Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម៣០ម៉ឺនដុល្លារ សងសែកស្អុយ ជាប់ខ្នោះ

៣០ម៉ឺនដុល្លារ សងសែកស្អុយ ជាប់ខ្នោះ

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានខ្ចីប្រាក់ពីអ្នករាប់អានគ្នា ចំនួន៣០ម៉ឺនដុល្លារ ដោយប្រាប់ថា ត្រូវការដើមទុនរកស៊ីបន្ទាន់ និងបានចេញសែក ១សន្លឹក ទុកជាការធានា លុះដល់ថ្ងៃកំណត់ ម្ចាស់លុយ កាន់សែកទៅបើកនៅធនាគារ ទើប ដឹងថា ជាសែកស្អុយ អត់មានសាច់ប្រាក់ ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។

ស្ត្រីសង្ស័យ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចហាងកាហ្វេក្រោន ពោធិ៍ចិនតុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ពាក់ពន្ធពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ បាន ចេញសែកស្អុយ ចំនួន៣០ម៉ឺនដុល្លារ។ជនសង្ស័យមានឈ្មោះសារ៉ាន សុជាតា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរអ្នករកស៊ី ស្នាក់នៅផ្ទះលេខ B60-62 ផ្លូវលេខ 722A សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺបានអនុវត្តតាមដីកាបញ្ជាឱ្យចូល ខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើ ពាក្យបណ្តឹងរបស់ឈ្មោះគង់ ណាក់នីន។

អង្គហេតុក្នុងពាក្យបណ្តឹង បានបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ២០២២ ឈ្មោះ សារ៉ាន សុជាតា បានទំនាក់ទំនងជា មួយដើមបណ្តឹង ដោយនិយាយអង្វរសុំខ្ចីប្រាក់ចំនួន ៣០ម៉ឺនដុល្លារ ដើម្បីយកទៅធ្វើដើមទុនរកស៊ីជាបន្ទាន់ ហើយឈ្មោះសារ៉ាន សុជាតា បានចេញមូលប្បទានបត្រ (សែក) ១សន្លឹក ដែលមានទឹកប្រាក់ ចំនួន៣០ម៉ឺនដុល្លារ ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ មូលប្បទានបត្រនោះ តម្រូវឱ្យដើមបណ្តឹងទៅបើកប្រាក់នៅធនា គារវឌ្ឍនៈអា ស៊ីចំកាត់ ដោយមានការជឿទុកចិត្តរាប់អានគ្នា ទើបដើមបណ្តឹងបានប្រគល់ប្រាក់ឱ្យទៅជនសង្ស័យគ្រប់ចំនួន។លុះមកដល់ថ្ងៃកំណត់ ដើមបណ្តឹងបានយកមូលប្បទានបត្រនោះទៅបើកប្រាក់ ស្រាប់តែខាងធនាគារ បញ្ជាក់ថា មូលប្បទានបត្រនេះ ពុំមានសាច់ប្រាក់ទេ ពោលគឺសែកស្អុយ។ ចាប់ពីពេលនោះមក ដើមបណ្តឹងបានទំនាក់ទាក់ ទៅជនសង្ស័យ តែមិនអាចទាក់ទងបាន ព្រមទាំងគេចខ្លួន មិនចូលដោះស្រាយបំណុលដែលខ្ចីដើមបណ្តឹងនោះ ទេ ដើមបណ្តឹងដាក់ពាក្យប្តឹងមកសមត្តកិច្ច ឱ្យជួយចាត់ការតាមផ្លូវច្បាប់តែម្តង៕

RELATED ARTICLES