Saturday, November 23, 2024
Homeកីឡាជាតិកីឡាកររត់ភ្លើងគប់នៅអង្គរ ឆ្នាំ១៩៦៦ បានកាន់ភ្លើង គប់ម្តងទៀត ឆ្នាំ២០២៣

កីឡាកររត់ភ្លើងគប់នៅអង្គរ ឆ្នាំ១៩៦៦ បានកាន់ភ្លើង គប់ម្តងទៀត ឆ្នាំ២០២៣

ភ្នំពេញ ៖ អតីតកីឡាករហ្គានេហ្វូ (GANEFO) ដែលកាន់ភ្លើងគប់រត់នៅប្រាសាទអង្គរវត្ត កាលពីឆ្នាំ១៩៦៦ ដែល ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ ក្នុងពិធីប្រោសព្រះរាជប្រទានព្រះអគ្គិជ័យកីឡា និងរត់គប់ភ្លើងស៊ីហ្គេម នៅប្រាសាទអង្គរវត្ត កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នោះ បានបង្ហាញវត្តមានក្នុងពិធីដង្ហែព្រះអគ្គិជ័យកីឡា នៅខេត្តបន្ទាយមានជ័យ និងបានកាន់ភ្លើងគប់កីឡាម្តងទៀត សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអា ស៊ានប់ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ នេះ ។

អតីតកីឡាករហ្គានេហ្វូ ដែលកាន់ភ្លើងគប់រត់នៅប្រាសាទអង្គរវត្ត កាលពីឆ្នាំ១៩៦៦ នោះ មានឈ្មោះ គង់ ធានវត្ថា សព្វថ្ងៃមានអាយុ ៧៤ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ។

អ្នកស្រី ឈីវ ឡូយ អាយុ៧០ឆ្នាំ ជាភរិយារបស់លោកគង់ ធានវត្ថា បានបញ្ជាក់ប្រាប់ «នគរធំ» ថា ការដែលមហា ជនមានការចាប់អារម្មណ៍ដល់លោកគង់ ធានវត្ថា ជាស្វាមីរបស់អ្នកស្រីនេះ គឺបន្ទាប់ពីមានព្រះរាជពិធី ប្រោស ព្រះរាជប្រទានព្រះអគ្គិជ័យកីឡា និងការរត់ភ្លើងគប់ នៅប្រាសាទអង្គរវត្ត កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដោយមានការបង្ហោះរូបភាពបុរសរត់កាន់គប់ភ្លើងកីឡាហ្គានេហ្វូ នៅប្រាសាទអង្គរវត្ត នាឆ្នាំ១៩៦៦ ដែលជា ស្វាមីរបស់អ្នកស្រី ឈ្មោះ គង់ ធានវត្ថា។

អ្នកស្រីបានបញ្ជាក់ថា «ប្តីខ្ញុំជាអតីតកីឡាករហ្គានេហ្វូអាស៊ី លើកទី១ នៅឆ្នាំ១៩៦៦ រត់ចេញពីមុខនាគ មក កសិណទឹក មុខអង្គរតូច រត់ចម្ងាយយ១គីឡូ គាត់ជាអ្នកកាន់ភ្លើងគប់ រត់កណ្តាលឥឡូវគាត់អាយុ៧៤ឆ្នាំហើយ»។

អ្នកស្រីឈីវ ឡូយ បន្តថា «កាលឆ្នាំ១៩៧៥ គាត់បានប្រាប់ខ្ញុំ ខ្ញុំក៏ឲ្យកូនស្រាវជ្រាវរកមើល បានរូបហ្នឹងដែរ កាល ខែមករា ២០២១ ឲ្យគាត់មើល គាត់ប្រាប់ថា រូបគាត់ កាលនោះគាត់ជាសិស្សវិទ្យាល័យសូរ្យវរ្ម័នទី២ សៀមរាប ជំនាន់នោះសិស្សរត់ទេ ១គីឡូ ផ្លាស់ម្តង រត់កាត់បាត់ដំបង ឆ្ពោះទៅស្តាត គេឲ្យអាំងស៊ីងគាត់មួយ ហើយរូប គាត់បានដាក់លើក្របទស្សនាវដ្តី កាំបូឌីយ៉ាណា »។

ភរិយាលោកគង់ ធានវត្ថា បានបញ្ជាក់ថា ថ្មីៗនេះ នៅពេលព្រះអគ្គិជ័យកីឡាណិងភ្លើងគប់ស៊ីហ្គេម ត្រូវបាន ដង្ហែមកដល់ខេត្តបន្ទាយមានជ័យ ស្វាមីរបស់អ្នកស្រី ដែលជាអតីតកីឡាករហ្គានេហ្វូ ឆ្នាំ១៩៦៦ ក៏បានមក ឈចាំទទួលក្បួនដង្ហែ ហើយក៏មានឱកាសបានកាន់ភ្លើងគប់ស៊ីហ្គេម លើកទី៣២ នេះផងដែរ បន្ទាប់ពីគាត់ ធ្លាប់បានកាន់ភ្លើងគប់កីឡាហ្គានេហ្វូ រត់នៅប្រាសាទអង្គរវត្ត កាលពី៥៧ឆ្នាំមុន (ឆ្នាំ១៩៦៦)។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និង ភ្លើងគប់ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ព្រះរាជពិធីព្រះរាជទានព្រះអគ្គិជ័យកីឡានេះ បានធ្វើឡើងនៅខាងមុខប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប ដោយ មានការចូលរួមដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំរបស់កម្ពុជា រួមមាន សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី, សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, សម្តេចទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣, សម្ដេចចៅហ៊្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, លោក ស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រម ទាំងរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

ក្នុងព្រះរាជពិធីនេះ អត្ដពលិក ២នាក់ ដែលជាជ័យលាភីមេដាយមាសស៊ីហ្គេម គឺកីឡាករ វ៉ា មិថុនា ជាអត្តពលិក ផ្នែកកីឡាតៃខ្វាន់ដូ និងកីឡាការិនីលោតចម្ងាយ វិត ចន្ថា ជាអត្តពលិកដែលបានព្រះអគ្គិជ័យកីឡា ពីព្រះមហា ក្សត្រ ដោយផ្ទាល់។ អត្ដពលិកទាំង ២នាក់នេះ អមដោយអត្ដពលិកគុនល្បុកត្តោ ៧នាក់ បានរត់ តិចៗពីទិសខាង កើត នៃប្រាសាទអង្គរវត្ត មកទទួលព្រះរាជទានព្រះអគ្គិជ័យកីឡា ពីព្រះមហាក្សត្រ។ បន្ទាប់មក អត្តពលិកទាំង នោះ កាន់ភ្លើងគប់ដែលបានទទួលពីព្រះមហាក្សត្រ រត់ជុំវង់តូចអង្គរ មុននឹងប្រគល់ជូនលោក ទៀ សីហា អភិ បាលខេត្តសៀមរាប ដើម្បីយកទៅតម្កល់ទុកនៅវត្តរាជបូណ៌ ។

បន្ទាប់ពីបានតម្កល់ទុកនៅវត្តរាជបូណ៌ ១យប់រួចមក នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡា និង ភ្លើងគប់នេះ ត្រូវបានដង្ហែចេញទៅកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាប ដើម្បីដង្ហែឆ្ពោះទៅកាន់ទីក្រុង ហាណូយ ប្រទេសវៀតណាម ជាទីដែលពិធីរត់ភ្លើងគប់ ឆ្លងកាត់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយ ពេលនេះ ព្រះអគ្គិជ័យកីឡា និងភ្លើងគប់ស៊ីហ្គេម បានត្រឡប់មកដល់ប្រទេសកម្ពុជា វិញ និងកំពុងបន្តដង្ហែ នៅតាមបណ្តាខេត្ត រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡា និងភ្លើងគប់នេះ នឹងត្រូវដង្ហែមក កាន់ពហុកីឡដ្ឋានជាតិ មរតកតេជោ រាជធានីភ្នំពេញ ដើម្បីបើកការប្រកួតស៊ីហ្គេម លើកទី៣២ ជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ដែរថា កីឡាហ្គានេហ្វូ (GANEFO) ជាអក្សរកាត់មកពី «The Games of the New Emerging Forces» ជាព្រឹត្តិការណ៍កីឡាមួយ ដែលត្រូវបានបង្កើតឡើងដោយអតីតប្រធានាធិបតីឥណ្ឌូនេស៊ី លោកស៊ូកាណូ (Sukarno) នៅក្នុងឆ្នាំ១៩៦៣។  ប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ រៀបចំកីឡាហ្គានេហ្វូ នៅរាជធានីភ្នំពេញ ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ១៩៦៦ ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ៕ ខៀវទុំ

RELATED ARTICLES