Friday, March 29, 2024
Homeសង្គម និងជីវិតព្រះគ្រូ គូ សុភាព អ្នកវិភាគថា បង្រៀនធម៌ស៊ីអារម្មណ៍ ខុសពីសាន សុជា

ព្រះគ្រូ គូ សុភាព អ្នកវិភាគថា បង្រៀនធម៌ស៊ីអារម្មណ៍ ខុសពីសាន សុជា

ភ្នំពេញ ៖ អ្នកវិភាគនយោបាយ និងសង្គម បានលើកឡើងថា ភិក្ខុវជិរប្បញ្ញោ គូ សុភាព និងអតីតភិក្ខុវជិរប្បញ្ញោ សាន សុជា ដែលបានលាចាកសិក្ខាបទ កាលពីថ្មីៗនេះ គឺជាព្រះធម្មកថិកល្បីល្បាញក្នុងព្រះពុទ្ធសាសនា ប៉ុន្តែ ព្រះគ្រូ គូ សុភាព ច្រើនតែបង្រៀនធម៌ស៊ីអារម្មណ៍ នាំឲ្យសុញគំនិត ខុសពីអតីតព្រះគ្រូ សាន សុជា បង្រៀនធម៌ បដិបត្តិ នាំឲ្យចម្រើន ។

 លោកគឹម សុខ អ្នកវិភាគនយោបាយនិងសង្គម បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ លោកថា “ខ្ញុំគ្មានយោបល់ចំពោះការលាចាកសិក្ខាបទរបស់លោកបង សាន សុជា ទេ ព្រោះមិនដឹងរឿង។ យ៉ាង ណា កន្លងមក ក្នុងភេទជាសង្ឃ លោកបង បានធ្វើរឿងគួរឲ្យសរសើរមួយ គឺប្រឹងបង្រៀនធម៌បដិបត្តិ នាំឲ្យ ចម្រើន ខុសឆ្ងាយពីលោកបងគ្រូ គូ សុភាព ដែលខ្ញុំកត់សម្គាល់ឃើញច្រើនតែបង្រៀនធម៌ស៊ីអារម្មណ៍ នាំឲ្យ សុញគំនិត ថយភាពសកម្មត្រឹមត្រូវ និងពេលខ្លះមានន័យឲ្យធ្មេចភ្នែកទទួលយកលទ្ធផល ទាំងខ្វះការពិចារ ណាត្រូវ។ បញ្ញារបស់ខ្ញុំ វិភាគឃើញបែបនេះ ខុសឬត្រូវ សូមបងប្អូន មិត្តភក្ដិទាំងឡាយ បញ្ចេញយោបល់តាម ការគួរ“ ។

 ជុំវិញការលើកឡើងរបស់លោកគឹម សុខ ខាងលើនេះ ចំពោះពុទ្ធបរិស័ទ និស្សិត បណ្ឌិត បញ្ញវន្ត ព្រះសង្ឃ អង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យព្រះពុទ្ធសាសនា ស្ថាប័នសង្ឃ និងរាជរដ្ឋាភិបាល បានចាត់ទុកភិក្ខុ គូ សុភាព និងអតីតភិក្ខុ សាន សុជា សុទ្ធតែមានគុណតម្លៃដូចគ្នា បង្រៀនធម៌បានល្អដូចគ្នា ជាពិសេសបានចូលរួម ចំណែកយ៉ាងធំធេងក្នុងការលើកស្ទួយព្រះពុទ្ធសាសានា នាពេលកន្លងមក ដែលគួរឲ្យកោតសរសើរ និងលើក ទឹកចិត្ត ។

 សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ថា ធម្មតាមនុស្ស មិនដូចគ្នាទាំងស្រុងទេ បើដូចគ្នា ទាំងស្រុង បានសេចក្ដីថា អ្វីៗក្នុងលោក វាអត់ប្រែប្រួលទេ ។ យ៉ាងណាមិញ ចំណេះដឹងក៏អ៊ីចឹង មានលើសខ្វះគ្នា ប៉ុន្តែគោលបំណង គោលដៅនោះ គឺចង់ឲ្យមនុស្សបានចេះដឹងច្រើន ឲ្យមនុស្សបានសុខទាំងផ្លូវកាយ និងផ្លូវចិត្ត ។ ដូច្នេះមានតែឲ្យពុទ្ធបរិស័ទ និងព្រះសង្ឃទាំងអស់ ទោះនៅជាអ្នកបួសក្ដី គ្រហស្ថក្ដី សម្រាប់អ្នកដែលខិតខំ ប្រឹងប្រែងដើម្បីសេចក្ដីល្អ ក៏ខំជួយលើកទឹកចិត្ត ឲ្យតម្លៃសម្រាប់អ្នកចេះដឹងទៅ ។

សម្ដេចព្រះពុទ្ធជ័យ ឃឹម សន បានមានថេរដីកាថា “ពរ! ក្នុងនាមអាត្មាផ្ទាល់ ក៏ដូចក្នុងនាមគណៈសង្ឃទាំងមូល ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ មានតែសេចក្ដីត្រេកអរហើយ ចំពោះមន្រ្តីសង្ឃដែលខំប្រឹងសិក្សា រៀនសូត្រ ធម៌វិន័យហើយ ចេះដឹងខ្លួនព្រះអង្គហើយ បានយកមកសម្ដែងប្រាប់ពុទ្ធបរិស័ទ ។ វាជារឿងល្អបំផុតហើយ សម្រាប់ពុទ្ធសាសានា និងសង្គមជាតិយើងហ្នឹងហើយ ប៉ុន្តែធ្វើម៉េចនិស្ស័យអ្នកបួស កាលណាបើដល់ពេល វេលាដែលថា ត្រូវលាចាកសិក្ខាបទហើយ អាហ្នឹងវាជារឿងផ្ទាល់ ដែលយើងមិនអាចឃាត់បាន ។ ប៉ុន្តែវាមិនអីទេ ដូចជាបណ្ឌិត សាន សុជា អី គាត់ក៏នៅបង្រៀនអី មានឱកាសអីបង្រៀនតាមទីកន្លែង ឬក៏តាមប្រព័ន្ធសង្គម ហ្វេសប៊ុក យូធូប អី មានគ្រប់ទីកន្លែង ក៏អាចសិក្សាជាមួយគាត់បាន ។ ក្នុងចំណុចនេះ ធម្មតាមនុស្ស វាមិនដូច គ្នាទាំងស្រុងទេ បើដូចគ្នាទាំងស្រុង បានសេចក្ដីថាអ្វីៗក្នុងលោក វាអត់ប្រែប្រួលទេ ចំណេះដឹងក៏អ៊ីចឹងមាន លើសខ្វះគ្នា ប៉ុន្តែគោលបំណង គោលដៅនោះ គឺចង់ឲ្យមនុស្សបានចេះដឹងច្រើន និយាយរួមឲ្យបានសុខ ទាំងផ្លូវ កាយ សុខទាំងផ្លូវចិត្ត ហើយព្រះធម៌នេះសុខផ្លូវចិត្តច្រើន ទោះយើងមានទ្រព្យសម្បត្តិច្រើនអីយ៉ាងណាក៏ដោយ បើយើងមិនបានអប់រំចិត្តឲ្យដើរតាមគន្លងល្អ យល់ត្រឹមត្រូវទេ នោះក៏មិនបានសុខដែរ អ៊ីចឹងគោលបំណងដូចគ្នា រួមគ្នា ។ បានន័យថា ការបង្រៀនធម៌របស់លោកទាំងពីរ គឺត្រឹមត្រូវតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធ សម្រាប់អាត្មា ដូចមិនមានអី (រិះគន់) ទេ“ ។

 សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន បានមានថេរដីកាបន្តថា “មែនទែននោះ គណៈសង្ឃហ្នឹង កាលលោកបណ្ឌិត សាន សុជា នៅជាព្រះសង្ឃ អ្នកបួសក្ដី ព្រះអង្គ គូ សុភាព ក្ដី ប៉ុន្តែព្រះអង្គគូ សុភាព រាល់ថ្ងៃនេះ បម្រើការជាមួយ គណៈសង្ឃ មានកិច្ចការអី អាត្មាក៏និមន្ត ហើយលោកក៏ជាធម្មធររាជធានីភ្នំពេញ ទទួលខាងផ្សព្វផ្សាយ ហ្នឹងតែ ម្ដង ឲ្យលោកអ្នកផ្សព្វផ្សាយ ។ បើបណ្ឌិតសាន សុជា នោះ អាត្មាហ្នឹងក៏ធ្លាប់និមន្តលោកមកឲ្យធ្វើជាឧទ្ទេសាចារ្យ បង្រៀនព្រះសង្ឃអីនៅក្នុងហ្នឹង ប៉ុន្តែគ្រាន់តែលោកថា ករុណាពេលខាងមុខ ប្រហែលពេលណាមួយ លោកនឹង លាចាកសិក្ខាបទ លោកប្រាប់អ៊ីចឹងដែរ ជួយបានប៉ុនណា យកប៉ុណ្ណឹង ។ ដូច្នេះមិនមានអីទេ មានតែឲ្យពុទ្ធបរិ ស័ទ និងព្រះសង្ឃទាំងអស់ ជួយលើកទឹកចិត្ត ទោះនៅជាអ្នកបួសក្ដី គ្រហស្ថក្ដី សម្រាប់អ្នកដែលខិត ខំប្រឹងប្រែង ដើម្បីសេចក្ដីល្អ អ៊ីចឹងយើងមិនមានអីជួយ មិនមានអីក៏ដោយ គឺខំជួយលើកទឹកចិត្ត ឲ្យតម្លៃសម្រាប់អ្នកចេះដឹង ឲ្យតម្លៃទាំងអស់គ្នា“ ។

  ដោយឡែក លោកសេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ថា មាន៤ចំណុច ដែលក្រសួង បានធ្វើការកត់សម្គាល់ពីសកម្មភាពជា អ្នកបួស របស់ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព និងព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា នាពេលកន្លងមក ដែលចំណុច ទី៣ បង្ហាញឲ្យឃើញ លក្ខណ:បង្រៀន មិនដូចគ្នាទេ។ ប៉ុន្តែទី២ ការអប់រំ តម្រង់ទិសពុទ្ធបរិស័ទ ឲ្យប្រណិប័តន៍ បានល្អមួយចំនួន ។ ឯចំណុចទី៤ ត្រូវកែលម្អនូវចំណុចខ្វះខាតនានា ដែលមិនមែនជាធម៌វិន័យព្រះពុទ្ធសាសនា និងច្បាប់របស់រដ្ឋ ។ 

 លោកសេង សុមុនី បានមានប្រសាសន៍ថា “បាទ! ជាការកត់សម្គាល់ ទី១ មានការចាប់អារម្មណ៍ ទី២ ការអប់រំ បានតម្រង់ទិសពុទ្ធបរិស័ទ ឲ្យប្រណិប័តន៍បានល្អមួយចំនួន លើចំណុចខ្លះៗ ។ ទី៣ លក្ខណ:បង្រៀន មិនដូច គ្នាទេ ។ ទី៤ ក្រសួងលើកទឹកចិត្ត ឲ្យបន្តអប់រំចំណុចល្អ ដូចជាផ្សព្វផ្សាយឲ្យចេះគោរពច្បាប់រដ្ឋ និងច្បាប់សាស នា តែត្រូវកែលម្អនូវចំណុចខ្វះខាតនានា ដែលមិនមែនជាធម៌វិន័យព្រះពុទ្ធសាសនា និងច្បាប់របស់រដ្ឋ“ ៕ កុលបុត្រ

RELATED ARTICLES