Wednesday, April 24, 2024
Homeនយោបាយបក្សកាន់អំណាចថា សម រង្ស៊ី ចង់ប្រៀបអោងសាន ស៊ូជី មកជាប់គុក ១៦០ឆ្នាំសិន

បក្សកាន់អំណាចថា សម រង្ស៊ី ចង់ប្រៀបអោងសាន ស៊ូជី មកជាប់គុក ១៦០ឆ្នាំសិន

ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា បើលោកសម រង្ស៊ី អតីតមេបក្ស ប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ចង់ប្រៀប ធៀបនយោបាយរបស់ខ្លួន ក្នុងនាមមេបក្សប្រឆាំងនៅកម្ពុជា ទៅនឹងវីរភាពនយោបាយរបស់លោកស្រី អោង សាន ស៊ូជី មេដឹកនាំប្រឆាំង នៅភូមា ទាល់តែមកជាប់គុក ១៦០ឆ្នាំ តាមសាលក្រម សាលដីកាតុលាការ ដែល បានកាត់ទោសរួចហើយនោះសិន ។

 លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ថា ការដែលទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ប្រៀបធៀបខ្លួនឯងទៅនឹងលោកស្រីអោងសាន ស៊ូជី នៃ ប្រទេសភូមាន នោះ អត់ត្រូវទាល់តែសោះ ព្រោះលោកស្រីសុខចិត្តជាប់គុកនៅក្នុងស្រុក ដោយរបប យោធា ដាក់ទោស មិនធ្វើសកម្មភាពនយោបាយអីដើម្បីបំផ្លាញប្រទេសជាតិរបស់គាត់ទេ ហើយកន្លងទៅ គណបក្ស របស់លោកស្រីអោងសាន ស៊ូជី ឈ្នះឆ្នោតលើសលប់ ។ ចំណែកលោកសម រង្ស៊ី ដឹកនាំបក្សប្រឆាំងនៅកម្ពុជា មិនដែលបានឈ្នះម្ដងណាទេ បានត្រឹមតែស្រែកថាឈ្នះៗ ហើយមកដល់ពេលនេះ ខណៈឃើញបក្សប្រឆាំង នៅថៃ គឺគណបក្សចលនាឆ្ពោះទៅមុខ ឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ទណ្ឌិតរូបនេះ ក៏យកមកប្រៀបធៀបជាមួយ អតីតបក្សប្រឆាំង របស់ខ្លួនទៀត ដែលជាការប្រៀបធៀបមិនត្រឹមត្រូវ ។ លើសពីនេះទៅទៀត ក្នុងច្បាប់ស្ដីពី គណបក្សនយោបាយ ច្បាប់ស្ដីពីការបោះឆ្នោត បានបញ្ជាក់ហើយ បើគណបក្សណាមួយដែលផ្សារភ្ជាប់ នឹង ឧក្រិដ្ឋជន គណបក្សនោះ នឹងត្រូវរំលាយចោល ហេតុអីទណ្ឌិតសម រង្ស៊ី ដែលរត់គេខ្លួនទៅក្រៅប្រទេស មាន សិទ្ធិមកនិយាយជំនួសមេដឹកនាំបក្សភ្លើងទៀន? ពោលគឺបើភ្លៀងទៀន ត្រូវបានរំលាយ ដោយសារឧបាយកល របស់ទណ្ឌិតនេះ ចង់ឲ្យភ្លើងទៀនរលាយ ។

 លោកសុខ ឥសាន បានមានប្រសាសន៍ថា “យើងដឹងហើយ វាជាទម្លាប់របស់មេដឹកនាំអតីតបក្សប្រឆាំង ។ ឃើញកន្លែងប្រៀបធៀបប្រទេសជិតខាងយើង ឬប្រទេសនៅលើពិភពលោក កន្លែងណាដែលគេហៅ ថាជា ចំណុចល្អ គេប្រៀបខ្លួនគេទៅជាចំណុចល្អ ហើយពាក់ព័ន្ធសម រង្ស៊ី ជាមួយនឹងលោកស្រីអោងសាន ស៊ូជី គឺវាខុសគ្នាមេឃនិងដី ពីព្រោះលោកស្រីអោងសាន ស៊ូជី យើងដឹងហើយ គាត់សុខចិត្តជាប់គុកនៅក្នុងស្រុក ដោយរបបយោធាដាក់ទោសគាត់ គាត់មិនទៅណា ហើយគាត់ក៏មិនមានសកម្មភាពនយោបាយអី ដើម្បីបំផ្លាញ ប្រទេសជាតិរបស់គាត់ទេ ដោយសុខចិត្តនៅស្ងៀម ហើយកន្លងទៅ គណបក្សរបស់លោកស្រីអោងសាន ស៊ូជី ឈ្នះឆ្នោតលើសលប់ ។ ហើយសម្រាប់បក្សប្រឆាំង របស់ទណ្ឌិតសម រង្ស៊ី ដែលធ្វើជាប្រធាននេះ នៅឆ្នាំ២០១៣ គឺថា បាន៤៥% ហើយ៤៥% មិនគ្រប់ចំនួនសំឡេងដើម្បីដឹកនាំប្រទេសទេ គេមិនហៅថាគណបក្សឈ្នះទេ បើ កាលណាអត់គ្រប់សំឡេង ៥០% ឬលើស៥០% គេមិនគិតថា គណបក្សនោះជាគណបក្សឈ្នះទេ ពីព្រោះអត់មាន លទ្ធភាពក្នុងការបង្កើតរាជរដ្ឋាភិបាល ស្របទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើស តាំងតំ ណាង រាស្រ្ត ។ អ៊ីចឹងទេ គឺថាខ្លួនបាន ៥៥កៅអី ហើយខ្លួននៅខ្វះប៉ុន្មានទៀត បើគិត៥៥ ដល់៦៨ វានៅ ៨អាសនៈទៀត បានគ្រប់ តែដោយឡែកគណបក្សប្រជាជនកម្ពុជា បាន៦៨ ពួកប្រឆាំងនិយាយថា គណបក្សប្រជាជនចាញ់ ហើយចាញ់យ៉ាងម៉េច បើលើសពី៦៣ហើយ? អាហ្នឹងយើងគិតមើល? ដូច្នេះការដែលសម រង្ស៊ី ប្រៀបធៀបខ្លួន ឯងទៅនឹងអោងសាន ស៊ូជី អត់ត្រូវទាល់តែសោះ វាផ្ទុយគ្នា ហើយដោយឡែកឥឡូវនេះ បក្សប្រឆាំងនៅថៃ ឈ្នះឆ្នោតភ្លូកទឹក ភ្លូកដី សម រង្ស៊ី ចង់យកមកប្រៀបធៀបជាមួយនឹងបក្សប្រឆាំងនៅថៃ ។

តាមពិតបក្សប្រឆាំងនៅថៃ មានប្រវត្តិល្អរបស់គេ បង្កើតដោយក្រុមយុវជនដែលមានគំនិតជឿនលឿននិយម ហើយគេយកឈ្នះ ។ កន្លងទៅហ្នឹង មិនមែនចលនាទៅមុខ របស់ក្រុមយុវជនដែលបង្កើតមកហ្នឹងចាញ់ឆ្នោត ជាគណបក្សប្រឆាំងឯណា បក្សប្រឆាំង ត្រូវជាបក្សប្រឆាំង ដោយសារតែរបបយោធាធ្វើរដ្ឋប្រហារ ដណ្ដើមយក អំណាច អាហ្នឹងតែប៉ុណ្ណឹងទេ ។ ដូច្នេះហើយគឺថា ក្នុងការអនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន របស់ប្រជាពលរដ្ឋថៃ យើងឃើញហើយ បក្សចលនាឆ្ពោះទៅមុខ ហ្នឹង មិនមែនជាបក្សប្រឆាំងទេ តែជាបក្សដែលបង្កើតឡើង ហើយ មានការទាក់ទាញ មានកម្មវិធីនយោបាយដែលប្រជាពលរដ្ឋគាំទ្រ ។ អ៊ីចឹងទេ បានជាប្រជាពលរដ្ឋបោះ ឆ្នោតឲ្យ គាត់ ។ ដូច្នេះហើយបើសម រង្ស៊ី យកគណបក្សសង្រ្គោះជាតិ ទៅប្រៀបធៀបនឹងចលនាឆ្ពោះទៅមុខ ហ្នឹង អាហ្នឹង មិនត្រឹមត្រូវទេ ពីព្រោះយើងនេះបង្កើតតាំងពីឆ្នាំ១៩៩៥ រហូតអត់មានលទ្ធភាពបានសំឡេងលើសពី ៥០%បូក១ ដើម្បីបង្កើតរដ្ឋាភិបាល ហើយម្យ៉ាងទៀត គឺថា សំឡេងរបស់ខ្លួនហ្នឹង ជាសំឡេងចាញ់ ហើយខ្លួនចេះតែស្រែក ខ្លួនឯងថាឈ្នះៗ ។ ការប្រកួតនៅក្នុងសង្គមប្រជាធិបតេយ្យសេរី ការប្រែប្រួលសំឡេង វាមិនទៀងទេ ដូចគណ បក្សប្រជាជនហ្នឹង ពីមុនបានប៉ុន្មាន យើងគិតមើល? គឺ៩០ បន្ទាប់មក ៧៤ បន្ទាប់មក៦៨ ក៏ប៉ុន្តែទោះបីថា មានការ ប្រែប្រួលខាងសំឡេងឆ្នោត ក៏ពិតមែន ក៏ប៉ុន្តែគណបក្សប្រជាជន នៅតែឈ្នះដឹកនាំប្រទេសដដែលដឹងហ្នឹង មានរឿងអី? ហើយខ្លួនឯងឡើងពី១៥ ២៦ ២៤ ហើយបន្ទាប់មកឡើងដល់៥៥ ហើយខ្លួនឯងថា ខ្លួនឯងឈ្នះ ។ វាឈ្នះតែផ្ទៃក្នុងខ្លួនឯងទេ ព្រោះអាឈ្នះហ្នឹង វាអត់មានលទ្ធភាពក្នុងការបង្កើតរាជរដ្ឋាភិបាល ដឹកនាំប្រទេស ឯណា ។ អាហ្នឹងបានសេចក្ដីថា ខ្លួនឯងបាន៥៥ ឬ៥៨ ឬ៦០ អ្នកឯងក៏នៅតែជាគណបក្សចាញ់ដែរ“ ។

 លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “យើងដឹងហើយថា ក្នុងច្បាប់ស្ដីពីគណបក្សនយោបាយ ច្បាប់ស្ដីពីការបោះឆ្នោតបានបញ្ជាក់ហើយ បើគណបក្សណាមួយដែលផ្សារភ្ជាប់នឹងឧក្រិដ្ឋជន អាហ្នឹងគណ បក្សនោះ នឹងត្រូវរំលាយចោល អាហ្នឹងច្បាប់ស្ដីពីគណបក្សនយោបាយ ច្បាស់លាស់ហើយ ។ ដូច្នេះហើយយើងយល់ថា ទណ្ឌិតសម រង្ស៊ី ជាមេឧទ្ទាមក្រៅច្បាប់ ជាទណ្ឌិតរួចទៅហើយ រត់គេចខ្លួន ហើយដំណើរការបក្សភ្លើងទៀន ឆ្ពោះទៅរកការសុំចុះបញ្ជីដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត ហើយមិន បានសម្រេច មូលហេតុអីទណ្ឌិតហ្នឹងមានសិទ្ធិអីមកនិយាយជំនួសមេដឹកនាំបក្សភ្លើងទៀន? អ៊ីចឹងទេបាន ជាខ្ញុំនិយាយថា មេឧទ្ទាមក្រៅច្បាប់នេះ មានឧបាយកលចង់ឲ្យគណបក្សភ្លើងទៀន រលាយ ដូចគណបក្ស សង្រ្គោះជាតិ របស់ខ្លួនដែរ ពីព្រោះបើកាលណាឈឺឆ្អាល ហើយបើសិនណាជាក្រុមមេដឹកនាំបក្សភ្លើងទៀន ហ្នឹងហ៊ានតែផ្សារភ្ជាប់នឹងរូបភាព ក៏ដូចជាសកម្មភាពរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី នេះ ខ្ញុំយល់ថា វាជាទឡ្ហីករណ៍មួយ ដែលធ្វើឲ្យក្រសួងមហាផ្ទៃ លោកមើលឃើញថា គណបក្សភ្លើងទៀន បានគប់គិតជា មួយនឹងទណ្ឌិត និងឧក្រិដ្ឋជន ។ ដូច្នេះហើយវាត្រូវតែស្នើទៅតុលាការកំពូល ដើម្បីវិនិច្ឆ័យឲ្យរំលាយ ចោល គណបក្សភ្លើងទៀន ហ្នឹង ។ អ៊ីចឹងឥឡូវនេះយើងទុកលទ្ធភាពជូនក្រសួងមហាផ្ទៃ ដែលមានសមត្ថកិច្ច សម្រាប់ តាមដានសកម្មភាពរបស់ឧក្រិដ្ឋជនសម រង្ស៊ី ជាមួយនឹងភ្លើងទៀន ថាតើវាមានការផ្សារភ្ជាប់ជាមួយគ្នាដែរឬទេ? អាហ្នឹងគឺថា បើផ្សារភ្ជាប់ គេរកឃើញឯកសារពិតប្រាកដហើយ អាហ្នឹងគឺថា ចៀសមិនរួចពីការរំលាយទេ ហើយបើភ្លៀងទៀនត្រូវបានរំលាយ ខ្ញុំយល់ថា អានេះដោយសារឧបាយកលរបស់ទណ្ឌិត ចង់ឲ្យភ្លើងទៀន រលាយហ្នឹងឯង“ ។

  គួរបញ្ជាក់ថា ការដែលអ្នកនាំពាក្យគណបក្សកាន់អំណាច លើកឡើងថា លោកសម រង្ស៊ី ឈឺឆ្អាលនឹងគណ បក្សភ្លើងទៀន អាចធ្វើឲ្យគណបក្សភ្លើងទៀន រលាយនោះ បានធ្វើឡើងក្រោយពេលដែលលោកសម រង្ស៊ី បានចោទសម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថាខ្លាចគណបក្សភ្លើងទៀន ទើបប្រើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រារាំងមិនឲ្យគណបក្ស ភ្លើងទៀន បានចូលរួមប្រកួតប្រជែងការបោះឆ្នោត តាមរយៈការបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោត ។

 លោកសម រង្ស៊ី បានបញ្ជាក់តាមទំព័របណ្ដាញសង្គមហ្វេសប៊ុក របស់លោកថា សម្ដេចហ៊ុន សែន មិនហ៊ាន ឲ្យគណបក្សភ្លើងទៀន ចូលប្រកួតក្នុងការបោះឆ្នោត ឆ្នាំ២០២៣ នេះទេ ពីព្រោះគាត់ខ្លាចចាញ់ គណបក្ស ភ្លើង ទៀន ជាពិសេស នៅរាជធានីភ្នំពេញ ដូចដែលគណបក្សប្រជាជនកម្ពុជា បានចាញ់គណបក្ស សម រង្ស៊ី ក្នុងការ បោះឆ្នោត ឆ្នាំ២០០៣ និងបានចាញ់គណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោត ឆ្នាំ២០១៣។ លោកសម រង្ស៊ី រំលឹក ថា ក្នុងការបោះឆ្នោត ឆ្នាំ២០០៣ គណបក្ស សម រង្ស៊ី បានទទួល ៦ អាសនៈរដ្ឋសភា លើ ១២អាសនៈ សម្រាប់ មណ្ឌលរាជធានីភ្នំពេញ ហើយគណបក្សប្រជាជនកម្ពុជា បានទទួលតែ ៤អាសនៈទេ។ ឯគណបក្សហ៊្វុនស៊ិនប៉ិច បានទទួល ២អាសនៈ។ ចំពោះការបោះឆ្នោត ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ បានទទួល ៧អាសនៈរដ្ឋសភា លើ ១២អាសនៈ សម្រាប់មណ្ឌលរាជធានីភ្នំពេញនេះ ហើយគណបក្សប្រជាជនកម្ពុជា បានទទួលតែ ៥អាសនៈ ទេ ។ ក្នុងការបោះឆ្នោត ឆ្នាំ២០២៣ នេះ លោកសម រង្ស៊ី ថាសម្ដេចហ៊ុន សែន បានចាត់ឲ្យកូនគាត់ ហ៊ុន ម៉ាណែត ឈរជាបេក្ខជនលេខរៀងទី១ លើបញ្ជីបេក្ខជនគណបក្សប្រជាជនកម្ពុជា ១២រូប សម្រាប់មណ្ឌលរាជធានី ភ្នំ ពេញ ។ លោកថា បើលោកហ៊ុន ម៉ាណែត ចាញ់បេក្ខជនលេខរៀងទី១ របស់គណបក្សភ្លើងទៀន សម្រាប់រាជធានី ភ្នំពេញ ក្នុងការបោះឆ្នោតឆ្នាំ២០២៣ នេះ លោកហ៊ុន ម៉ាណែត មិនអាចធ្វើជានាយករដ្ឋមន្ត្រី ជំនួស សម្ដេច ហ៊ុន សែន បានទេ ពីព្រោះឃើញថាអន់ពេក តាំងពីដើមទី។ ដូច្នេះសម្ដេចហ៊ុន សែន ត្រូវតែរារាំងដាច់ខាត មិនឲ្យ គណបក្សភ្លើងទៀន ចូលរួមក្នុងការបោះឆ្នោត ឆ្នាំ២០២៣ នេះ ។  ជាពិសេសលោកសម រង្ស៊ី បានលើក ឡើង ក្នុងន័យអំពាវនាវថា សហគមន៍ប្រជាធិបតេយ្យពិភពលោក ត្រូវដកភាពស្របច្បាប់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចហ៊ុន សែន ក្រោយពីការបោះឆ្នោតក្លែងក្លាយ ដោយគ្មានគណបក្សភ្លើងទៀន ចូលរួម ។

 ជាមួយគ្នានេះ តាមរយៈទំព័របណ្ដាញសង្គមហ្វេសប៊ុក ដដែល លោកសម រង្ស៊ី ក៏បានអបអរសាទរ កម្លាំងប្រជា ធិបតេយ្យ នៅប្រទេសថៃ ដែលបានទទួលជ័យជម្នះដ៏ត្រចះត្រចង់ ក្រោយពីគណៈកម្មាធិការរៀបចំការ បោះ ឆ្នោតថៃ (EC) បានបញ្ចប់ការរាប់សន្លឹកឆ្នោត កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បង្ហាញថា គណបក្សចលនាឆ្ពោះទៅមុខ (MFP) ដឹកនាំដោយក្រុមយុវជន បានទទួលអាសនៈសរុប ១៥១ គណបក្សភឿថៃ ដឹកនាំដោយកូនស្រីអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ ទទួលបាន ១៤១ អាសនៈ គណបក្សភូមិចាយថៃ បាន ៧១ អាសនៈ គណបក្សអំណាចប្រជាជន បាន ៤០អាសនៈ និងគណបក្សថៃរួបរួមជាតិ របស់មេដឹកនាំយោធាបច្ចុប្បន្ន  នាយករដ្ឋមន្រ្តីចាំផ្ទះ ប្រាយុទ្ធ ច័ន្ទអូឆា បានតែ ៣៦អាសនៈ ៕ កុលបុត្រ

RELATED ARTICLES