ភ្នំពេញ ៖ ក្រុមយុវជនបរិស្ថាន បានចេញមុខបំភ្លឺរឿងចូលផ្ទះសម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗនេះ បន្ទាប់ពីពួកប្រឆាំងមួយចំនួនថាជាការ ទៅលន់តួសុំទោស និងសុំចុះចូល ដើម្បីបានតំណែង លាភសក្ការៈ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ មជ្ឈដ្ឋានប្រឆាំង មានការភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញ ក្រុមយុវជនបរិស្ថាននិងសង្គម រួមមានយុវតីឈឿន ដារ៉ាវី លោកហ៊ុន វណ្ណ: និងលោកស្វាយ សំណាង ជាដើម បានថតរូបជាមួយសម្តេចហ៊ុន សែន នៅក្នុងភូមិគ្រឹះរបស់សម្តេចនាយករដ្ឋមន្ត្រី ទើបមានការលើកឡើងថា ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ កាន់តែខិតជិតចូលមកដល់ ក្រុម យុវជនដែលធ្លាប់តែរិះគន់រាជរដ្ឋាភិបាល និងរិះគន់ការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះ ចូលគណបក្សកាន់អំណាចដើម្បីបានតំណែង លាភសក្ការៈ បន្ទាប់ពីបានឃើញយុវជន សកម្មជនអតីតបក្សប្រ ឆាំង មួយចំនួន មានដូចជា លោកយឹម ស៊ីណន និងលោកហ៊ុន កុសល ជាដើម ចុះចូលបក្សកាន់អំណាចបាន តំណែងធំ ក្នុងរាជរដ្ឋាភិបាល។ ជាពិសេសឃើញយុវតីឈឿន ដារ៉ាវី ដែលធ្លាប់លេចធ្លោក្នុងការងារសង្គម និង បរិស្ថាន និងការតស៊ូមតិយ៉ាងសកម្ម រហូតធ្លាប់ជាប់គុកនោះ បែរជាសុំចូលជួបសម្ដេចហ៊ុន សែន ដើម្បីសុំទោស និងសុំចុះចូលទៅវិញ ។
ឆ្លើយតបនឹងការរិះគន់វាយប្រហារខាងលើនេះ អ្នកស្រីឈឿន ដារ៉ាវី សមាជិកក្រុមយុវជនខ្មែរថាវរៈ និងជា សកម្មជនបរិស្ថាន-សង្គម បានចេញមុខធ្វើការបកស្រាយតាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២៣ ថា អ្នកស្រីសូមទោស ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល ហើយប៉ះពាល់សតិ អារម្មណ៍អ្នកមួយចំនួនដែលមានជំនឿចិត្តលើអ្នកស្រីកន្លងមក ដោយរូបថតមួយសន្លឹក ដែលឈរថត ជាមួយ សម្ដេចហ៊ុន សែន នោះ ។ អ្នកស្រីលើកឡើងថា មានអ្នកទាយថា អ្នកស្រីនឹងបកស្រាយបែបនេះ បែបនោះ ដូចអ្វីដែលគេទាយ ទាំងដែលអ្នកស្រី អត់បានជួលឲ្យមកទាយអ្នកស្រីផង តែអ្នកស្រីនិយាយទុកមុន ការទាយ ឬជេរទាំងនោះ គឺជាការទាយនិងជេរខុស។ ទោះយ៉ាងនេះ អ្នកស្រីមិនបន្ទោសអ្នកជេរអ្នកស្រី នូវពាក្យអាក្រក់ៗ ទាំងដែលមិនបានសួរឬដឹងការពិតពីអ្នកស្រីនៅឡើយនោះដែរ ។ អ្នកស្រីថា ក្នុងនាមជាសកម្មជនបរិស្ថាន សង្គម អ្នកស្រីមិនបានគាំទ្រនិន្នាការគណបក្សនយោបាយណាទេ មិនថាអតីតគណបក្សសង្រ្គោះជាតិ មិនថាគណបក្ស ប្រជាជនកម្ពុជា ហើយមូយទៀត បើសិនជាអ្នកស្រីលក់ក្បាល ឬចុះចូលជាមួយគណបក្សកាន់អំណាច ដើម្បី លាភសក្ការៈនោះ អ្នកស្រីក៏មិនជាប់គុកដែរ ។ ដូច្នេះអ្នកដែលមានវត្តមាននៅក្នុងរូបថតនោះ រួមទាំងអ្នកស្រីផង មិនមានអ្នកណាទៅលក់ក្បាលទេ ព្រោះក្បាលម្នាក់ៗ មានតម្លៃណាស់ ។ អ្នកស្រីឈឿន ដារ៉ាវី បញ្ជាក់ថាការ ដែលពួកអ្នកស្រី ចូលជួបសម្ដេចហ៊ុន សែន ដល់ផ្ទះ ដូចមានរូបថតជាភ័ស្តុតាងនោះ គឺដើម្បីស្នើសម្ដេច នាយក រដ្ឋមន្ត្រី ជួយរកដំណោះស្រាយមួយបញ្ហាមួយចំនួនដែលមិនទាន់ទទួលបានយុត្តិធម៌ តាមការស្នើសុំពីសហគមន៍ ។
អ្នកស្រីឈឿន ដារ៉ាវី បញ្ជាក់ថា “ចា! ទៅហ្នឹង មិនមែនខ្ញុំ ប្ដី ក្រុមថាវរៈទេ គឺទៅជាមួយសហគមន៍ ដើម្បីបាន ដំណោះស្រាយដែលពួកគាត់ដេកព្រួយបារម្ភ គាត់ទៅ ដើម្បីមានដំណោះស្រាយ យើងចង់បានដំណោះ ស្រាយ សម្រាប់ពួកគាត់ហ្នឹង ។ ហើយគេថា ម៉េចក៏មានឱកាសទៅជួបដល់សម្ដេច ? ខ្ញុំខ្លួនឯងក៏អត់ដឹង ប៉ុន្តែបើគាត់ចង់ ជួប ហើយខ្ញុំគិតថា បើសិនជាពេលដែលខ្ញុំសម្រាក ថាវរៈសម្រាកអីទៅ ព្រោះទៅមុខ ក៏យើងដឹងកម្រិតរបស់ យើងដែរ តាមកម្រិតណាមួយ ដែលអាចជួយសង្គមបាន ។ ឃើញខ្ញុំធ្វើរាល់ថ្ងៃទេ? មានការស៊ែរព័ត៌មានមាន ចន្លោះប្រហោងកន្លែងណា គឺយើងចង់ឲ្យមានដំណោះស្រាយ ហើយវាពីរបីខែហើយ ហើយសួរថា បន្ទាប់ពីហ្នឹង មក ខ្ញុំធ្វើអីគេ? ខ្ញុំធ្វើអាវជាតិដើម្បីអ្នក ។ អាវជាតិ ដើម្បីអ្នកហ្នឹង ខ្ញុំដែលកំពុងមានពោះធំប៉ោង (មានផ្ទៃពោះ) នេះ ខ្ញុំមិនអាចទៅធ្វើអីបានទេ ប៉ុន្តែខ្ញុំមានអាវមួយ ដែលខ្ញុំចង់ផ្ញើសារទៅអ្នកទាំងអស់គ្នា គឺជាតិត្រូវការនេះ ពីការជួយ គ្នា ហើយអាខាងក្រោយខ្នងរំលឹកពីមហានគរ អក្សរ៣ជួរ សាមគ្គីរស់ បែកបាក់ស្លាប់ ក្នុងន័យអីគេ? មានតាម ដាន ខ្ញុំទេ?…” ។
ជាមួយគ្នានោះដែរ លោកហ៊ុន វណ្ណៈ យុវជនខ្មែរថាវរៈ ត្រូវជាស្វាមីអ្នកស្រីឈឿន ដារ៉ាវី បានបញ្ជាក់ដែរថា បញ្ហារបស់សហគមន៍ដែលពួកលោកលើកយកទៅជជែកជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ មាន ២ចំណុច ។ ទី១ បញ្ហានៅតំបន់អារ៉ែង ពាក់ព័ន្ធនឹងការកំណត់ព្រំប្រទល់ដែលមិនទាន់ច្បាស់លាស់ ខណៈ ដែល មន្រ្តីបរិស្ថាន ថាប្រជាសហគមន៍ រស់នៅលើដីអភិរក្ស ។ ទី២ បញ្ហានៅតំបន់ព្រៃមាតាធម្មជាតិ ដែលប្រជាសហ គមន៍ មានទំនាស់ជាមួយទាហាន មិនទាន់បានដោះស្រាយចប់នៅឡើយ ។
លោកហ៊ុន វណ្ណៈ បានមានប្រសាសន៍ថា “បាទ! ខ្ញុំបានឃើញអ្នកមើលវីដេអូច្រើនណាស់ តែគាត់អត់យល់ គឺគាត់មើលពាក់កណ្ដាលទី ក៏ថាខ្ញុំ ប្រពន្ធខ្ញុំ និងយុវជនខ្មែរថាវរៈ ម្នាក់ទៀត ស្វាយ សំណាង ហើយនិងមាន សហគមន៍មកពីអារ៉ែង ២នាក់ បូកជាមួយនឹងបងដែលជាគ្រូកសិកម្ម បងនី ណាក់ ហ្នឹង ទៅជួបសម្ដេចហ្នឹង ជួបក្នុងគោលបំណងអី? ហើយហេតុអីបានទៅជួប? បានមានការជួបគ្នា? ដូចប្រពន្ធខ្ញុំ បកស្រាយអ៊ីចឹង គឺពួក យើងមានគម្រោងថា បន្ថយ ហើយមិនអាចធ្វើការតស៊ូមតិដូចមុន ព្រោះយើងមានគ្រួសារ មានកូន មានអីហើយ ។ ហើយក៏យើងនៅតែចង់ជួយបញ្ចប់ការងារមួយចំនួនដែលនៅសល់ ដែលយើងចង់ជួយ ប៉ុន្តែវាអត់ទាន់បាន ដាច់ស្រឡះ គឺការងារ ២ហ្នឹង គឺទី១ នៅតំបន់អារ៉ែងហ្នឹង គឺមិនទាន់ការកាត់ឆ្វៀលដីទេ ព្រំប្រទល់នៅតំបន់ អារ៉ែងហ្នឹង មិនទាន់ច្បាស់លាស់ ហើយជាមួយពួកយើងហ្នឹង តែងតែជជែកគ្នាថា តើយើងត្រូវធ្វើម៉េច ដើម្បី ទាមទារឲ្យខាងរដ្ឋាភិបាលជួយសម្រួលក្នុងការកំណត់ព្រំប្រទល់ច្បាស់លាស់ ដើម្បីពួកគាត់មានលទ្ធភាព បង្កបង្កើនផលដោយស្របច្បាប់ ព្រោះកន្លងមកនេះ មានតំបន់ខ្លះ គាត់ធ្វើស្រែចម្ការអ៊ីចឹងទៅ ក៏ខាងមន្រ្តីអភិរក្ស គាត់ហាមឃាត់ ដោយសារពួកគាត់លើកឡើងថា ប្រជាពលរដ្ឋធ្វើទៅលើដីតំបន់អភិរក្ស ចំណុចហ្នឹងមួយ ។ ចំណុចទី២ ព្រៃមាតាធម្មជាតិនោះ ក៏ត្រូវការរកដំណោះស្រាយដែរ ដែលមានទំនាស់គ្នារវាងសហគមន៍ ហើយ និងខាងទាហាន ខាងអីអ៊ីចឹងទៅ ហើយចំពេលដែលយើងបានព័ត៌មានមកថា គេចង់ជួបជជែក ។ ដើមឡើយ គឺយើងបដិសេធ មិនជជែកទេ ដោយសារតែយើងគិតថា ការជជែកហ្នឹង មិនបានផលវិជ្ជមានអីដល់ពួកយើង ឬមួយក៏ប្រយោជន៍រួមអីទេ ប៉ុន្តែក៏យើងឆ្លើយឆ្លង ក៏យើងប្រាប់ទៅវិញថា បើសិនជាមានការជជែក ទាក់ទងទៅ លើរឿងបញ្ហាតំបន់អារ៉ែង ហើយនិងព្រៃមាតាធម្មជាតិហ្នឹង គឺយើងព្រមទទួលជជែក ។ អ៊ីចឹងគេឆ្លើយតបថា បញ្ហាអី យើងមានឱកាសក្នុងការជជែក គឺឱកាសជួបថ្នាក់ដឹកនាំំមិនមានច្រើនទេ ហើយក៏យើងបានទៅជួប ជជែកពិតប្រាកដមែន ហើយបញ្ហាដែលនៅខាងក្រោមហ្នឹង ក៏បានយើងជម្រាបទៅដល់ថ្នាក់លើហើយ ហើយក៏ ពួកគាត់កំពុងតែដំណើរការទៅមុខ“ ។
លោកហ៊ុន វណ្ណៈ បានមានប្រសាសន៍បន្តថា “អ៊ីចឹងការជួបរបស់ពួកយើងហ្នឹង មិនមែនទើបតែជួបថ្មីៗទេ គឺជួប តាំងពីខែ៣ ឯណោះ អ៊ីចឹងរូបថតហ្នឹង គឺយើងថតតាំងពីខែ៣ ឯណោះ ។ អ៊ីចឹងមកដល់ថ្ងៃនេះ វាចូលជាង១ខែ ហើយ ខែ៥ហើយ ទើបតែបែកធ្លាយ យើងមិនដឹងថាបែកធ្លាយមកពីណា ការពិតរូបហ្នឹង យើងមិនដែលលាក់ បាំងទេ យើងជួបអ្នកស្គាល់គ្នា យើងប្រាប់គេទាំងអស់ហ្នឹង ប៉ុន្តែយើងមិនបាញ់ឲ្យគេ យើងគ្រាន់តែបង្ហាញរូប ថតអ៊ីចឹងថាយើងជួបដើម្បីជជែករឿងព្រៃមេត្តាធម្មជាតិ និងរឿងតំបន់អារ៉ែងទេ ។ ជារួម ហេតុផលគឺមានអ៊ីចឹង ហើយជាលទ្ធផល គឺជាការជួប មិនមែនដើម្បីពួកយើងទៅចូលរួមជីវភាពនយោបាយទេ គឺយើងទៅជួបរកដំ ណោះស្រាយសហគមន៍ ហើយយើងទទួលយកលក្ខខណ្ឌទៀត បើសិនជាមានការដោះស្រាយបានច្បាស់លាស់ មានលទ្ធផលវិជ្ជមាន ជាផ្លែជាផ្កា គឺពួកយើង ខ្មែរថាវរៈនេះ គឺអរគុណរាជរដ្ឋាភិបាល ហើយសហគមន៍ ក៏នឹងអរ គុណដែរ ហើយយើងចង់បញ្ជាក់វិញថា ការតស៊ូមតិស្អីដែលដើរតាមផ្លូវបាតុកម្មទាមទារឲ្យរកដំណោះ ស្រាយ ហ្នឹង ឥឡូវសួរអ្នកទាំងអស់គ្នា សួរទៅប្រជាពលរដ្ឋ អ្នកនៅក្នុងប្រទេស ក្រៅប្រទេស សកម្មជនដែលលេចធ្លោ ដែលជាប់ពន្ធនាគារហ្នឹងទៅ ថាមកដល់ពេលនេះ យើងមើលឃើញថាម៉េចដែរ? មានលទ្ធផលយ៉ាងម៉េចដែរ? យើងត្រូវចាំថា ដំណោះស្រាយភាគច្រើន កើតមកពីការជជែកគ្នា ដល់អ៊ីចឹងយើងផ្លាស់ប្ដូរពីវិធីសាស្រ្តក្នុងការតវ៉ា ការធ្វើបាតុកម្ម មកការជជែកគ្នា ។ បើទោះបីមកដល់ពេលនេះមិនទាន់មានលទ្ធផលជា ផ្លូវការជាសាធារណៈ ក៏ដោយ ក៏ប៉ុន្តែយើងទទួលផលវិជ្ជមានច្រើនគួរសម ជាជាងដែលខ្មែរនិងខ្មែរ ចែកគ្នាជា២ក្រុម ហើយចេះតែ តវ៉ាទៅ ហើយម្ខាងចោទម្ខាង ។ អ៊ីចឹងបើអ្នកណា ប្រជាពលពលរដ្ឋ ពុកម៉ែ បងប្អូនមិនគាំទ្រ ក៏អត់គាំទ្រទៅ ប៉ុន្តែពួកខ្ញុំជ្រើសរើសផ្លូវក្នុងការចរចា តែមិនមែនជាការទៅចុះចូលជីវភាពនយោបាយ ឬទៅអីឯណាផ្សេងទេ អត់មានបានតួនាទី អត់មានបានអីទេ…” ។
បន្ថែមលើការបកស្រាយតាមហ្វេសប៊ុក ខាងលើនេះ លោកហ៊ុន វណ្ណៈ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ថា លោកនិងភរិយា មិនមានយោបល់អ្វីបន្ថែមលើសពីហ្នឹងទេ គឺមានហេតុផលពីរ ដូច ខាងលើហ្នឹង ដែលពួកលោកបានទៅជជែកចរចាជាមួយប្រមុខរាជរដ្ឋាភិបាល សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ ដូច្នេះសាធារណជន ជាពិសេសមជ្ឈដ្ឋានមួយចំនួនដែលជេរ វាយប្រហារ រិះគន់ពួកលោកនោះ អាចយកទៅពិ ចារណាបានថា តើពួកលោកពិតជាចុះចូល លក់ក្បាល ឬយ៉ាងណា? ខណៈដែលពួកលោកប្ដូរយុទ្ធវិធីពី ការតស៊ូ មតិបែបធ្វើបាតុកម្មអហិង្សានៅតាមដងផ្លូវ ឬកន្លែងណាមួយ មកជាការជជែកគ្នាដោយស្មោះត្រង់នេះ ។
ចំណែកលោកស្វាយ សំណាង ក្រុមយុវជនបរិស្ថាន ដែលមានវត្តមានក្នុងរូបថតជាមួយសម្ដេចហ៊ុន សែន នោះដែរ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះដែរថា ជាការពិតហើយ ការដែលពួកលោកទៅជួប សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដល់ផ្ទះនោះ មិនមែនជាការចុះចូល ឬក៏ទៅលន់តួ អង្វរសុំទោសអី ដូចដែល ពួកប្រឆាំងបាននិងកំពុងតែផុសនៅលើបណ្ដាញសង្គមនោះទេ គឺទៅជួបក្នុងគោលបំណងចង់ បានដំណោះ ស្រាយពីប្រមុខរាជរដ្ឋាភិបាល ។
លោកស្វាយ សំណាង បានមានប្រសាសន៍ថា “បាទ! ពួកខ្ញុំមិនដឹងថា ពួកគាត់យល់ឃើញបែបណា ក៏ប៉ុន្តែ អ្វីដែលខ្ញុំបានទៅជួបសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នេះ គឺយើងទៅជួបក្នុងគោលបំណងដែលយើង ចង់ បានដំណោះស្រាយ វាមិនមែនជាការចុះចូល ឬក៏ទៅលន់តួ ក្រាបអង្វរអី ដូចដែលពួកគាត់បានកំពុងតែផុស នៅលើបណ្ដាញសង្គម តែមែនទែនទៅ ខ្ញុំអត់មានអីដែលជាចម្លែកទេ វាជាធម្មតារបស់ពួកគាត់ហើយ ។ ជារួម ខ្ញុំអត់មានអីទៅឆ្លើយតប ឬប្រតិកម្មអ្វីទៅតាមពួកគាត់ទេ ខ្ញុំឲ្យពួកគាត់ធ្វើឲ្យអស់ចិត្ត ហើយពួកគាត់នឹងសោក ស្ដាយ នៅពេលខាងមុខ ។ សរុបទៅ ពាក់ព័ន្ធនឹងរូបថតនោះ ខ្ញុំចង់ប្រាប់ជំហរទៅកាន់បង (នគរធំ) ដែរថា ខ្ញុំមិន បានចុះចូល ឬមួយក៏លន់តួ ក្រាបទៅកាន់រាជរដ្ឋាភិបាលទេ ខ្ញុំនៅតែបន្តបេសកកម្ម តាមមនសិការរបស់ ខ្ញុំ ដដែល “ ៕ កុលបុត្រ