ភ្នំពេញ ៖ ស្ត្រីម្នាក់ បានអះអាងថា ឪពុករបស់ខ្លួន គឺជាមនុស្សខិលខូចរឿងស្រីញី ក្បត់ចិត្តប្រពន្ធកូនហ៊ាន នាំស្រីស្នេហ៍ចូលមកដេកដល់ក្នុងបន្ទាយទាហាន លុះប្រពន្ធកូនតាមទាន់ ក៏ថតវីដេអូបង្ហោះផ្អើលពេញ បណ្តាញសង្គមហ្វេសប៊ុក និងអំពាវនាវឱ្យមានការចែករំលែក ដើម្បីឱ្យបានដឹងឮដល់ថ្នាក់ដឹកនាំពិសេសស ម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៀតផង។

កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នារីម្នាក់ដែលអះអាងថា បានតាមទាន់ឪពុកយកស្រីមកដេកក្នុង បន្ទាយ បានបង្ហោះវីដេអូឃ្លីប ចំនួន៣ ក្នុងគណនីហ្វេសប៊ុក របស់ខ្លួន បង្ហាញនូវសកម្មភាពស្ត្រីម្នាក់ ដែលបាន មកដេករួមរស់ជាមួយឪពុករបស់ខ្លួន នៅបន្ទប់ក្នុងបន្ទាយទាហាន ជាមួយសំណេររៀបរាប់ថា “នេះភ័ស្តុតាង ដែលលោកសុខ ចំរើន ហៅជ័យ យកស្រីសហាយ មកដេកដល់ក្នុងបន្ទាយ ព្រមទាំងមានបក្ខពួកជាជនស៊ីវិល មករំដោះយកស្រីសហាយ ចេញទៅបាត់ពីបន្ទាយ។ បងប្អូនអើយ! ជួយ share ឱ្យថ្នាក់ដឹកនាំលោកបានឃើញ ផង បីនាក់ម្តាយកូនខ្ញុំ រងនូវអយុត្តិធម៌ណាស់ មិនឃើញអស់លោកណាជួយពួកខ្ញុំឡើយ មានតែពឹងលើ សង្គម fb នេះហើយ…”។

ដោយឡែក កាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នារីចាកូនស្រីដដែល សរសេរក្នុងគណនីហ្វេសប៊ុក ដដែល ថា “ថ្ងៃនេះខ្ញុំសុំទម្លាយរឿងឈឺចាប់មួយ អស់ភាពអៀនខ្មាសទៀតហើយ បងប្អូនក្នុង fb សូមជួយ shares ឲ្យល្បី ដល់ថ្នាក់ដឹកនាំ លោកបានឃើញផង សម្តីដ៏សែនឈឺចាប់របស់ឪពុកខ្ញុំ លោកសុខ ចំរើន ហៅជ័យ ប្រចាំច្រក បឹងត្រកួន មានស្រី ផិតក្បត់ប្រពន្ធកូន គំរាមចាប់កូនដាក់គុក និងសម្លាប់ប្រពន្ធកូន ថែមទាំងដាក់ទំនាយ ឲ្យកូន ក្រឡាប់ឡាន់ស្លាប់ទៀត។ ខ្ញុំអស់ទ្រាំហើយ កាលនៅតូច ខ្ញុំរងមុខកាំភ្លើង រាប់ភ្លេច ខ្ញុំឆ្អែតឆ្អន់ហើយ ធ្វើបាប ខ្ញុំនិងម៉ាក់ ដល់ថ្នាក់នេះ បើបងប្អូនអាណិតស្រលាញ់ខ្ញុំ សូមជួយ share ឲ្យថ្នាក់ដឹកនាំបានឃើញផង…”។
ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួន លោកសុខ ចំរើន ហៅជ័យ ដែលទទួល រងការចោទប្រកាន់ពីប្រពន្ធកូន ថានាំស្រីមកដេកក្នុងបន្ទាយខាងលើនេះបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕