ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានប្រតិកម្ម ច្រានចោល ការចោទរបស់ពួកប្រឆាំង ក្រុមលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតសង្រ្គោះជាតិ) ដែលថា គណបក្សកាន់អំណាច ដែលដឹកនាំ ប្រទេសកម្ពុជា រយៈពេលជិត៤០ឆ្នាំមកនេះ លក់ខ្ទេចខ្ទីនូវទ្រព្យសម្បត្តិរដ្ឋ នៅសល់តែវាំងស្តេច មួយទេហើយ ចុងក្រោយនេះ ឮដំណឹងថា ស្តាតចាស់ នឹងត្រូវលក់ក្នុងតម្លៃជាង ១០០លានដុល្លារ ក្រោយចប់ស៊ីហ្គេម ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងខែឧសភា ឆ្នាំ២០២៣ នេះ ។
គួរបញ្ជាក់ថា នាពេលថ្មីនេះ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាប្រធាន គណៈ កម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីជំនិតរបស់អតីត មេបក្សប្រឆាំង សម រង្ស៉ី បានលើកឡើងថា លោកទទួលបានដំណឹងថា ស្តាតចាស់ នឹងត្រូវលក់ក្នុងតម្លៃជាង ១០០លានដុល្លារ ក្រោយចប់ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
លោកអ៊ុំ សំអាន បានសរសេរក្នុងគណនី និងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកថា «ឮដំណឹងថា ស្តាត ចាស់ នឹងលក់តម្លៃជាង ១០០លានដុល្លា ក្រោយស៊ីហ្គេម ចប់។ លក់ខ្ទេចលក់ខ្ទី នៅសល់តែវាំងស្តេចមួយទេ មិន ទាន់បានលក់»។
បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើ លោកអ៊ុំ សំអាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២៣ ថា “បាទ! ឮដំណឹងថា ស្ដាតចាស់ គេនឹងលក់ក្រោយចប់ស៊ីហ្គេម រឿងហ្នឹងពិតឬមិនពិតចាំ មើលទាំងអស់គ្នា នឹងកើតឡើង ក្រោយស៊ីហ្គេមចប់ ហើយក្រៅពីស្ដាតចាស់ហ្នឹង ទ្រព្យសម្បត្តិរដ្ឋជាច្រើនត្រូវ បានលក់ យើងដឹងហើយ ក្រសួង មន្ទីរ សួនច្បារ លក់អស់ហើយ នៅរាជធានីភ្នំពេញ តាមបណ្ដាខេត្តផ្សេងៗ អីហ្នឹង អាហ្នឹងឃើញជាក់ស្ដែងអ៊ីចឹងឯង ។ សូម្បីតែស្ដាតអូឡាំពិក ហ្នឹង ជុំវិញស្ដាតហ្នឹង លក់ជិតអស់ហើយ នៅសល់តែកណ្ដាលស្ដាតបន្តិចហ្នឹងឯង ។ អាហ្នឹងយើងឃើញជាក់ស្ដែងអ៊ីចឹងឯង មិនដឹងលុយហ្នឹងចូលទៅ ណា? ចូលថវិកាជាតិ តិចតួចអ៊ីចឹងទៅ ភាគច្រើនចូលតែហោប៉ៅបុគ្គលគណបក្សប្រជាជន អាហ្នឹងយើងឃើញ ជាក់ស្ដែងអ៊ីចឹងឯង“ ។
ទោះបីជាយ៉ាងណា ជាប្រតិកម្ម ឆ្លើយតបការលើកឡើង ចោទប្រកាន់របស់លោកអ៊ុំ សំអាន ខាងលើនេះ លោក សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ថាការលក់ឬមិនលក់កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) គង់តែនឹងឃើញការពិតជាក់ ស្ដែងទេ ពីព្រោះពេលវេលានៅមួយរយៈទៅមុខទៀត ។ ប៉ុន្តែលោកយល់ថា ស្ដាតចាស់ ដែលមានអាយុជាង ១០០ឆ្នាំនេះ បានក្លាយជាបេតិកភណ្ឌរបស់ជាតិទៅហើយ ដែលមិនអាចនឹងមានការលក់ដូរបានទេ ។ ដូច្នេះការនិយាយចោទ ប្រកាន់របស់ក្រុមទណ្ឌិតក្បត់ជាតិ សម រង្ស៊ី (អ៊ុំ សំអាន) ដែលថានឹងមានការលក់ស្ដាតចាស់ ក្នុងតម្លៃ ១០០លាន ដុល្លារ ក្រោយចប់ស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះ វាគ្រាន់តែជាការមួលបង្កាច់ ដើម្បីបន្ទាបបន្ថោកដល់ ការដឹកនាំរបស់រាជរដ្ឋាភិបាល តែប៉ុណ្ណោះ ។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “ដូចខ្ញុំនិយាយកន្លងមកហើយ ពួកប្រឆាំងតែងតែនិយាយមួលបង្កាច់ សភាពការណ៍ពិត ។ ដូច្នេះហើយ ការលក់ឬមិនលក់ស្ដាតចាស់ហ្នឹង គឺយើងគង់តែនឹងឃើញការពិត ជាក់ស្ដែងឬ យ៉ាងណានោះទេ ពីព្រោះពេលវេលានៅមួយរយៈទៅមុខទៀត បើសិនណាជាមានការលក់មែន វានឹងឃើញ ហើយ ហើយបើសិនណាជាអត់មានលក់ទេ ក៏នឹងឃើញការពិតជាក់ស្ដែងដែរ ។ ក៏ប៉ុន្តែខ្ញុំយល់ថា រាល់បញ្ហា ដែលរាជរដ្ឋាភិបាល សម្រេច សុទ្ធតែមានផលចំណេញដល់ជាតិនិងប្រជាជន ទើបលោកធ្វើ។ ក៏ប៉ុន្តែពាក់ព័ន្ធ ដល់ការលក់ស្ដាតនេះ ខ្ញុំយល់ថា អានេះវាជាបេតិកភណ្ឌរបស់ជាតិ ទៅហើយ គឺថាមិនអាចនឹងមានការលក់ដូរ ហ្នឹងបានទេ ។ ដូច្នេះការនិយាយរបស់អ៊ុំ សំអាន នេះ វាគ្រាន់តែជាការមួលបង្កាច់ ដើម្បីបន្ទាបបន្ថោកដល់ ការ ដឹកនាំរបស់រាជរដ្ឋាភិបាលទេ ។ និយាយទៅ ខ្ញុំចង់សង្កត់ធ្ងន់ថា ការនិយាយរបស់អ៊ុំ សំអាន ជាការមួលបង្កាច់ ពីព្រោះអ្វីដែលជាបេកតិកភណ្ឌរបស់ជាតិហ្នឹង គឺថាមានតែរដ្ឋាភិបាល លោកថែរក្សា អភិរក្សឲ្យបានគង់វង្ស និងធ្វើការជួសជុលឲ្យបានល្អ ស្របទៅតាមកាលសម័យ ដើម្បីរក្សាទុកជាកេរមរតកដល់កេ្មងជំនាន់ក្រោយ“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ចំពោះអតីតតំណាងរាស្រ្តអតីតបក្សប្រឆាំងរូបនេះថាក្នុងការ ដឹកនាំជិត ៤០ឆ្នាំ គណបក្សកាន់អំណាច លក់ខ្ទេចខ្ទីនូវទ្រព្យសម្បត្តិរដ្ឋ នៅសល់តែវាំងស្ដេចមួយ មិនទាន់លក់ នោះ ដូចខ្ញុំនិយាយអ៊ីចឹង គឺថារាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលប្រទេសជាតិមាន សន្តិភាព មានស្ថិរភាព មានការឯកភាពជាតិទាំងស្រុង គឺត្រូវតែដំណើរការកសាងប្រទេស ឲ្យមានការរីកចម្រើន ។ ដូច្នេះហើយ អ្វីដែលជាសេចក្ដីត្រូវការ ជាសំណូមពរនៃការកសាង អភិវឌ្ឍប្រទេសជាតិ ត្រូវតែអនុវត្ត ធ្វើស្រប ទៅតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ។ ដូច្នេះហើយ យើងមិនស្ដាប់ការទិតៀន ការវាយតម្លៃ ការវាយប្រហារ ពីមជ្ឈដ្ឋានប្រឆាំងណាទេ ពីព្រោះយើងធ្វើទៅតាមកម្មវិធីនយោបាយរបស់គណបក្សឈ្នះឆ្នោត“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ចំពោះក្រុមប្រឆាំងនេះ អំពាវនាវឲ្យប្រគល់ដីរដ្ឋ ឬទ្រព្យ សម្បត្តិរដ្ឋ ចូលរដ្ឋវិញ ហើយអ្នកពុករលួយ ត្រូវចាប់ដាក់គុកអីនោះ បញ្ហានេះមិនអាចទៅរួចទេ ។ ក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ធនធានធម្មជាតិទាំងអស់ គឺថាជាសម្បត្តិរបស់រដ្ឋ ក៏ពិតមែន ក៏ប៉ុន្តែក្រោមការដឹក នាំ ចាត់ចែងរៀបចំរបស់រាជរដ្ឋាភិបាល ដែលជាតំណាងស្របច្បាប់ របស់ប្រជាជនកម្ពុជានោះ“ ។
ប៉ុន្តែឆ្លើយតបនឹងប្រតិកម្មច្រានចោលរបស់លោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច (គណបក្សប្រជា ចនកម្ពុជា) ខាងលើ លោកអ៊ុំ សំអាន បានបញ្ជាក់ថា បក្សកាន់អំណាច ចេះតែប្រតិកម្មចំពោះ ការចោទប្រកាន់ រឿងលក់ទ្រព្យសម្បត្តិជាតិនេះ តាមពិតគឺពិតជាបានលក់សឹងតែខ្ទេចខ្ទីរអស់ហើយមែន ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍ប្រាប់ «នគរធំ» បន្ថែម នៅថ្ងៃដដែលនោះថា “បក្សកាន់អំណាច ចេះតែ ចោទអ្នករិះគន់ហ្នឹងឯង តាមពិត ទ្រព្យសម្បត្តិរដ្ឋ លក់ស្ទើរតែអស់ហើយ នៅសល់តិចតួចហ្នឹង សល់វាំងស្ដេច ហ្នឹងមិនទាន់បានលក់ ។ យើងឃើញហើយ ប្រជាពលរដ្ឋ មើលឃើញនឹងភ្នែកហើយ ក្រសួង មន្ទីរអី លក់សឹង អស់ហើយ ដីរដ្ឋ សួនច្បារអីហ្នឹង លក់អស់ហើយ ។ សូម្បីតែសួនច្បារនៅជិតផ្សារចាស់ហ្នឹង ឃើញទេ? ឥឡូវ អគារឡើងព្រោងពា្រត អាហ្នឹងក៏ដីរដ្ឋដែរ យើងឃើញជាក់ស្ដែងហើយ នៅរាជធានីភ្នំពេញ ។ ក្រសួងពាណិជ្ជកម្ម ក្រសួងអីដទៃទៀតហ្នឹង ក៏លក់អស់ដែរ សព្វថ្ងៃនេះ ។ ដូច្នេះបក្សកាន់អំណាច ចេះតែប្រតិកម្មពីការចោទ ប្រកាន់ រឿងលក់ទ្រព្យសម្បត្តិជាតិហ្នឹងឯង គាត់អត់បើកភ្នែកមើលទ្រព្យសម្បត្តិរដ្ឋ ប៉ុន្មានដែលនៅសល់? តាមពិត លក់ សឹងខ្ទេចខ្ទីរអស់ហើយ ។ ដូច្នេះខ្ញុំអំពាវនាវឲ្យប្រគល់ដីរដ្ឋ ទ្រព្យសម្បត្តិរដ្ឋហ្នឹង មកចូលរដ្ឋវិញ ហើយលុយដែល លក់បានហ្នឹង ដែលពុករលួយ ចូលហោប៉ៅបុគ្គលហ្នឹង ត្រូវប្រមូលចូលទ្រព្យសម្បត្តិរដ្ឋវិញ ហើយអ្នកដែលពុក រលួយហ្នឹង ត្រូវចាប់ដាក់ពន្ធនាគារ ហើយឈប់លក់ទ្រព្យសម្បត្តិជាតិ តទៅទៀត ដែលជាទ្រព្យសម្បត្តិរដ្ឋនោះ“ ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (Royal Cambodia Armed Forces Stadium, RCAF) ដែលគេហៅថា «ស្តាតចាស់» ត្រូវបានកសាងនៅក្នុងឆ្នាំ១៩២០ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅ ក្នុងឆ្នាំ១៩២០ ដែលកាលនោះ មានឈ្មោះថា Lambert Stadium ។ កាលពីជាង១០០ឆ្នាំមុននោះ ជុំវិញស្តាតចាស់ សម្បូរដោយដើមឈើ ប៉ុន្តែនាពេលបច្ចុប្បន្ន សុទ្ធតែអគារ ។ កីឡដ្ឋានវ័យចំណាស់នេះ ស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងការពារជាតិ និងជាកន្លែងហ្វឹកហាត់របស់ក្រុមបាល់ទាត់ក្រសួងការពារជាតិ ផងដែរ។ បច្ចុប្បន្ន ស្តាត ចាស់ អាចផ្ទុកអ្នកទស្សនាបានប្រមាណ ៨ពាន់នាក់ ។ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ ស្ដាតចាស់ ត្រូវបានធ្វើការ ជួសជុលមួយចំនួន ដូចជាទីលានបាល់ទាត់ ប្រព័ន្ធរំដោះទឹក និងការផ្លាស់ប្ដូរស្មៅស្ដង់ដារជាដើម ។ កាលពីខែ កុម្ភៈ ឆ្នាំ២០២៣ ស្តាតចាស់ ត្រូវបានកែលម្អ លាបពណ៌ ជួសជុល ទាំងបន្ទប់ផ្លាស់សម្លៀកបំពាក់ កន្លែងប្រតិបត្តិ ការអាជ្ញាកណ្ដាល-ចៅក្រម និងបន្ទប់ទឹក ជាដើម ដើម្បីត្រៀមរៀបចំការប្រកួតបាល់ទាត់នារី ក្នុងព្រឹត្តិការណ៍ស៊ី ហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ ។ ស្តាតចាស់ គឺជាកីឡដ្ឋានមួយក្នុងចំ ណោមកីឡដ្ឋានធំៗ៣ នៅរាជធានីភ្នំពេញ ក្នុងនោះ ២ទៀត គឺពហុកីឡដ្ឋានជាតិ អូឡាំពិក និងពហុកីឡដ្ឋានជាតិ មរតកតេជោ ៕ កុលបុត្រ