកងកម្លាំងបះបោរតៃវ៉ាន់ និងការឃុបឃិតរបស់ពួកគេជាមួយកងកម្លាំងខាងក្រៅ។
ការអំពាវនាវរបស់លោកបានកើតឡើងចំពេលដែលទីក្រុងប៉េកាំងធ្វើសមយុទ្ធបាញ់គ្រាប់ពិតជុំវិញកោះតៃវ៉ាន់។
ជាមួយគ្នានេះដែរកាលពីថ្ងៃចន្ទទី១០ខែមេសាសហភាពអឺរ៉ុបបានសម្តែងការព្រួយបារម្ភ ជុំវិញសមយុទ្ធយោធារបស់ចិនជុំវិញកោះតៃវ៉ាន់ ។អ្នកនាំពាក្យគណៈកម្មាធិការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសលោកស្រី Nabila Massrali បាននិយាយថា យើងមានការព្រួយបារម្ភដោយការបង្កើនសកម្មភាពយោធារបស់កងទ័ពរំដោះប្រជាជនចិននៅច្រកសមុទ្រតៃវ៉ាន់ និងជុំវិញកោះតៃវ៉ាន់ជាមួយនឹងការលុកលុយនៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ ។
លោកស្រីបានបញ្ជាក់ថាស្ថានភាពរបស់កោះនេះមិនគួរត្រូវបានផ្លាស់ប្តូរដោយកម្លាំងទេ.ការប្រើប្រាស់កម្លាំងនៅទីនោះ នឹងមានការប៉ះពាល់ជាសកល។ភាពតានតឹងគួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនាដ៏មានអត្ថន័យ និងបើកចំហ។ សហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួននឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណងរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕