ទីបំផុតក្លឹបLuton កក់បានកៅអីមួយឡើងទៅក្របខណ្ឌ កំពូលប្រឺមីញេលីកបន្ទាប់ពីយកឈ្នះ ក្លឹបCoventry ដោយលទ្ធ ផល៦-៥កាត់សេចក្តីដោយការទាត់បាល់ប៉េណាល់ទីបន្ទាប់ពីលេងបានស្មើត្រឹម១-១ក្នុងម៉ោងបន្ថែម១៥នាទី២ដងប្រកួតកាលពីរាត្រីថ្ងៃសៅរ៍។ ក្រុមHattersបានអបអរការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌកំពូលជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩២។Luton នឹងចូលរួមជាមួយក្រុម Burnley និង Sheffield United ក្នុងក្រប ខ័ណ្ឌប្រឺមីញេលីកនៅរដូវកាលក្រោយ។
ក្រៅពីឈ្នះពានក្លឹបក៏ទទួលបានទឹកប្រាក់ជាង ២១០លានដុល្លារសម្រាប់វិនិយោគក្លឹបបន្ថែមទៀតនៅក្របខ័ណ្ឌកំពូលនេះ។
ក្រុមទាំងពីរមិនអាចទម្លាយសំណាញ់ទីរកគ្រាប់បាល់បន្ថែមទៀតក្នុងរយៈពេល១២០នាទីបើទោះជាLuton បាននាំមុខ១-0 នៅនាទីទី ២៣ ស៊ុតបញ្ចូលទីដោយJordan Clark ប៉ុន្តែត្រូវបានសងមកវិញដោយ Gustavo Hamer របស់ Coventry នៅនាទី ៦៦។
លោក Rob Edwards អ្នកចាត់ការទូទៅ Luton បាននិយាយថា៖«វាមានអារម្មណ៍មិនគួរឲ្យជឿ។ខ្ញុំត្រូវតែនិយាយដោយស្មោះត្រង់ រឿងតែមួយគត់ដែលខ្ញុំកំពុងគិតនៅពេលនេះគឺរបួសរបស់ Tom Lockyer… សុខភាពគឺជារឿងសំខាន់បំផុត សំខាន់ជាងបាល់ទាត់ទៅទៀត។
Pelly Ruddock Mpanzu បានក្លាយជាកីឡាករដំបូងគេដែលលេងឱ្យក្លឹបតែមួយនេះតាំងពីនៅក្របខណ្ឌ National Leagueរហូតបានឡើងដល់ប្រឺមីញេលីក ដោយចំណាយពេលប្រាំបួនឆ្នាំ ។
កីឡាករវ័យ 29 ឆ្នាំរូបនេះបាននិយាយថា ខ្ញុំមានអារម្មណ៍ថាខ្ញុំបានបញ្ចប់បាល់ទាត់ហើយ។ ខ្ញុំគិតថាខ្ញុំអាចចូលនិវត្តន៍ឥឡូវនេះ។ ខ្ញុំធ្លាប់ឆ្លងកាត់ឧបសគ្គ ជាច្រើនទម្រាំមកដល់ទីនេះ ៕