Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់រំលោភកូនស្រី គំរាមអារកម៉ែ

ចាប់រំលោភកូនស្រី គំរាមអារកម៉ែ

តាកែវ ៖ យុវជនឈាមរាវម្នាក់ ឃើញក្មេងស្រីតូចម្នាក់នៅចាំផ្ទះតែម្នាក់ឯង ក៏បែកគំនិត លបចូលទៅក្នុងផ្ទះ ខ្ទប់ទ្វារដាក់គន្លឹះពីក្នុងជាប់ រួចធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះទាំងកំរោល តែមិនទាន់បានសម្រេចផង ត្រូវម្តាយក្មេងស្រីរងគ្រោះ មកទាន់ ស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យភ័យ ផ្អាកសកម្មភាព រត់គេចខ្លួន តែមុននឹង រត់គេច បានបោះសម្តីគំរាមអារកសម្លាប់ម្តាយក្មេងស្រីរងគ្រោះចោលទៀតផង ប្រសិនបើហ៊ានធ្វើឱ្យបែកការ រឿងនេះ។ ទីបំផុតបន្ទាប់ពីរត់គេចបានប្រមាណ៤ម៉ោង ក៏ត្រូវសមត្ថកិច្ចតាមចាប់វាយខ្នោះ។

ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី។ រហូតមកដល់វេលាម៉ោង៤រសៀល ថ្ងៃដដែល សមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យបាន នាំយកមកសាកសួរ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ី បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ជ.ស.ណ អាយុ ១០ឆ្នាំ មានលំនៅ ភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានទទួល ពាក្យបណ្តឹងពីឪពុកម្តាយក្មេងស្រីរងគ្រោះ បានប្តឹងចោទប្រកាន់ទៅលើឈ្មោះម៉ី បញ្ញា ថាបានលបចូលផ្ទះ របស់គាត់ រួចចាប់រំលោភកូនស្រីរបស់គាត់ដែលទើបនឹងមាន អាយុ១០ឆ្នាំ តែមិនបានសម្រេច ដោយសារតែ គាត់ជាម្តាយបានមកទាន់។

យោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ខណៈដែល ពួកគាត់ជាឪពុកម្តាយ មិននៅផ្ទះ ហើយកូនស្រីរបស់គាត់ដែលទើបនឹងមានអាយុ១០ឆ្នាំ (ក្មេងស្រីរងគ្រោះ) កំពុង នៅក្នុងផ្ទះតែម្នាក់ឯង ស្រាប់តែលេចមុខជនសង្ស័យឈ្មោះម៉ី បញ្ញា បានលបចូលផ្ទះរបស់គាត់ តាមទ្វារក្រោយ រួចចាក់កន្លឹះពីខាងក្នុងជាប់។ បន្ទាប់មក ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់គាត់ តែមិនបាន សម្រេច ដោយសារតែគាត់ជាម្តាយ បានមកទាន់ និងបានឮសំឡេងកូនស្រីស្រែកយំ ចេញពីក្នុងផ្ទះ លុះគោះទ្វារ ហៅ មិនបើក ទើបស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យភ័យខ្លួន ក៏ផ្អាកសកម្មភាព រួចបើកទ្វារចេញមកក្រៅ និងថែម ទាំងបានគំរាមរូបគាត់ជាម្តាយថា “បើហ៊ានប្រាប់អ្នកណា បែកការរឿងនេះ អញនឹងអារកសម្លាប់ចោល”។

ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម ដោយបានការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្ត និងមានការ សម្របសម្រួលពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុក បានបញ្ជាកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល ចុះបាន ឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង ៤រសៀល ថ្ងៃដដែល រួចនាំខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាល ស្រុកអង្គរបុរី ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះម៉ី បញ្ញា បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែល ម្តាយក្មេងស្រីរងគ្រោះប្តឹងចោទប្រកាន់មែន។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES