ភ្នំពេញ ៖ ឆ្លើយតបទៅនឹងពួកប្រឆាំង ដែលរិះគន់រឿងតែងតាំងលោកហ៊ុន ម៉ាណែត កូនប្រុសសម្ដេចហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់អនាគត និងដាក់ជាបេក្ខភាពតំណាងរាស្រ្តពេញសិទ្ធិ លេខរៀងទី១ មណ្ឌុល រាជធានីភ្នំពេញ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ដែលមានរូបសញ្ញាទេវតាបាចផ្កា បានបញ្ជាក់ថា ទេវតាតែងតាំងកូនទេវតា មិនយកកូនប្រេតនរក មកតែងតាំងទេ ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៣ ថា ជាលក្ខណ៍ការណ៍ មិនមែនត្រឹមតែជាការតែងតាំងលោកហ៊ុន ម៉ាណែត កូនប្រុសសម្ដេចហ៊ុន សែន ជាបេក្ខភាពជានាយករដ្ឋមន្រ្តីទេ គឺនៅពេលដែលគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត រៀបចំរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាមានសិទ្ធិពេញទីក្នុងការតែងតាំងកូនចៅរបស់គណបក្សប្រជាជនកម្ពុជា អត់មានយកកូនចៅរបស់គណបក្សផ្សេង មកតែងតាំងទេ ហើយកូនទេវតា ដែលយកមកតែងតាំងនោះ ក៏ជាធនធានមនុស្សសម្បូរ មានទាំងលក្ខណសម្បតិ្តល្អ សមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការកាន់តួនាទីបម្រើជាតិ និងប្រជាជន ។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “អានេះវាជាលក្ខណ៍ការណ៍ ។ ការតែងតាំងបេក្ខភាពនាយករដ្ឋមន្រ្តី ជារឿងកិច្ចការផ្ទៃក្នុងរបស់គណបក្សនយោបាយនីមួយៗ មិនអាចមានអ្នកក្រៅមកទិតៀន ឬមួយក៏មានការកើតទុក្ខមិនសុខចិត្តដោយប្រការណាមួយ គឺអត់មានសិទ្ធិទេ ។ គណបក្សគេ គេតែងតាំងរបស់គណបក្សគេ គណបក្សយើង តែងតាំងរបស់គណបក្សយើង ជារឿងកិច្ចការផ្ទៃក្នុង ឲ្យតែអនុវត្តបានត្រឹមត្រូវទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនៅក្នុងបក្ស និងស្របទៅតាមលក្ខន្តិកៈរបស់បក្ស និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សនីមួយៗ តែត្រង់ថា គណបក្សគេ គេធ្វើយ៉ាងម៉េច មិនគោរពលក្ខន្តិកៈ ឬមួយមិនគោរពបទបញ្ជាផ្ទៃក្នុង អាហ្នឹងជារឿងរបស់គេដែរ យើងអត់មានសិទ្ធិអីទៅនិយាយទេ ទុកឲ្យប្រជាជន លោកមើលឃើញ តែប៉ុណ្ណឹងទេ ហើយចំពោះការតែងតាំងនេះ មិនមែនត្រឹមតែជាការតែងតាំងបេក្ខភាពសម្រាប់បោះឆ្នោតជានាយករដ្ឋមន្រ្តីទេ គឺថាពេលដែលគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោត ឈ្នះឆ្នោត រៀបចំរាជរដ្ឋាភិបាល អាហ្នឹងគឺគណបក្សប្រជាជន មានសិទ្ធិពេញទីក្នុងការតែងតាំងកូនចៅរបស់គណបក្សប្រជាជនកម្ពុជា អត់មានយកកូនចៅរបស់គណបក្សផ្សេង មកតែងតាំងទេ អ៊ីចឹងវាមានន័យអ៊ីចឹង ។ ដូច្នេះអាហ្នឹងជាលក្ខណ៍ការណ៍តែម្ដង គណបក្សណាឈ្នះឆ្នោត គេមានសិទ្ធិតែងតាំងមន្រ្តីរបស់គេ ត្រង់យកពីណាមក អាហ្នឹងជារឿងរបស់គេ យើងអត់ដឹងឮទេ អាហ្នឹងជារឿងកិច្ចការផ្ទៃក្នុងរបស់គណបក្សនីមួយៗ“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “អានេះត្រូវយល់ លក្ខណ៍ការណ៍បោះឆ្នោតសមាមាត្រនោះ ពេលណាគណបក្សណាជ្រើសតាំងបានជាបេក្ខភាពនាយករដ្ឋមន្រ្តីហើយ បេក្ខភាពនាយករដ្ឋមន្រ្តីនោះ ត្រូវតែចេញពីតំណាងរាស្រ្តជាប់ឆ្នោត ។ អ៊ីចឹងទេ បានជាឯកឧត្ដមហ៊ុន ម៉ាណែត គឺត្រូវបានគណបក្ស ដាក់ជាបេក្ខភាពបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅក្នុងនីតិកាលទី៧ នេះ អាហ្នឹងវាជាលក្ខណ៍ការណ៍តគ្នា បើសិនជាបេក្ខភាពនាយករដ្ឋមន្រ្តី អាហ្នឹងជារឿងផ្ទៃក្នុងរបស់គណបក្ស ហើយបើពេលណាគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោត ឯកឧត្ដមហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី គឺឯកឧត្ដមហ៊ុន ម៉ាណែត ត្រូវចេញពីតំណាងរាស្រ្តជាប់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ។ បើឯកឧត្ដម មិនមែនជាតំណាងរាស្រ្តជាប់ឆ្នោត នៅក្នុងគណបក្សប្រជាជនកម្ពុជា ទេ អាហ្នឹងមិនអាចទៅកាន់តួនាទីជានាយករដ្ឋមន្រ្តីបានទេ មិនដឹងចូលតាមច្រកណាទេ ។ អ៊ីចឹងគឺថាក្នុងរដ្ឋធម្មនុញ្ញ ដែលមានចែង គឺថាពេលណាដែលគណបក្សប្រជាជនជាប់ឆ្នោត គឺព្រះករុណា ព្រះមហាក្សត្រ ទ្រង់ចាត់តាំងឥស្សរជនមួយរូបដែលចេញពីគណបក្សឈ្នះឆ្នោតហ្នឹង ឲ្យរៀបចំសមាសភាពគណៈរដ្ឋមន្រ្តី ដើម្បីយកទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភាដែលទើបបង្កើតថ្មី អាហ្នឹងមានចែងក្នុងច្បាប់ហើយ ។ អ៊ីចឹងឧទាហរណ៍បើសិនណាជាឯកឧត្ដមហ៊ុន ម៉ាណែត មិនមែនជាបេក្ខភាពតំណាងរាស្រ្តជាប់ឆ្នោតទេ ព្រះមហាក្សត្រ មិនអាចតែងតាំង ឬចាត់តាំងឯកឧត្ដមហ្នឹង ធ្វើជាឥស្សរជនមួយរូបរបស់គណបក្សឈ្នះឆ្នោតហ្នឹង គឺថាទៅរៀបចំសមាសភាពគណៈរដ្ឋមន្រ្តី បានទេ ។ អាហ្នឹងវាជាគោលការណ៍ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គោលការណ៍ដែលមានចែងនៅក្នុងការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “គណបក្សណាឈ្នះឆ្នោត គណបក្សនោះមានសិទ្ធិតែងតាំងមន្រ្តីរបស់ខ្លួន ហើយមន្រ្តីរបស់ខ្លួនហ្នឹង ជ្រើសរើសពីមន្រ្តីដែលសកម្មការងារក្នុងការចុះធ្វើសកម្មការងារនយោបាយនៅតាមឃុំ-ភូមិ នៅទូទាំងប្រទេស អាហ្នឹងគេយកស្នាដៃអ៊ីចឹង ។ បើសិនណាជាកូនទេវតាដែរ ជាកូនចៅរបស់គណបក្សប្រជាជនកម្ពុជា ដែរ ក៏ប៉ុន្តែមិនមានសកម្មភាពអីសកម្មដើម្បីរួមចំណែកក្នុងការជួយទ្រទ្រង់ដល់ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ទេ អាហ្នឹងក៏មិនអាចតែងតាំងបានដែរ គេជ្រើសរើសហ្នឹង អ្នកដែលមានស្នាដៃ អ្នកដែលមានសកម្មភាពលេចធ្លោនៅក្នុងចំណោមមន្រ្តីរាជការ ឬក៏មន្រ្តីរបស់គណបក្សជាច្រើនទៀត អាហ្នឹងនិយាយរួមគឺគេសម្រិតសម្រាំងយកអ្នកដែលមានគ្រប់លក្ខណសម្បត្តិ មានសមត្ថភាព មានគុណធម៌ អាកប្បកិរិយាល្អប្រសើរ ដើម្បីយកមកដើម្បីអី? ដើម្បីបម្រើប្រជាជនហ្នឹងដោយស្មោះអស់ពីដួងចិត្ត នៅក្នុងការកសាង អភិវឌ្ឍប្រទេសជាតិ ស្របទៅតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមថា “អាហ្នឹងនិយាយរួម គឺថាយើងមានធនធានមនុស្សសម្បូរបែប ពីព្រោះគណបក្សប្រជាជន គ្រាន់តែសមាជិកដែលមានតួលេខច្បាស់លាស់បច្ចុប្បន្នភាពពិតសព្វថ្ងៃនេះ គឺមានរហូតដល់ ៦លាន ៣សែននាក់ទៅហើយ ។ អ៊ីចឹងទេ ក្នុងចំណោម ៦លាន៣សែននាក់ហ្នឹង យើងមិនពិបាកដើម្បីសម្រិតសម្រាំងយកអ្នកដែលមានគុណភាព អ្នកដែលមានប្រាជ្ញាស្មារតី ក៏ដូចជាសកម្មភាពការងារល្អក្នុងការបម្រើប្រជាជន បម្រើប្រទេសជាតិនេះទេ ។ អាហ្នឹងគឺថាយើងមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការជ្រើសរើសតែងតាំងមន្រ្តីរបស់យើង ហើយបើនិយាយសាមញ្ញទៅ លោកយាយ លោកតា ដែលលោកធ្លាប់ទៅវត្តទៅវ៉ា ទៅចូលក្នុងព្រះវិហារ យើងឃើញហើយ តែក្នុងព្រះបត់ ដែលនិយាយតំណាលពីប្រវត្តិរបស់ព្រះពុទ្ធ នោះ យើងឃើញហើយ គឺគ្រាន់តែអ្នកកូតទ្រ អ្នកកាន់ស្គរ អ្នកដែលកាន់ក្លស់ហែហមព្រះពុទ្ធហ្នឹង គឺថាអត់មានរូបយក្សទេ វាមានតែរូបទេវតា វាមានតែកូនចៅទេវតា វាមានតែពូជពង្សទេវតាហ្នឹងហើយ អត់មានដែលឃើញគេយកយក្ស គេយកកុម្ភណ្ឌ ដើម្បីទៅកាន់ក្លស់ ឬមួយក៏ទៅវ៉ៃស្គរអមដំណើរ ឬមួយហែក្បួនអី ដើម្បីនឹងដង្ហែព្រះពុទ្ធអង្គ យាងទៅនេះ ទៅនោះ ហ្នឹងអត់មានទេ ចុះទម្រាំយើងជាមនុស្សលោក ដែលបក្សទេវតា គឺដាច់ខាតយកកូនចៅទេវតាហ្នឹងហើយ ដើម្បីឲ្យមានមុខតំណែងនៅក្នុងតួនាទីនានា នៅក្នុងរាជរដ្ឋាភិបាល អាហ្នឹងវាអ៊ីចឹង ហើយក្នុងហ្នឹង អ្នកដែលមានតួនាទី អ្នកដែលត្រូវបានតែងតាំង សុទ្ធតែជាអ្នកដែលចូលប្រឡូកក្នុងការងារសកម្មភាពនយោបាយ ក្នុងការបម្រើជាតិនិងប្រជាជនហ្នឹងឯង ។ អាហ្នឹងជាការពិតហើយ បើសិនណាជាយើងយកមនុស្សផ្ដេសផ្ដាស មិនសម្រិតសម្រាំងឲ្យបានគុណភាព និងសីលធម៌ សមត្ថភាព ហើយនិងសុខភាពល្អទេ យើងមិនអាចនឹងធ្វើសកម្មភាពដើម្បីបម្រើជាតិនិងប្រជាជន ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ជាបន្តបន្ទាប់នោះទេ“ ។
គួរបញ្ជាក់ថា ការបញ្ជាក់របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថា ទេវតា តែងតាំងកូនទេវតា មិនយកកូនប្រេតនរក មកតែងតាំងទេ ខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលត្រូវបានមហាសន្និបាតគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់អនាគត ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា អនុម័តសេចក្តីសម្រេច ផ្ទេរពីក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ឲ្យទៅកាន់ក្រុមការងារគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ។ មិនតែប៉ុណ្ណោះ កូនប្រុសច្បងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រូបនេះ ដែលមានតំណែងនៅក្នុងបក្ស ជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានយុវជនថ្នាក់កណ្ដាល ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ ចេញសេចក្ដីសម្រេច ដាក់ជាបេក្ខជនតំណាងរាស្រ្ត មណ្ឌុលរាជធានីភ្នំពេញ លេខរៀងទី១ ក្នុងចំណោមបេក្ខជនពេញសិទ្ធិ ១២រូប សម្រាប់ប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។ ក្រៅពីនេះ នៅចុងអាណត្តិនៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នេះ កូនរដ្ឋមន្រ្តីចំនួន ២រូបទៀត ក៏ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានតែងតាំងជារដ្ឋលេខាធិការ នៅក្នុងក្រសួងដែលឪពុកដឹកនាំ (រដ្ឋមន្រ្តី) តាមសំណើរបស់នាយករដ្ឋមន្រ្តី ផងដែរ ដែលក្នុងនោះ មានដូចជា ១- លោក ផារ៉ា មង្គល កូនប្រុសលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ មុនត្រូវតែងតាំងជារដ្ឋលេខាធិការ នៅពេលនេះ តាំងពីមុនឆ្នាំ២០១៦ មក លោក ផារ៉ា មង្គល ធ្លាប់បានបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ក្រោយមក លោកបានផ្ទេរក្របខ័ណ្ឌ មកបម្រើការងារនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងតួនាទីជានាយកខុទ្ទកាល័យ ដែលឪពុករបស់លោកកាន់ជារដ្ឋមន្ត្រី ។ ២- លោក ថោង រដ្ឋស័ក្តិ កូនប្រុសលោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលបច្ចុប្បន្នជាអគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងទេសចរណ៍… ៕ កុលបុត្រ