សៀមរាប ៖ រថយន្តក្រុងដឹកអ្នកដំណើរធុនធំ ១គ្រឿង (២៤កៅអី) ដឹកភ្ញៀវពីភ្នំពេញ ឆ្ពោះទៅក្រុងប៉ោយប៉ែត (ជើងយប់) លុះក្រោយមកអ្នកបើកបររថយន្ត ងងុយដេក ក៏ឱ្យព្រូមកបើកជំនួស ស្រាប់តែរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ បះជើង បណ្តាលឱ្យភ្ញៀវក្នុងរថយន្ត រងរបួសធ្ងន់-ស្រាល ២៧នាក់ រីឯតៃកុង និងព្រូរថយន្ត នាំគ្នារត់បាត់។ហេតុការណ៍ក្រឡាប់រថយន្តក្រុងដឹកអ្នកដំណើរនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង២០នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះបង្គោល គីឡូម៉ែត្រ លេខ៣៤០-៣៤១ ស្ថិតក្នុងភូមិប៉ាក់ប៉ាន់ ឃុំពួក និងស្រុកពួក។
រថយន្តក្រុងដែលក្រឡាប់ ជារថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនរស្មីភ្នំពេញ អ៊ិចប្រេស ពណ៌លឿង លាយក្រ ហម ពាក់ស្លាកលេខ ភ្នំពេញ 3B-4999 ចេញដំណើរ (ជើងយប់) ទិសដៅពីភ្នំពេញ ឆ្ពោះទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកអ្នកដំណើរដែលរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍ខាងលើ សរុបចំនួន២៧ នាក់ ក្នុងនោះ មានជនបរទេស ចំនួន៣នាក់ផងដែរ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានជិះលើរថយន្តក្រុងកើតហេតុខាងលើ និងរបួសក្បាល បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានទិញសំបុត្ររថយន្តក្រុង នៅផ្សារសុរិយា ខាងជើងផ្សារថ្មី ដែលមានឈ្មោះក្រុមហ៊ុន រស្មីភ្នំពេញ អ៊ិចប្រេស ដោយគោលបំណងធ្វើដំណើរជើងយប់ ពីភ្នំពេញ ទៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មុនមកដល់កន្លែងកើតហេតុ អ្នកបើកបររថយន្ត ងងុយដេក ក៏បានឱ្យព្រូឡានបើកជំនួស លុះដោយសារតែ បើក បរក្នុងស្ថានភាពលឿនពេក កាច់ចង្កូតមិនទាន់ ក៏រេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ អូសប្រវែង៧០០ម៉ែត្រ ទើបធ្លាក់ស្រែ បះជើង និងក្រឡាប់ប្រមាណជាពីរ ទៅបីត្រឡប់ថែមទៀត ទើបធ្លាក់ចូលប្រឡាយស្រែខាងស្តាំតែម្តង។ បន្ទាប់មក គាត់បានលូនចេញមកក្រៅ ស្រែកឱ្យគេជួយ ចំណែកអ្នកដំណើរផ្សេងទៀត នាំគ្នាធាក់កញ្ចក់ឡាន ដើម្បីជួយទាញគ្នាចេញមកក្រៅ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងខាងជំនាញ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការជួយសង្គ្រោះ ជនរងគ្រោះ។ ជាក់ស្តែង ជនរងគ្រោះមានចំនួន១២នាក់ នៅកន្លែងកើតហេតុផ្ទាល់ និង១៥នាក់ទៀត ត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រាះបន្ទាន់។
សមត្ថកិច្ចបញ្ជាក់ថា ករណីខាងលើនេះ អ្នកធ្វើដំណើររងរបួសធ្ងន់-ស្រាល មានចំនួនសរុប២៧នាក់ តែសំណាង ល្អ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ចំណែកតៃកុងរថយន្ត និងព្រូ បានរត់គេចខ្លួនបាត់អស់។បន្ទាប់ពីធ្វើការវាស់វែងតាមជំនាញរួច សមត្ថកិច្ចបានស្ទូចយករថយន្តក្រុងខាងលើ យកទៅរក្សាទុករង់ចាំតំ ណាង ក្រុមហ៊ុន ចូលខ្លួនមកដោះស្រាយជាមួយជនរងគ្រោះ៕