Saturday, December 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជំពាក់លុយអត់សង កាប់៥កាំបិត

ជំពាក់លុយអត់សង កាប់៥កាំបិត

កំពង់ស្ពឺ ៖ យុវជន២នាក់ ក្រោយពីជក់ថ្នាំញៀនជាមួយគ្នារួច ប្រកែកពាក្យសម្តីគ្នា ពីរឿងជំពាក់លុយអត់សង ដោយភាគីអ្នកជំពាក់លុយ បានទាញកាំភ្លើងច្នៃ មកភ្ជង់ក្បាលម្ចាស់លុយ រហូតធ្វើឱ្យភាគីម្ចាស់លុយ ទប់កំ ហឹងមិនបាន ក៏ទាញកាំបិតកាប់ ចំនួន៥កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមមួយរំពេច រួចហើយជនដៃដល់ បានព្យាយាមរត់គេចខ្លួនអស់រយៈពេល ៣ខែ ទើបត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ក្របួចជាប់នាំយកមក ចាត់ការតាមច្បាប់។

ករណីឃាតកម្មដ៏សាហាវឃោរឃៅនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចវាលស្រែ១កន្លែង ស្ថិតក្នុងភូមិស្រែត្រោក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។ រហូតមកដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនដៃដល់ជាឃាតករ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហឹន ផានិត ហៅត្នោត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ (មានសារធាតុញៀន)។ ចំណែក ជនរងគ្រោះ មានឈ្មោះភឿន សារឿន ហៅអាជី មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា ការបង្ក្រាបជនដៃដល់ជាឃាតករខាងលើនេះ ធ្វើឡើងក្រោមការ ដឹកនាំដោយលោក វរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋ បានចាត់ឱ្យកម្លាំងជំនាញនគរ បាលព្រហ្មទណ្ឌស្រុកបសេដ្ឋ បានចុះស្រាវជ្រាវ រហូតឈាន ដល់ការឃាត់ខ្លួនជនដៃដល់ជាឃាតករបាន កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន ក្នុងករណីឃាតកម្ម (កាប់សម្លាប់) កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករ ឈ្មោះហឹន ផានិត ហៅត្នោត បានឆ្លើយសារភាពថា ខ្លួនពិតជា បានសម្លាប់ជនរងគ្រោះឈ្មោះភឿន សារឿន ហៅអាជី ប្រាកដមែន ដោយធ្វើសកម្មភាពកាលពីវេលាម៉ោងប្រ មាណជាង១០ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

ជនសង្ស័យជាឃាតករ បានសារភាពបន្តថា មុនសម្លាប់ជនរងគ្រោះ ខ្លួនកំពុងតែហូបមាន់ នៅឯភ្លឺត្រពាំងព្រីង ខាងជើងផ្ទះ ក្នុងភូមិចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាមួយឈ្មោះអាយួន អាលិ និងអាជាតិរួច ហើយក៏នាំគ្នាជក់ថ្នាំញៀន បន្តទៀត។ លុះក្រោយពីជក់ ថ្នាំញៀនរួច ខ្លួនបានខ្ចីកាំបិតអាយួន ដើម្បី ទៅរក ជនរងគ្រោះ ប៉ុន្តែមិនបានប៉ុនប៉ងសម្លាប់ជនរងគ្រោះទេ គ្រាន់តែទុកការពារខ្លួនប៉ុណ្ណោះ ព្រោះមុននោះជនរង គ្រោះ បានទូរស័ព្ទមករកខ្លួន ហើយប្រាប់ថា “បើអ្ហែងចង់បានលុយហ្នឹង (លុយដែលជនរងគ្រោះជំពាក់ខ្លួន) អ្ហែងមកយកមក” ហើយពេលទៅដល់ ខ្លួនមិនបានរករឿងកាប់សម្លាប់ជនរងគ្រោះទេ គ្រាន់តែឃើញ ទៅដល់ ភ្លាម ជនរងគ្រោះបានបិទទ្វារ រួចហៅឱ្យខ្លួនអង្គុយលេងជាមួយខ្លួនសិនទៅ រួចបបួលខ្លួនជក់ថ្នាំញៀនទៀតផង ហើយខ្លួនក៏បានជក់ថ្នាំញៀនជាមួយជនរងគ្រោះដែរ លុះជក់ថ្នាំរួច ខ្ញុំក៏បានសួរទៅកាន់ជនរងគ្រោះថា “បើសិនជាបងឯងអត់ទាន់មានលុយឱ្យខ្ញុំទាំងអស់ បាញ់ឱ្យខ្ញុំពាក់កណ្តាលសិនក៏បានដែរ ព្រោះអីម៉ែខ្ញុំខឹងខ្ញុំ ថាខ្ញុំយកលុយហ្នឹងទៅទិញថ្នាំជក់” ស្រាប់តែជនរងគ្រោះឈ្មោះអាជី ខឹងសម្បា ក៏ស្ទុះក្រោកឡើងទាញកាំភ្លើងច្នៃ មកភ្ជង់ក្បាលរបស់ខ្លួន រួចជេរថា “កូនមី… អញប្រាប់ថាអត់មានៗហ្នឹងហើយ នៅទារអញដល់ណាទៀត” ឮបែប នេះ ខ្លួនក៏ផ្ទុះកំហឹងទប់មិនជាប់ ក៏ទាញកាំបិតកាប់ទៅលើជនរងគ្រោះ ចំពីខាងមុខ ចំនួន៥កាំបិត បណ្តាល ឱ្យដួល រួចហើយខ្លួនក៏បានរត់ទៅលិច សំដៅទៅផ្លូវធំ ប៉ុន្តែដោយសារមានឈាមជាប់ប្រឡាក់អាវច្រើន ខ្លាច គេឃើញ ទើបខ្លួនបានរត់ត្រឡប់មកផ្ទះវិញ ប្តូរអាវ ដោយបោះអាវចោលនៅខាងក្រោមផ្ទះ អាវក្រណាត់ដៃខ្លី រួចក៏រត់ទៅដេកនៅលើភ្នំ បានរយៈពេល២ថ្ងៃ បន្ទាប់មក ខ្លួនក៏បានរត់គេចខ្លួនបន្តឡើងទៅខេត្តប៉ៃលិន។ ក្រោយមក រយៈពេលប្រមាណ ២ខែ ទើបខ្លួនបានវិលត្រឡប់មកធ្វើការងារនៅស្រុកអង្គស្នួល ខេត្តកណ្តាល វិញ បានរយៈពេលប្រមាណ១ខែ ៤ថ្ងៃ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានតែម្តង។

ជនសង្ស័យជាឃាតករខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្ត  ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES