Saturday, July 5, 2025
Homeសន្ដិសុខសង្គមខ្ចី១ម៉ឺនដុល្លារ សងសែកស្អុយ ប៉ូលិសចាប់ តុលាការ ដោះលែង

ខ្ចី១ម៉ឺនដុល្លារ សងសែកស្អុយ ប៉ូលិសចាប់ តុលាការ ដោះលែង

ភ្នំពេញ ៖ បុរសម្នាក់ បានខ្ចីប្រាក់ពីអ្នករាប់អានគ្នាម្នាក់ ចំនួន១ម៉ឺនដុល្លារ លុះក្រោយមក បានចេញសែកស្អុយ សងភាគីម្ចាស់បំណុល រួចគេចវេះ ត្រូវគេប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការ តែក្រោយមកក៏ត្រូវ បានចៅក្រមស៊ើបសួរសម្រេចដោះលែង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីចេញសែកស្អុយ ១ម៉ឺនដុល្លារនោះ មានឈ្មោះប៊ិន ពិសិដ្ឋ អាយុ៣២ឆ្នាំ អាសយដ្ឋានសង្កាត់មិត្តភាព ខណ្ឌ៧មករា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២៣។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា ខ្លួននិងជនសង្ស័យ ជាអ្នករាប់អានគ្នា ក្រោយមក បានពឹងបងស្រីរបស់ខ្លួន ឱ្យជួយរកប្រាក់១ម៉ឺនដុល្លារ ដើម្បីយកទៅដោះស្រាយបញ្ហាផ្ទាល់ខ្លួន ដោយធានា អះអាងថា នឹងប្រគល់ប្រាក់មកវិញគ្រប់ចំនួន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ ក្រោយមក ជនសង្ស័យបានចេញ សែកមួយសន្លឹក ឱ្យជនរងគ្រោះ ដើម្បីសងប្រាក់ ប៉ុន្តែនៅពេលជនរងគ្រោះទៅបើក ស្រាប់តែខាងធនាគារ បញ្ជាក់ថា សែកនោះមិនមានលុយឡើយ ហើយជនសង្ស័យបានព្យាយាមគេចវេះរហូត។

ក្រោយចាប់ខ្លួន និងមានឯកភាពពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យ ត្រូវបានកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីចាត់ការតាមផ្លូវច្បាប់។

លុះមកដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ស្រាប់តែលោកកេត សុជាតិ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជ ធានីភ្នំពេញ បានចេញដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (ដោះ លែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន) គ្រាដែលជនរងគ្រោះមិនទាន់បានទទួលសំណងនូវទឹកប្រាក់ ១ម៉ឺនដុល្លារ នៅឡើយ៕

RELATED ARTICLES