ភ្នំពេញ ៖ គណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) បានចេញសេចក្តីសម្រេចព្យួរតំណែងលោកលី សុធារ៉ា យុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ដែលរងព្យុះរឿងអាស្រូវផ្លូវភេទ ត្រូវគេទម្លាយសំឡេងសន្ទនាតាមទូរ ស័ព្ទជាមួយស្រីស្នេហ៍ បង្ហោះចែកចាយពេញបណ្ដាញសង្គម ហ្វេសប៊ុក ចំនួនជិត២០ភាគ មកហើយនោះដោយ ប្រធានគណបក្សនេះ បានតែងតាំងលោក គង់ មុនីកា អតីតប្រធានគណបក្សឆន្ទៈខ្មែរ (កូនប្រុសលោកគង់ គាំ) ជាអគ្គលេខាធិការស្ដីទី ជំនួសលោកលី សុធារ៉ាយុត្តិ ។
យោងតាមសេចក្តីសម្រេច របស់គណបក្សភ្លើងទៀន លេខ ១៥០/២៣ គភទ/សសរ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៣ ដែលចុះហត្ថលេខាដោយលោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ស្តីពីការតែងតាំង អគ្គលេខា គណបក្សស្តីទី បានសម្រេច តែងតាំងលោក គង់ មុនីកា អគ្គលេខាធិការរង ជាអគ្គលេខធិការគណបក្សស្តីទី។ លោកគង់ មុនីកា មានតួនាទីដឹកនាំ គ្រប់គ្រង និងធានាដំណើរការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋានគណបក្ស ស្របតាមលក្ខន្តិក: បទបញ្ជាផ្ទៃក្នុងគណបក្ស។
គួរកត់សម្គាល់ថា ការសម្រេចផ្លាស់ប្តូរតំណែងអគ្គលេខាធិការគណបក្សភ្លើងទៀននេះ បានធ្វើឡើង បន្ទាប់ពី អតីតអគ្គលេខាធិការគណបក្សនេះ គឺលោកលី សុធារ៉ាយុត្តិ បានទទួលរងនូវព្យុះរឿងអាស្រូវផ្លូវភេទ ជាបន្ត បន្ទាប់តាំងពីខែមីនា ឆ្នាំ២០២៣ មក ដោយត្រូវបានគេទម្លាយសំឡេងសន្ទានាជាមួយស្រីស្នេហ៍ ជាភាសាអាស អាភាស ពាក់ព័ន្ធផ្លូវភេទ ដូចជាការរួមភេទ ការបង្គាប់ឲ្យនារីជាដៃគូថតប្រដាប់ភេទ ផ្ញើឲ្យខ្លួនមើល ជាដើម ហើយជាពិសេសទៅទៀតនោះ ក្នុងចំណោមនារីទាំងនោះ មួយចំនួនជាស្ត្រីមានប្តី ឬប្រពន្ធគេ។
ជាមួយការធ្លាយសំឡេងសន្ទនាផ្លូវភេទនេះ លោកលី សុធារ៉ាយុត្តិ មិនបានចេញមុខបដិសេធ ឬសារភាពនោះទេ ដោយលោកធ្លាប់បានបញ្ជាក់ប្រាប់ «នគរធំ» ក្រោយពេលធ្លាយសំឡេងសន្ទនា ភាគទី១ ថា លោកសុំមិនធ្វើការ បកស្រាយទេ ដោយលោកសូមទុកឲ្យមហាជនជាអ្នកវាយតម្លៃទៅចុះ។
លោកលី សុធារ៉ាយុត្តិ បានមានប្រាប់ “នគរធំ” កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ថា “សូមជម្រាបថាខ្ញុំអត់ បានដឹង អត់បានឮទេ ហើយខ្ញុំក៏ដូចជាមិនជាចាប់អារម្មណ៍ដែរ ហើយមែនទែន ទុកឲ្យមហាជនយល់ ហើយវាយ តម្លៃចុះ ខ្ញុំអត់មានយោបល់ទេ សុំអធ្យាស្រ័យ! ខ្ញុំអត់មានយោបល់ទេ ទុកឲ្យមហាជនវាយតម្លៃចុះ ឬមានការអះ អាងថាជាសំឡេងខ្ញុំសាសងស្នេហាជាមួយស្រីស្នេហ៍អីនោះ ខ្ញុំបាននិយាយរួចហើយ ខ្ញុំថាទុកឲ្យមហាជនជាអ្នក វាយតម្លៃចុះ ខ្ញុំអត់មានយោបល់អីទេ សុំមេត្តាអធ្យាស្រ័យ! ដូច្នេះបើសួរថា នេះជាការវាយប្រហារនយោបាយ ឬយ៉ាងណា? ដូចខ្ញុំបាននិយាយអ៊ីចឹង ខ្ញុំថាខ្ញុំអត់មានយោបល់ទេ ហើយខ្ញុំសូមទុកឲ្យមហាជន ជាអ្នកវាយតម្លៃ អរគុណច្រើន!“ ។
តាមរយ:សម្តីរបស់លោកខាងលើនេះ ធ្វើឲ្យមនុស្សភាគច្រើន រួមទាំងសហការីរបស់លោក នៅក្នុងគណបក្ស ភ្លើងទៀន យល់ថា សំឡេងបែកធ្លាយនោះ អាចជាសំឡេងពិតរបស់លោកលី សុធារ៉ាយុត្តិ ហើយគេចាត់ទុកថា ជារឿងអាស្រូវដ៏អសីលធម៌ ដែលមិនគួរកើតមានលើអ្នកនយោបាយ ទាល់តែសោះ។
ដោយសារប្រឈមនឹងការមិនពេញចិត្តរបស់មហាជន ស្របពេលការបោះឆ្នោតជាតិ ជ្រើសតាំតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាន់តែកៀកមកដល់ ទើបថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បានសម្រេចដកតំណែង អគ្គលេខាធិការគណបក្ស ពីលោកលី សុធារ៉ាយុត្តិ ដាក់ជំនួសដោយលោកគង់ មុនីកា ជាអគ្គលេខាធិការគណ បក្សស្តីទី ដើម្បីសង្គ្រោះគណបក្ស ពីការដកទំនុកចិត្តរបស់ប្រជាពលរដ្ឋ ម្ចាស់ឆ្នោត៕ ខៀវទុំ