Friday, April 26, 2024
Homeបរិយាយវប្បធម៌សុំទោស រួចខ្លួន

វប្បធម៌សុំទោស រួចខ្លួន

ដោយ អាចារ្យថាំ

តាមការកត់សម្គាល់ មន្ត្រីទុច្ចរិត ខិលខូចមួយចំនួន បំពានច្បាប់ រំលោភលើជនស្លូតត្រង់ លុះថ្នាក់លើព្រមានបកស័ក្តិ ដាក់គុក ក៏ចេញលិខិតសុំទោសប្រមុខរាជរដ្ឋាភិបាល ឬសុំខមាទោសសាមីជន ក៏ដូចប្រជាពលរដ្ឋ ក៏បានរួចទោសនោះទៅ។ ចំណែកពួកប្រឆាំងសំខាន់ៗ លុះទឹកដល់ច្រមុះ ស្រវាគល់ឈើ គឺដឹងថា គណបក្សប្រឆាំង ស្ទុះទៅមុខមិនរួច ក៏ផ្ញើលិខិតសុំទោស នាយករដ្ឋមន្ត្រី ទីបំផុត ក៏បានបុណ្យបានស័ក្តិ។ លុះអ្នកក្រោយឃើញអ្នកមុន “សុំទោសរួចខ្លួន បានស័ក្តិយស” ក៏ប្រឹងចេញ មុខប្រឆាំង តថ្លៃតំណែង ដែល “នគរធំ” ឃ្លាំមើលឃើញ ក៏លើកពី “វប្បធម៌សុំទោស រួចខ្លួន” មកធ្វើប្រធានបទ បរិយាយ ថ្ងៃនេះ

ជាច្រើនអាណត្តិមកហើយ ឬអាចនិយាយបានថា តាំងពីឆ្នាំ១៩៧៩មក គណបក្សប្រជាជនកម្ពុជា ប្រើយុទ្ធសាស្ត្រអូសទាញពួកប្រឆាំង ឱ្យចុះចូល តាំងពីសម័យខ្មែរក្រហម ធ្វើសកម្មភាពក្នុងព្រៃម៉្លេះ។ បើមេៗខ្មែរក្រហម ចេញសារភាព ក៏លើកលែងទោសឱ្យ បានបុណ្យបានស័ក្តិ ដែលជួនកាលត្រូវបញ្ចូលមួយក្រុមនៅក្នុងអង្គភាពកងយោធ ពលខេមរភូមិន្ទ។

ក្រោយបោះឆ្នោត អាណត្តិទី១ ឃើញមន្ត្រីហ៊្វុនស៊ិនប៉ិច ចុះចូលជាបន្តបន្ទាប់ ក្រោយពេលសុំទោសរួចរាល់ ក៏មានមន្ត្រី ខ្លះ នៅរក្សាមុខតំណែង តួនាទីរហូតដល់សព្វថ្ងៃ។

ដោយឡែក មន្ត្រី ឧត្តមសេនីយ៍ ឧកញ៉ាមួយចំនួន ក៏មានសាងអំពើអាក្រក់ ដូចជាបាញ់បោះសេរី គំរាមកំហែងអ្នកដទៃ លួចកាប់ឈើធ្វើអាជីវកម្ម ជួញគ្រឿងញៀន រំលោភយកដីពលរដ្ឋស្លូតត្រង់៘ លុះថ្នាក់លើ បានដឹង ក៏ចេញការព្រមានធ្ងន់ៗ ធ្វើឱ្យមន្ត្រី ឧត្តមសេនីយ៍ ឧកញ៉ានោះភ័យខ្លួន ក៏ប្រញាប់សុំទោស និងឃើញមានការសន្តោសប្រោសប្រណី មិនយកទោសពៃរ៍ ដោយអនុគ្រោះឱ្យនៅកាន់តំណែង ព្យាយាមកែខ្លួនឡើងវិញ។

ចំពោះពួកប្រឆាំង ដែលដើរតាមលោកសម រង្ស៊ី និងលោកកឹម សុខា រហូតមកទល់ពេលនេះ ក៏មានមួយចំនួន ភ្ញាក់រលឹក ផ្ញើលិខិតសុំទោសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសុំចុះចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក៏បានទទួល ក្តីអនុគ្រោះជាបន្តបន្ទាប់ ដូចជាលោកហ៊ុន កុសល យឹម ស៊ីណន កែត ឃី ជាដើម។

ទោះយ៉ាងណា “វប្បធម៌សុំទោស រួចខ្លួន” មិនអាចយកទៅប្រើជាមួយមនុស្សសាងកំហុសធ្ងន់បានឡើយ ដូចកណីសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនព្រមទទួលការសុំទោសពីលោកជា ប៉ូច ដែលហ៊ានហួសហេតុ ចង់ប្រមូលមនុស្សបះបោរ ទម្លាក់ នាយករដ្ឋមន្ត្រី។

សម្រាប់លោកកឹម សុខា ដោយសារគាត់មានទំនាក់ទំនងជាមួយអង្គទូតបរទេស រំលងពីលើអាជ្ញាធរដែនដី ទើបសម្តេច មិនអាចលើកលែងទោសឱ្យបានដែរ ព្រោះមិនទុកចិត្តបរទេស ដែលនៅពីក្រោយលោកកឹម សុខា។

ការលើកឡើងដោយត្រួសៗនេះ បង្ហាញថា “វប្បធម៌សុំទោស រួចខ្លួន” ធ្វើបានតែជាមួយបុគ្គលមួយចំនួន មានកំហុស ស្រាល តែបើធ្ងន់ពេក កែមិនឡើង លុះទឹកដល់ច្រមុះ ស្រវាគល់ឈើតោង ក៏មិនអាចជួយបានដែរ។

នៅក្នុងគម្ពីរ “កប្បកថា” ដែលនិយាយពីភ្លើងឆេះកប្ប ក៏បានតំណាលពីផែនដីដុះឡើងវិញ ក្រោយពីភ្លើងឆេះកប្ប រំលាយចោលរួចមក។ លុះផែនដីដុះ មនុស្សក៏កើតឡើងដែរ ប្រមូលផ្តុំជានគរ ខេត្ត ស្រុក មានស្តេច នាហ្មឺន រាស្ត្រ។

មុនដំបូង មនុស្សមិនទាន់ចេះលួចទេ លុះមនុស្សបែងចែងជាអ្នកមាន អ្នកក្រ ទើបមានចោរកើតឡើង។ រាជបុរស ចាប់ បានចោរ យកទៅថ្វាយស្តេច ជាបន្តបន្ទាប់ ស្តេចក៏សួរចោរម្នាក់ថា “ហេតុអ្វីបានជាអ្នកឯងលួច?” ចោរក៏ឆ្លើយថា “មកពីក្រ ពេក រកអ្វីទទួលទានមិនបាន” ស្តេចអាណិតអាសូរ ក៏ព្រះរាជទាន មាសប្រាក់ ស្បៀងអាហារ ដល់ចោរនោះ ក្លាយជាអ្នកមាន ធូរធារឡើង។

មនុស្សខ្ជិលឯទៀត បានដឹងថា ធ្វើចោរ បានមាសប្រាក់ពីព្រះមហាក្សត្រ ក៏នាំគ្នាធ្វើចោរដែរ លុះរាជបុរសចាប់បានលើក ក្រោយ ស្តេចទ្រង់ពិចារណាថា បើលើកលែងទោសឱ្យវា ចោរនឹងកើតច្រើនទៅៗ ទើបត្រាស់បង្គាប់ពេជ្ឈឃាតថា “នែ! ព្រះស្តែងទាំងឡាយ ចូរចងស្លាបសេកបុរសនេះឱ្យជាប់ ហើយកោរក្បាលឱ្យរលីង ទូងស្គរនាំបណ្តើរគ្រប់ច្រកល្ហក រួចនាំ ចេញទៅតាមទ្វារខាងត្បូង ហើយកាត់ក្បាលវាចេញ!” តាំងពីពេលនោះមក ចោរដឹងខ្លួនថា ស្តេចលែងប្រោសប្រណី ក៏បង្កើត ជាក្រុមពួក ឬចោរព្រៃចេញឆក់ប្លន់ប្រដាប់អាវុធ កាន់តែសាហាវលើសដើម។ ចោរកម្ម ធ្វើយ៉ាងណាក៏មិនចេះផុតពូជដែរ ចុះទម្រាំ “អំពើពុករលួយក្នុងសង្គម” តើធ្វើម៉េចអាចបោសសម្អាតបាន ១០០% នោះ?

បុគ្គលសាងកំហុសធ្ងន់ ដែលគួរលើកលែងទោសឱ្យ លុះត្រាតែមានឧបនិស្ស័យផងដែរ ដូចករណី “អង្គុលីមាល៍ មហាចោរ” ដែលសម្លាប់មនុស្ស ៩៩៩នាក់ កាត់យកតែម្រាមដៃនោះ ត្រូវបានព្រះពុទ្ធ បរមគ្រូ លើកលែងទោស ឱ្យបួសជាសង្ឃ ដោយសារមហាចោរនោះ មានឧបនិស្ស័យ បានសម្រេចព្រះអរហត្តផល រីឯកម្មដែលគាត់បានសាងនោះ ក៏រលាយបាត់ទៅ ហៅថា “អហោសិកម្ម”។

អ្នកនយោបាយប្រឆាំង ដែលគួរលើកលែងទោស ក៏មិនគ្រប់គ្នានោះដែរ ដូចករណីមេប្រឆាំង សម រង្ស៊ី ទោះក្នុងតម្លៃ ណា ក៏សម្តេចហ៊ុន សែន មិនអាចស្នើសុំព្រះរាជក្រឹត្យលើកលែងទោសបានដែរ។ រីឯលោកកឹម សុខា ដែលកំពុងជាប់សំណាញ់ ច្បាប់ បើកទ្វាររបងឱ្យអង្គទូតបរទេស ចេញចូលជាបន្តបន្ទាប់ មិនដឹងថា គាត់និយាយយ៉ាងម៉េចខ្លះ ជាមួយពួកច្រមុះស្រួច ក៏ពិបាកលើកលែងទោសឱ្យដែរ។ លោកជា ប៉ូច អតីតតំណាងរាស្ត្រនៃអតីតបក្សសង្គ្រោះជាតិ (CNRP) បានទៅចូលរួម ជាមួយបក្សភ្លើងទៀន ដែលភ័យខ្លាចគុក រត់ឡើងយន្តហោះ ទៅដល់អូស្ត្រាលី ក្រោមលេសព្យាបាលជំងឺបេះដូង ក៏គ្មាន សង្ឃឹមថា បានទទួលការលើកលែងពីប្រមុខ CPP។

ឥឡូវគេដឹងថា ពួកប្រឆាំងខ្លះទៀត ដឹងថា អ្នកចុះចូលបានបុណ្យស័ក្តិ បានតំណែង ក៏ព្យាយាម “ប្រឆាំងតថ្លៃ” ក្រែងគេ មើលឃើញ ហាហៅទៅឱ្យកៅអីណាមួយក្នុងជួររដ្ឋាភិបាល ប៉ុន្តែភ្លេចគិតពីសុភាសិតថា “គេបបួល កុំឱ្យខាន ឃើញគេបាន កុំឱ្យទៅ” មានន័យថា យើងទៅក្រោយគេ ជួនកាល ដូចរឿងចោរដែលស្តេចត្រាស់បង្គាប់ពេជ្ឈឃាត ឱ្យយកទៅកាត់ក្បាល ទុកជាបម្រាម។ សព្វថ្ងៃកម្ពុជា គ្មានទោសប្រហារជីវិតទេ ប៉ុន្តែជាប់គុក ស៊ីបាយក្រហម ក៏មិនស្រួលប៉ុន្មានដែរ។

“វប្បធម៌សុំទោស រួចខ្លួន” លុះត្រាតែមានសម្ពាយបុណ្យជួយតម្រង់ផងដែរ ទើបទទួលបានការលើកលែងទោស ដូច ករណីមេខ្មែរសេរី ព្រាប អ៊ិន ត្រូវពេជ្ឈឃាតយកទៅបាញ់ចោលនៅភ្នំត្រពាំងក្រឡឹង។ ផ្ទុយទៅវិញ ជាប់ទោសដូចគ្នាសោះ បែរជាខ្មែរសេរី ឈ្មោះសាំង សន បានទទួលការប្រោសព្រះរាជទានទោសពីសម្តេចព្រះប្រមុខរដ្ឋ អាចថាមកពីសាំង សន មានឧបនិស្ស័យ។

សរុបទៅ “វប្បធម៌សុំទោស រួចខ្លួន” មិនចេះតែបានគ្រប់បុគ្គលនោះទេ។ កុំថាឡើយតែពួកប្រឆាំង សូម្បីតែមន្ត្រី ឧត្តមសេនីយ៍ ឧកញ៉ាខិលខូចខ្លះ ជាប់គុកមិនទាន់រួចផង ទោះជាពួកគេបានសុំទោស ក៏មិនបានផល។ វប្បធម៌នេះ ជា “យុទ្ធសាស្ត្រ ឈ្នះឈ្នះ” របស់បក្សកាន់អំណាច នៅតែបន្តធ្វើជានិច្ច ប៉ុន្តែធ្វើដោយការប្រុងប្រយ័ត្ន អ្នកណាគួរអត់ឱន? អ្នកណាគួរបន្ថែម ទោស? ដែលជាបរិបទសម្រាប់អ្នកសាងកំហុស ពិចារណាតាមការគួរ…៕

RELATED ARTICLES