ភ្នំពេញ ៖ រថយន្តដឹកអ្នកដំណើរ ចំនួន២គ្រឿង របស់ក្រុមហ៊ុន វិរៈប៊ុនថាំ ក្នុងចំណោមរថយន្តជាច្រើនគ្រឿង ដែលកំពុងចតក្នុងចំណត ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិក ក្រុមហ៊ុន ជួយគ្នាពន្លត់ លុះភ្លើងរលត់ ទើបដឹងថា មានតៃកុង រថយន្តម្នាក់ ដេកក្នុងរថយន្ត រត់ចេញមិនរួច បណ្តាលឱ្យឈ្លក់ផ្សែង ថប់ដង្ហើមស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍ភ្លើងឆេះរថយន្តក្រុងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២ និង៤៥នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចទីតាំងចំណតរថយន្តរបស់ក្រុមហ៊ុនវិរៈប៊ុនថាំ ស្ថិត ក្នុងក្រុម០១ ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
បុរសរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជាអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ។ ចំណែករថយន្តទាំង២គ្រឿងដែលត្រូវអគ្គិភ័យឆាបឆេះនេះ គឺជា រថយន្តដឹកអ្នកដំណើរ ប្រភេទ៤៥កៅអី សម្រាប់ធ្វើដំណើរពេលរាត្រី របស់ក្រុមហ៊ុន “វិរៈប៊ុនថាំ”។
តាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តទាំង២គ្រឿង ដែលត្រូវអគ្គិភ័យឆាបឆេះនោះ គឺស្ថិតនៅ កន្លែងជួសជុល និងត្រួតពិនិត្យ ហើយរថយន្តនោះចតនៅក្បែរគ្នា ដោយមានបុគ្គលិកម្នាក់ សម្រាកនៅក្នុងនោះ ផងដែរ។ ចំណែកចំពោះមូលហេតុនៃការឆាបឆេះរថយន្តនេះ គឺមិនមានប្រភពអាចបញ្ជាក់បាននៅឡើយទេ។
ប្រភពនៅកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ ពួកគាត់ឃើញរថយន្តទាំង២គ្រឿងខាងលើ ត្រូវអគ្គិភ័យឆាបឆេះផ្នែកខាងក្នុង បង្កឱ្យក្លាយជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅពេញនៅក្នុងរថយន្ត។ ភ្លាមៗ នោះ ក្រុមការងារបានទាញបំពង់ពន្លត់អគ្គិភ័យ និងបាញ់ទឹកពន្លត់ទាន់ពេលវេលា ដោយមិនឱ្យឆ្លងរាលដាល ដល់រថយន្តផ្សេងៗឡើយ។ បន្ទាប់មក បានរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យ មកជួយ អន្តរាគមន៍បន្ថែមទៀត។ ទោះជាយ៉ាងណា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនោះ បានបណ្តាលឱ្យបុរសម្នាក់ ជាប់គាំងក្នុងរថយន្ត ហើយត្រូវអគ្គិភ័យឆាបឆេះ និងឈ្លក់ផ្សែង ថប់ដង្ហើមស្លាប់នៅក្នុងរថយន្តតែម្តង។
ករណីនេះ សមត្ថកិច្ចជំនាញកំពុងបន្តធ្វើការស្រាវជ្រាវរកមូលហេតុដែលនាំឱ្យមានការឆាបឆេះ។ ចំណែកសាក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕