ឡាប៊ូនបាចូ (ឥណ្ឌូណេស៊ី) ៖ នាយករដ្ឋមន្រ្តីវៀតណាម បានថ្លែងកោតសរសើរចំពោះការបើកព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ប្រកបដោយជោគជ័យ និងភាពអស្ចារ្យ។
នាយករដ្ឋមន្រ្តីវៀតណាម បានថ្លើងកោតសរសើរបែបនេះ ក្នុងឱកាសជួបពិភាក្សាការងារទ្វេភាគី ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទាំង២ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។
ក្នុងជំនួបនោះ លោកផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀត ណាម បានថ្លែងថា ការបើកព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យនិងភាព អស្ចារ្យ។
សម្តេចហ៊ុន សែន បានថ្លែងនូវការអរគុណចំពោះការកោតសរសើរពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាម។ ក្នុងឱ កាសនេះ សម្តេចហ៊ុន សែន បានថ្លែងប្រាប់លោកនាយករដ្ឋមន្ត្រី វៀតណាម ថាកម្ពុជាមានបំណង ទិញអគ្គិសនី ពីប្រទេសឡាវ ចេញមកកាន់កម្ពុជា ហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី ដោយថ្មីៗនេះ ដើម្បីទទួលបានកិច្ច ការងារនេះជោគជ័យក្នុងការអូសខ្សែបញ្ជូនក្រោមបាតសមុទ្រនោះក៏ត្រូវការភូមិ សាស្ត្រទឹកដីរបស់ វៀតណាម ខាងត្បូង តំបន់កាម៉ៅ បន្តឆ្ពោះទៅប្រទេសម៉ាឡេស៊ី និងបន្តទៅកាន់ ប្រទេស សិង្ហបុរី។ ក្នុងន័យនេះ សម្ដេចហ៊ុន សែន បានស្នើសុំនាយករដ្ឋមន្ត្រីវៀតណាម ជួយសម្របសម្រួលកិច្ចការនេះ ឲ្យទទួលបានជោគជ័យ ខណៈដែល កម្ពុជា ក៏បានរៀបចំឯកសារពាក់ព័ន្ធនានា ទៅកាន់ស្ថាប័នរបស់វៀតណាម រួចរាល់ហើយដែរ។
តបតាមការស្នើសុំរបស់សម្តេចហ៊ុន សែន លោកនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា លោកបានទទួល នូវព័ត៌មាននេះហើយ លោកនឹងបញ្ជូនទៅឲ្យក្រុមការងារជំនាញ ពិនិត្យទៅលើកិច្ចការនេះ។ នៅក្នុងឱកាសនេះ ដែរ លោកនាយករដ្ឋមន្ត្រីវៀតណាម បានគោរពអញ្ជើញសម្ដេចហ៊ុន សែន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម នាពេលខាងមុខផងដែរ៕ ខៀវទុំ