បើទោះជាកាលពីថ្ងៃអង្គារគណបក្សទាំង៨បានយល់ព្រមចុះអនុស្សារណយោគយល់គ្នា ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះយ៉ាងណាក៏ដោយ វានៅតែមានឧបសគ្គមួយចំនួនកំពុងធ្វើអោយមានការរាំងស្ទះ។ក្នុងចំណោមឧបសគ្គទាំងនោះគេសង្កេតឃើញមានបីធំៗរួមមាន៖គណបក្សភឿថៃ សកម្មជនច្បាប់និងសមាជិកព្រឺទ្ធសភា ។

គណបក្សភឿថៃគំរាមដកខ្លួនចេញបើមិនបានតំណែងប្រធានសភា
គណបក្សភឿថៃដែលទទួលសំឡេងឆ្នោតគាំទ្រទីពីរបានទម្លាក់តម្រុយយ៉ាងច្បាស់ថាខ្លួនចង់បានតំណែងប្រធានសភាបើមិនដូច្នោះនឹងដកខ្លួនចេញរដ្ឋាភិបាលចម្រុះ៨គណៈបក្ស។ដៃគូសម្ព័ន្ធដែលមានសក្តានុពលបានប្រកាសថា វានឹងមានភាពអយុត្តិធម៌ ប្រសិនបើ គណបក្សឆ្ពោះទៅមុខសម្រេចចិត្តដឹកនាំទាំងផ្នែកប្រតិបត្តិ និងនីតិបញ្ញត្តិរបស់រដ្ឋាភិបាល។
សមាជិកកំពូលពីររូបនៃគណបក្សភឿថៃបានសម្តែងការខកចិត្តមួយថ្ងៃបន្ទាប់ពីលោក Piyabutr Saengkanokkul អតីតអគ្គលេខាធិការគណបក្សអនាគតឆ្ពោះទៅមុខ(Future Forward) បាននិយាយនៅក្នុងហ្វេសប៊ុកថាគណបក្សឆ្ពោះទៅមុខ(Move Forward) ក៏ត្រូវតែទទួលតំណែងប្រធានសភាផងដែរ។
មេដឹកនាំគណបក្សភឿថៃ លោក Cholnan Srikaew បានឆ្លើយតបកាលពីថ្ងៃពុធដោយនិយាយថា ទស្សនៈរបស់ Piyabutr អាចប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ ឬកិច្ចពិភាក្សាជុំវិញមុខតំណែងនាយករដ្ឋមន្ត្រី។
លោក Cholnan បានថ្លែងថា៖ «ខ្ញុំជឿថាការលើកឡើងបែបនេះមិនមានហេតុផលល្អសម្រាប់កិច្ចពិភាក្សានោះទេ។
លោកបន្តថា វាមិនចាំបាច់ទេដែលគណបក្សដែលមានសមាជិកសភាច្រើនជាងគេក៏គួរឈ្នះតំណែងប្រធានសភាដែរ។ ផ្ទុយទៅវិញលោកបាននិយាយថា អ្វីគ្រប់យ៉ាងគួរតែសម្រេចក្នុងការចរចា។
ជាមួយគ្នានេះដែរលោក Adisorn Piangket សមាជិកសភាគណបក្សភឿថៃដែលជាប់ឆ្នោតបាននិយាយថា ប្រសិនបើចលនាឆ្ពោះទៅមុខចង់កាន់តំណែងទាំងនាយករដ្ឋមន្ត្រី និងប្រធានសភា វាគួរតែទទួលបាន៣៧៧ អាសនៈនៅក្នុងសភាជាន់ទាប ដូចដែលគណបក្សថៃរ៉ាក់ថៃបានធ្វើកាលពីឆ្នាំ ២០០៦ ។
សមាជិកព្រឹទ្ធសភាមិនទាន់បង្ហាញជំហរគាំទ្រលោកPita
សមាជិកព្រឹទ្ធសភាភាគច្រើនមិនទាន់សម្រេចចិត្តថាតើពួកគេនឹងគាំទ្រមេដឹកនាំគណបក្សឆ្ពោះទៅមុខ(MFP) លោក Pita Limjaroenrat ធ្វើជានាយករដ្ឋមន្ត្រីនោះទេ ។នេះបើយោងតាមសមាជិកព្រឹទ្ធសភាដែលនិយាយមិនសំចៃមាត់លោក Wanchai Sornsiri។
លោកបាននិយាយថាសមាជិកព្រឹទ្ធសភាបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហានេះកាលពីថ្ងៃសុក្រប៉ុន្តែមតិរបស់ពួកគេមិនតំណាងឱ្យជំហរចុងក្រោយរបស់ពួកគេឬបង្ហាញពីរបៀបដែលពួកគេនឹងបោះឆ្នោតនោះទេ។
លោកបាននិយាយថាសមាជិកព្រឹទ្ធសភាមានជម្រើសបីគឺទីមួយបោះឆ្នោតឱ្យលោកPitaទី២មិនបោះឆ្នោតនិងទី៣បោះឆ្នោតអនុបវាទទប៉ុន្តែវាពិបាកក្នុងការនិយាយថាតើភាគច្រើននឹងសម្រេចចិត្តដូចម្តេចហើយមនុស្សជាច្រើននឹងធ្វើការសម្រេចចិត្តរហូតដល់ថ្ងៃបោះឆ្នោត។
លោក Wanchai ក៏បាននិយាយផងដែរថា លោកប្រកាន់ជំហររបស់លោកថា លោកនឹងបោះឆ្នោតឱ្យបេក្ខជននាយករដ្ឋមន្ត្រីដែលត្រូវបានតែងតាំងដោយក្រុមចម្រុះដែលគ្រប់គ្រងដើម្បីទទួលបានអាសនៈសភាជាន់ទាបច្រើនជាង២៥០។

សកម្មជនច្បាប់ប្តឹងEC រំលាយគណបក្សឆ្ពោះទៅមុខ
លោក Ruangkrai Leekitwattana ដែលហៅខ្លួនឯងថាជាសកម្មជនច្បាប់កាលពីថ្ងៃពុធបានដាក់ឯកសារបន្ថែមទៀតទៅកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC)ដែលលោកបានចោទប្រកាន់ លោក Pita មេដឹកនាំគណបក្សឆ្ពោះទៅមុខមិនមានសិទ្ធិចូលរួមប្រកួតប្រជែងការបោះឆ្នោតដោយសារតែ បានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ។
លោកRuangkraiក៏បានទាមទារឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតរំលាយ គណបក្ស ឆ្ពោះទៅមុខ និងគណបក្សនយោបាយចំនួនប្រាំពីរផ្សេងទៀតដែលខ្លួនកំពុងបង្កើតរដ្ឋាភិបាលចម្រុះ។
កាលពីថ្ងៃទី 9 ឧសភា លោក Ruangkrai បានដាក់ពាក្យបណ្តឹងទៅកាន់ EC ដោយចោទប្រកាន់ថា Pita កាន់កាប់ភាគហ៊ុនក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ITV Plc ចំនួន៤២០០០ ។
ពាក់ព័ន្ធនឹងករណីនេះលោកPita បានច្រានចោលពាក្យបណ្តឹងដំបូងថាមិនសមហេតុផល ។ លោក Ruangkrai បាននិយាយថា មាត្រា ៩៨ (៣) នៃរដ្ឋធម្មនុញ្ញហាមម្ចាស់ ឬម្ចាស់ភាគហ៊ុនក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតជាតិ។
លោកប្រាយុទ្ធចាន់អូចាធានាផ្ទេអំណាចដោយរលូន
នាយករដ្ឋមន្ត្រីចាំផ្ទះលោកប្រាយុទ្ធ ចាន់អូចាកាលពីថ្ងៃអង្គារបានធានាថានឹងមានការផ្ទេអំណាចដោយរលូនពីរដ្ឋាភិបាលចាំផ្ទះទៅរដ្ឋាភិបាលថ្មីដោយបន្ថែមថាវិធានការគ្រប់គ្រាន់កំពុងត្រូវបានរក្សាដើម្បីពង្រឹងសេដ្ឋកិច្ចក្នុងអំឡុងពេលដំណើរការនេះ។

ឧត្តមសេនីយ៍ប្រាយុទ្ធបាននិយាយថាដោយសារប្រទេសនឹងត្រូវដើរទៅមុខ យើងត្រូវបន្តធ្វើការដើម្បីថែរក្សាប្រជាជន ខណៈពេលដែលនៅតែរង់ចាំរដ្ឋាភិបាលថ្មីចូលមក។
លោកបានមានប្រសាសន៍ថា សូមកុំបង្កើតបញ្ហាបន្ថែមទៀត។ ខ្ញុំផ្ទាល់ជាធម្មតាមិនមានបញ្ហាជាមួយភាគីណាមួយទេ ហើយខ្ញុំគោរពដំណើរការប្រជាធិបតេយ្យដែលកំពុងបន្ត។
ឧត្តមសេនីយ ប្រាយុទ្ធ ក៏បាននិយាយដែរថា រឿងតែមួយគត់ដែលលោករំពឹងថានឹងកើតឡើង គឺសន្តិភាពក្នុងប្រទេស ហើយក្នុងនាមជានាយករដ្ឋមន្ត្រីចាំផ្ទះ លោកនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីបំពេញកាតព្វកិច្ចរហូតដល់រដ្ឋាភិបាលថ្មីចូលកាន់ដំណែង៕