Thursday, April 25, 2024
Homeនយោបាយគណបក្សភ្លើងទៀន ប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ គ.ជ.ប បដិសេធចុះបញ្ជីឈរឈ្មោះបោះឆ្នោត

គណបក្សភ្លើងទៀន ប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ គ.ជ.ប បដិសេធចុះបញ្ជីឈរឈ្មោះបោះឆ្នោត

ភ្នំពេញ ៖ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេច បដិសេធការ ចុះបញ្ជីឈរឈ្មោះបោះឆ្នោត របស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ មូលហេតុដោយ សារគណបក្សនេះ មិនបានបំពេញគ្រប់លក្ខខណ្ឌនៃច្បាប់បោះឆ្នោត រួចមក គណបក្សភ្លើងទៀន បានកើតទុក្ខ មិនសុខចិត្ត ចេញសេចក្តីថ្លែងការណ៍ និងធ្វើសន្និសីទកាសែត ប្រកាសដាក់ពាក្យប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ ដោយមានជំនឿថា ក្រុមប្រឹក្សាធម្មនុញ្ញ នឹងចេញសេចក្តីសម្រេចយល់ព្រមឱ្យគណបក្សភ្លើងទៀន ចុះឈ្មោះ ក្នុងបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះ ឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ មានខ្លឹមសារថា «គណបក្សភ្លើង ទៀន មិនអាចទទួលយកបានឡើយ ចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិ កាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ដោយសំអាងមូលហេតុគណ បក្សភ្លើងទៀន មិនបានភ្ជាប់ជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហា ផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម។

គណបក្សភ្លើងទៀន បានផ្តល់ឯកសារគ្រប់គ្រាន់ ភ្ជាប់ជាមួយពាក្យសុំចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នូវឯកសារចំនួន៣ (បី) ដែលបញ្ជាក់អំពីភាពស្របច្បាប់ នៃការចុះបញ្ជីគណបក្សភ្លើងទៀន នៅក្រសួងមហាផ្ទៃ ដែលក្នុងនោះ រួមមាន ៖

១- ប្រកាសលេខ ១៩៣ ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះឈ្មោះក្នុងបញ្ជី គណបក្សនយោបាយ (ច្បាប់ថតចម្លង)។

២-លិខិតលេខ ២០២៤ សជណ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ស្តីពីការប្តូរឈ្មោះគណបក្ស សម រង្ស៊ី មកគណបក្សភ្លើងទៀន (មានបញ្ជាក់នីត្យានុកូលកម្ម)។

៣- លិខិតលេខ ០៤៣ប ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ស្តីពីការបញ្ជាក់ថា គណបក្សភ្លើង ទៀន បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីគណបក្សនយោ បាយ (មានបញ្ជាក់នីត្យានុកូលកម្ម)។

ឯកសារទាំង ០៣ (បី) ខាងលើនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីភាពស្របច្បាប់ នៃការចុះបញ្ជីគណបក្សភ្លើងទៀន ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលក្រសួងមហាផ្ទៃ បានទទួលស្គាល់ស្របតាម ច្បាប់ស្តីពី គណបក្សនយោបាយ។ ប៉ុន្តែ គ.ជ.ប នៅតែបដិសេធ ការចុះបញ្ជីគណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

គណបក្សភ្លើងទៀន យល់ឃើញថា សេចក្តីសម្រេចបដិសេធរបស់ គ.ជ.ប ចំពោះពាក្យសុំចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន នៅពេលនេះ គឺ ៖

១- ផ្ទុយពីចំណុចទី១ នៃមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងប្រការ ៤.៧ ចំណុច ៤.៧.៣.១ នៃបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលបានកំណត់ឱ្យគណបក្ស នយោបាយដែលបានដាក់ពាក្យចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវជូនភ្ជាប់ ជាមួយនូវ សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ។ នេះបញ្ជាក់ថា ច្បាប់និងនី តិវិធីរបស់ គ.ជ.ប ពុំបានតម្រូវឱ្យគណបក្សនយោបាយ ភ្ជាប់នូវប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់ នីត្យានុកូលកម្មនោះឡើយ។

២- ផ្ទុយពីការអនុវត្តការងាររៀបចំការបោះឆ្នោត នាពេលកន្លងមក ទាំងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិ ដែល គ.ជ.ប បានទទួលស្គាល់ការចូលរួមរបស់គណបក្សភ្លើងទៀន រួមទាំងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ជាពិសេសការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុក ដែលទើបបំបែក និងបង្កើតថ្មី ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ថ្មីៗកន្លងមកនេះ។

៣- ជាការបដិសេធ មិនទទួលស្គាល់លិខិតគតិយុត្តរបស់ក្រសួងមហាផ្ទៃ ដែលជាស្ថាប័នមាន សមត្ថកិច្ចក្នុង ការចុះបញ្ជីទទួលស្គាល់គណបក្សនយោបាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។

គណបក្សភ្លើងទៀន នឹងរៀបចំសំណុំឯកសារដាក់ពាក្យបណ្តឹងតវ៉ាចំពោះសេចក្តីសម្រេចរបស់ គ.ជ.ប ទៅក្រុម ប្រឹក្សាធម្មនុញ្ញ ហើយមានជំនឿយ៉ាងមុតមាំថា ក្រុមប្រឹក្សាធម្មនុញ្ញ នឹងចេញសេចក្តីសម្រេច យល់ព្រមឱ្យគណ បក្សភ្លើងទៀន ចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ជាផ្លូវការ…»។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ គណបក្សភ្លើងទៀន ក៏បានធ្វើសន្និសីទកាសែត នៅទីស្នាក់ ការកណ្ដាលគណបក្សភ្លើងទៀន ស្តីពី “សេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន” ដោយមានការចូលរួមពីលោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន លោកសុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន លោកគីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន និងថ្នាក់ ដឹកនាំគណបក្សនេះមួយចំនួនទៀត។ ក្នុងសន្និសីទកាសែតនោះ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បានថ្លែងថា មិនអាចទទួលយកបានទេនូវសេចក្តីសម្រចរបស់ គ.ជ.ប ដែលបានបដិសេធការចុះបញ្ជីឈរ ឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ហើយគណបក្សនេះ នឹងដាក់ពាក្យ បណ្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ បន្តទៀត។

គួរបញ្ជាក់ថា ការចេញសេចក្តីថ្លែងការណ៍ និងការធ្វើសន្និសីទកាសែត របស់គណបក្សភ្លើងទៀន ដោយប្រកាស ដាក់ពាក្យបណ្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីគណៈ កម្មាធិការជាតិរៀប ចំការ បោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេចបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោត របស់គណបក្សភ្លើង ទៀន ដោយសារមិនបំពេញគ្រប់លក្ខខណ្ឌនៃច្បាប់បោះឆ្នោត។

សេចក្តីសម្រេចរបស់ គ.ជ.ប ចុះថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២៣ បានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន២៥ (ម្ភៃប្រាំ) មណ្ឌលរាជធានី-ខេត្ត ដោយមូលហេតុ គណបក្សភ្លើងទៀន មិនបានភ្ជាប់ជាមួយនូវប្រកាសស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួង មហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្តក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រក ចេញចូលតែមួយ ឲ្យបានត្រឹមត្រូវ ស្របតាមលក្ខខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា០៧ នៃច្បាប់ស្ដីពីការ បោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ៕ ដារិទ្ធ

RELATED ARTICLES