ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានមិត្តភក្តិអះអាងថា បានកើតមានវិបត្តិផ្លូវចិត្តរឿងស្នេហាមិនសមបំណង ធ្វើឱ្យឈឺ ចិត្តស្អិតទ្រូង និងបានដើរលាបងប្អូន មិត្តភក្តិ រួចចងកសម្លាប់ខ្លួននៅក្នុងផ្ទះទុកចោល ១កន្លែង បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្លូវ៧៦កា ក្រុម១បេ ភូមិ តាងួនទី២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
បុរសដែលចងកសម្លាប់ខ្លួនព្រោះរឿងស្នេហានោះ មានឈ្មោះឈុំ មករា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចម្ការឪឡឹកទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមការបំភ្លឺរបស់ឈ្មោះឈុំ សិរីរ័ត្ន ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ប្អូនប្រុសរបស់គាត់ (ជនរងគ្រោះ) បាន មកលេងផ្ទះរបស់គាត់ នៅភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយកន្លងមកអស់ រយៈ ពេលជាង ១ឆ្នាំហើយ ដែលជនរងគ្រោះពុំដែលទៅលេងផ្ទះគាត់ទេ។ ហើយមូលហេតុដែលជនរងគ្រោះមកលេងផ្ទះគាត់ ដោយសារតែម្តាយបង្កើតមកពីខេត្តសៀមរាប មកលេង កូនៗ។
បងស្រីរបស់ជនរងគ្រោះ បន្តថា នៅពេលមកលេងផ្ទះរបស់គាត់លើកនេះ ប្អូនប្រុសហាក់មានសម្តី សម្តៅប្លែក ៗចម្លែកៗ ចេះតែលាគេឯងគ្រប់គ្នា តែមិនដឹងថា គេមានវិបត្តិអ្វីនៅក្នុងចិត្តនោះទេ។ លុះមួយសន្ទុះក្រោយមក ជនរងគ្រោះបានចេញទៅផ្ទះវិញបាត់ទៅ រហូតមកដល់ថ្ងៃកើតហេតុ ទើបទទួលបានដំណឹងថា ប្អូនប្រុសគាត់ ចងកស្លាប់បែបនេះតែម្តង។
ដោយឡែក តាមប្រភពពីមិត្តភក្កិជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា មួយរយៈចុងក្រោយនេះ ជនរងគ្រោះ មាន វិបត្តិរឿងស្នេហា (តែមិនលម្អិតថាយ៉ាងណានោះទេ) ជាហេតុធ្វើឱ្យខូចចិត្តយ៉ាងខ្លាំង និងចេះតែដើរ លាមិត្តភក្តិ បងប្អូន និងគេឯងគ្រប់ៗគ្នា ហើយឃើញសភាពបែបនេះ ពួកគាត់ក៏ព្យាយាមនិយាយលួងលោម និងលើកទឹក ចិត្តជនរងគ្រោះដែរ ខ្លាចក្រែងគេមានគំនិតខ្លី ដឹងអីមិនបានប៉ុន្មានផង ជនរងគ្រោះ សម្រេចចិត្តចងកសម្លាប់ ខ្លួនមែន។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិត ជាស្លាប់ដោយសារចងកសម្លាប់ខ្លួន ប្រាកដមែន។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕