Tuesday, April 23, 2024
Homeព័ត៌មានជាតិព្រះមហាក្សត្រកម្ពុជា យាងបំពេញព្រះរាជទស្សន កិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា

ព្រះមហាក្សត្រកម្ពុជា យាងបំពេញព្រះរាជទស្សន កិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានសព្វព្រះរាជហឫទ័យ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌា។

បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកនោះ មានវត្ត មានសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រះរាជវង្សានុវង្ស មន្ត្រី ជាន់ខ្ពស់កម្ពុជា អង្គទូតបរទេសនានា រួមទាំងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផងដែរ។

យោងតាមក្រសួងការបរទេស បានឱ្យដឹងថា ព្រះរាជដំណើរបំពេញព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង នៅប្រទេសឥណ្ឌា នាពេលនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ តបតាមការយាងរបស់លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា។ ព្រះរាជដំណើរទស្សនកិច្ច របស់ព្រះមហាក្សត្រខ្មែរ នៅប្រទេសឥណ្ឌានាពេលនេះ ចំពេលដែលប្រទេសទាំងពីរ កំពុងអបអរ សាទរខួប អនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។

បើតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងទៀតថា ក្នុងអំឡុងពេលនៃព្រះរាជទស្សនកិច្ចនេះ លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា និងលោកណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា នឹង ទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែល ក្នុងឱកាសនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នឹងត្រូវលើកយកមកពិភាក្សា។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាត ជូន លោក ច៉ាកឌីប ដាន់ខា (Jagdeep Dhankhar) អនុប្រធានាធិបតី និងលោកបណ្ឌិត ស៊ូប្រាម៉ាន់យ៉ាំ ចៃហ្សានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា ចូលក្រាបបង្គំគាល់ និងសវនាការផងដែរ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅមណ្ឌ បមហាត្ម: គន្ធី (Mahatma Gandhi) ផងដែរ។ លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា នឹងរៀបចំព្រះរាជ ពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរព សក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅប្រទេសឥណ្ឌា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយ ក្នុងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែក ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏ប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលចាក់ ឫស យ៉ាងជ្រៅនៅក្នុងបេតិកភណ្ឌវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ទៅវិញទៅមក សម្រាប់ ប្រជាជនទាំងពីរ៕ ខៀវទុំ

RELATED ARTICLES