យ៉ាងហោចណាស់មនុស្ស ៧៨នាក់បានស្លាប់ និងរាប់រយនាក់បានរងរបួសនៅក្នុងហេតុការណ៍រត់ជាន់គ្នានៅក្នុងរដ្ឋធានីនៃប្រទេសយេម៉ែន ។នេះបើយោងតាមមន្ត្រី Houthi និងប្រព័ន្ធផ្សព្វផ្សាយ។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីសន្តិសុខ Houthiថា មនុស្សជាង ៣០០ នាក់បានរងរបួស ។ យោងតាមនាយករងមន្ទីរពេទ្យ Hamdan Bagheri បានឱ្យដឹងថា យ៉ាងហោចណាស់អ្នករបួស ៧៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ al-Thowra ក្នុងទីក្រុង Sanaa។

ការរត់ជាន់គ្នាបានកើតឡើងកាលពីល្ងាចថ្ងៃពុធ ខណៈដែលមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាចូលទៅក្នុងសាលារៀនមួយក្នុងទីក្រុងSanaaក្នុងក្តីសង្ឃឹមថានឹងទទួលបានអំណោយសប្បុរសធម៌ប្រហែល ១០ដុល្លារដែលត្រូវបានផ្តល់ឱ្យដោយឈ្មួញដើម្បីប្រារព្ធថ្ងៃចុងក្រោយនៃបុណ្យរ៉ាម៉ាដាន។
សាក្សីឃើញផ្ទាល់ផ្នែក Abdel-Rahman Ahmed និង Yahia Mohsen បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថាកងកម្លាំងប្រដាប់អាវុធ Houthi បានបាញ់ទៅលើអាកាស ក្នុងការប៉ុនប៉ងគ្រប់គ្រងហ្វូងមនុស្ស តែបានប៉ះខ្សែភ្លើង ដែលបណ្តាលឲ្យផ្ទុះ និងបង្កឱ្យមានការភ័យស្លន់ស្លោ ក្នុងចំណោមអ្នកដែលរង់ចាំ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃដែលគ្រប់គ្រងដោយក្រុម Houthi លោក Brig Abdel-Khaleq al-Aghri បានពណ៌នាឧបទ្ទវហេតុនេះថាជា សោកនាដកម្មនិងបានបន្ទោស ការចែកអំណោយរបស់មូលនិធិដោយគ្មានការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន។

ក្រសួងបាននិយាយថាឈ្មួញពីរនាក់ដែលរៀបចំព្រឹត្តិការណ៍នេះត្រូវបានឃាត់ខ្លួន ហើយការស៊ើបអង្កេតកំពុងដំណើរការ។ ក្រុម Houthis បានប្រកាសថា ពួកគេនឹងផ្តល់សំណងចំនួន ២០០០ដុល្លារដល់គ្រួសារនីមួយៗដែលបានបាត់បង់សាច់ញាតិ ខណៈដែលអ្នករបួសនឹងទទួលបានប្រហែល៤០០ ដុល្លារ។
គួររឭកថាប្រទេសយេម៉ែនបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកឧទ្ទាម Houthis ដែលគាំទ្រដោយអ៊ីរ៉ង់ ចាប់តាំងពីពួកគេបានចុះពីមូលដ្ឋានរឹងមាំភាគខាងជើងរបស់ពួកគេនៅក្នុងឆ្នាំ ២០១៤និងបានបណ្តេញ រដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
ជម្លោះនេះបានប្រែក្លាយក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះទៅជាសង្រ្គាមកូនកាត់រវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ដែលបានសម្លាប់មនុស្សជាង ១៥ម៉ឺននាក់ រួមទាំងអ្នកប្រយុទ្ធ និងជនស៊ីវិលនិងបង្កើតជាគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។

បើយោងតាមអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា គិតត្រឹមដើមឆ្នាំ២០២២ជម្លោះនៅក្នុងប្រទេសយេម៉ែនបានបណ្តាលឱ្យមនុស្សស្លាប់ជាង ៣៧៧០០០នាក់ ដោយ ៦០% បណ្តាលមកពីភាពអត់ឃ្លាន កង្វះការថែទាំសុខភាព និងទឹកមិនមានសុវត្ថិភាព៕