ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសលាលែងតំ ណែងប្រធានសហព័ន្ធកីឡាបាល់ទាត់ ប្រសិនបើក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ (U22) ធ្លាក់ត្រឹមវគ្គចែកពូល ឬមិនអាចឆ្លងផុតវគ្គចែកពូល ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន ក្នុងព្រឹត្តិ ការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ នេះ។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា បន្ទាប់ពីប្រទេសកម្ពុជា សម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ លោកបានប្រឹងប្រែងលះបង់គ្រប់បែបយ៉ាង ប្រើពេលជាង១០ឆ្នាំ ដើម្បីលើកកិត្តិយស ជាតិខ្មែរ តាមរយៈវិស័យកីឡាបាល់ទាត់ ប៉ុន្តែប្រសិនបើការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ ឆ្នាំ (U22) មិនអាចឆ្លងផុតឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានទេនោះ លោកនឹងលាឈប់ពីប្រធាន សហព័ន្ធកីឡាបាល់ទាត់។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ថា “កិត្តិយស ត្រូវផ្សារភ្ជាប់នឹងការទទួលខុសត្រូវ ៖ បន្ទាប់ពីប្រទេសកម្ពុជា សម្រេច ចិត្ត រៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា sea games លើកទី៣២ ខ្ញុំបាទបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាង ប្រើពេល ជាង ១០ឆ្នាំ ដើម្បីលើកកិត្តិយសជាតិខ្មែរ តាមរយៈវិស័យកីឡាបាល់ទាត់។ បើការប្រកួតក្នុង group ចែកពូល វិញ្ញាសាកីឡាបាល់ទាត់បុរស អាយុ២២ឆ្នាំ មិនអាចឆ្លងផុត ដើម្បីឈានទៅបន្តប្រកួតវគ្គ កណ្តាលផ្តាច់ព្រ័ត្រនោះ ទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់តំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម។ ក្នុងករណីនេះកើតឡើង ខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិ សហ ព័ន្ធកីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋាន រៀបចំបើកធ្វើមហាសន្និបាត ដើម្បីបោះឆ្នោតជ្រើស រើស ប្រធានសហព័ន្ធកីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ខ្ញុំសូមទោសប្រិយមិត្ត អ្នកស្រឡាញ់កីឡាបាល់ទាត់ មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាព មិនអាចដឹកនាំវិស័យកីឡាមួយនេះ ទទួលបានជោគជ័យជូនជាតិ…”។

គួរបញ្ជាក់ថា ដើម្បីអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស បានបង្កើតសាលាបាល់ទាត់ជាតិបាទី ដោយជ្រើរើសយកក្មេងៗនិងយុវជនដែល ស្នេហា វិស័យកីឡាបាល់ទាត់ យកទៅហ្វឹកហ្វឺន សមត្ថភាពនៅទីនោះ ហើយបង្កើតបានកីឡាករបាល់ ទាត់ល្អៗជា ច្រើន។ ជាក់ស្តែងកីឡាករក្នុងក្រុមជម្រើសជាតិ អាយុក្រោម ២២ឆ្នាំ ដែលកំពុងបង្ហាញវត្តមានក្នុងការ ប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាពេលនេះ ភាគច្រើនត្រូវបានបណ្តុះបណ្តាលចេញ ពីសាលាជាតិបាទី នេះ។

សូមបញ្ជាក់ថា ការប្រកាសព្រមានអំពីការលាលែងតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីក្រុកីឡាបាល់ទាត់កម្ពុជា អាយុក្រោម២២ឆ្នាំ បានបន្តការប្រកួតលើកទី២ ជាការប្រកួតជម្រុះក្នុងពូល A កាលពីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅពហុ កីឡដ្ឋានជាតិ អូឡាំពិក ដោយទទួលបានលទ្ធផល ១-១ (កម្ពុជា នាំមុខមុនតាំងពីតង់ទី១ តែហ្វីលីពីន តាមស្មើ វិញបាន នៅនាទីទី៩៣ នៃម៉ោងថែម ៥នាទីចុងក្រោយ។ យ៉ាងណា មានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានទូទៅថា សមត្ថភាពរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា មានភាពល្អប្រសើរឡើងច្រើន បើធៀបនឹងពេលមុនៗ ក្នុងនោះ ការប្រកួតបើកឆាកដំបូង នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ក្រុមកីឡាបាល់ទាត់កម្ពុជា ធ្វើបានយ៉ាងល្អ គឺយកឈ្នះទីម័រខាងកើត ដោយលទ្ធផល ៤-០ ឈរនៅកំពូលតារាង ក្នុងពូល A ។ ទោះយ៉ាងណា កម្ពុជា ត្រូវការ ឈ្នះ ក្នុងជំនួបជាមួយមីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ដើម្បីធានាអាចឆ្លងផុតវគ្គចែកពូល ឡើងទៅកាន់វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ៕ ខៀវទុំ
