ភ្នំពេញ ៖ បុរសជាមន្ត្រីយោធាម្នាក់ បានកុម្មង់ទិញទូរស័ព្ទ ១គ្រឿង តាមអនឡាញ លុះទិញមកប្រើអត់កើត ក៏ទាក់ទងទៅម្ចាស់ផេក ដើម្បីសួរនាំ តែអ្នកលក់មិនត្រឹមតែមិនទទួលខុសត្រូវ បែរជាប្លុកហ្វេស ប៊ុកអ្នក ទិញ ចោលទៀត ទើបបុរសជាមន្ត្រីយោធានោះ បានប្រើគណនីផ្សេង ឆាតទៅទិញ និងប្រាប់ឱ្យដឹកមកឱ្យដូចមុនទៀត រួចក៏ឃាត់ខ្លួនអ្នកដឹកជញ្ជូន នាំទៅឱ្យសមត្ថកិច្ច ស្រាប់តែលេចមុខបុរសម្នាក់ បើកឡានទំនើបចូលមកដល់ អះ អាងថា ជាអ្នកលក់ទូរស័ព្ទ និងអួតអាងថាខ្លួនមានផ្កាយពាក់លើស្មា ធ្វើការនៅក្រសួងមហាផ្ទៃ ថែមទាំងគំរាម បកស័ក្តិ លោកអធិការរង ១រូប និងលោកមេប៉ុស្តិ៍ ដែលហ៊ានឃាត់ខ្លួនអ្នកដឹកជញ្ជូនទូរស័ព្ទរបស់ខ្លួន។
ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅចំ ណុចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លើងឆេះរទេះ ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។
បុរសជាអ្នកលក់ទូរស័ព្ទ ដែលអួតអាងថាខ្លួនជាឧត្តមសេនីយ៍ និងគំរាមបកស័ក្តិអធិការរង និងមេប៉ុស្តិ៍នោះ មិន ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាម្ចាស់ផេកឈ្មោះ P-P 168 phone shop។ ចំណែកបុរស ជាអ្នកដឹកជញ្ជូន ក៏ពុំស្គាល់អត្តសញ្ញាណដូចគ្នា។ ដោយឡែក បុរសជាអ្នកទិញទូរស័ព្ទ មានឈ្មោះស៊ុន វីហ្សូ អាយុ២៣ឆ្នាំ ជាមន្ត្រីយោធាការពារព្រំដែន នៃកងពលតូចលេខ៤២ មានលំនៅ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។
តាមប្រភពពីមន្ត្រីយោធាដែលជាអ្នកទិញទូរស័ព្ទ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០២៣ គាត់បានឃើញផេកមួយ ឈ្មោះ P-P 168 phone shop ឡាយលក់ទូរស័ព្ទ ដោយមានការ ធានាលើការខូចខាត ដល់ទៅរយៈពេល១ឆ្នាំ ដែលគួរឱ្យ មានការទុកចិត្តខ្លាំងណាស់។ ពេលនោះ គាត់ក៏បាន កុម៉្មង់ទិញទូរស័ព្ទ ១គ្រឿង ម៉ាក iPhone 14 Pro Max ដែលជាផលិតផលមកពីប្រទេសចិន ក្នុងម្លៃ១០៥ដុល្លារ បន្ទាប់មក អ្នកលក់ បានឱ្យអ្នកដឹកជញ្ជូន ដឹកឱ្យគាត់ដល់ផ្ទះតែម្តង។
មន្ត្រីយោធាដដែល បានបន្តថា ក្រោយទទួលបានទូរស័ព្ទដល់ដៃហើយ អ្នកដឹកជញ្ជូនទៅបាត់ ស្រាប់តែប្រើ អត់កើត ដោយសារតែទូរស័ព្ទនោះ ដាក់ស៊ីមកាតមិនកើត (មិនស្គាល់ស៊ីមកាត) ហើយគាត់ក៏បានទាក់ទងទៅ កាន់អ្នកលក់ ដើម្បីសួរនាំ។ ប៉ុន្តែអ្នកលក់នេះ មិនត្រឹមតែអត់ទទួលខុសត្រូវប៉ុណ្ណោះទេ បានប្លុកហ្វេសប៊ុកគាត់ ចោល អស់ចំនួន ៣គណនីថែមទៀត។
ដោយសារតែហេតុនេះហើយ ទើប២ថ្ងៃក្រោយមក នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គាត់ ប្រើល្បិចយកហ្វេសប៊ុកផ្សេង ឆាតទៅកាន់ផេកឈ្មោះ P-P 168 phone shop ដដែលនេះ ទិញទូរស័ព្ទចំនួន ២គ្រឿង។ ប៉ុន្តែអត់ប្រាប់ឱ្យដឹកមកកន្លែងលើកមុននោះទេ គឺបានណាត់កន្លែងផ្សេង រួចក៏ឃាត់ខ្លួនអ្នកដឹកជញ្ជូន នាំទៅប្រគល់ឱ្យនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ ជួយសាកសួរតែម្តង។
តាមប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍ភ្លើងឆេះរទះ បានឱ្យដឹងថា ក្រោយឃាត់ខ្លួនអ្នកដឹកជញ្ជូន ទើបអ្នកលក់ដែល ជាម្ចាស់ផេកលក់ទូរស័ព្ទ P-P 168 phone shop នោះ ស្លៀកពាក់ស៊ីវិល បើករថយន្តម៉ាក TOYOTA TUNTRA ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BK-8185 ចូលមកកាន់ប៉ុស្តិ៍ភ្លើងឆេះរទេះ។ ប៉ុន្តែពេលចូលមកដល់ បុរសនោះមិនបានជួបនិយាយសម្រួលគ្នាជាមួយមន្ត្រីយោធាដែលជាអ្នកទិញទូរស័ព្ទនោះទេ ហើយក៏មិនសួរ នាំហេតុផលអ្វីជាមួយសមត្ថកិច្ចដែរ ស្រាប់តែបញ្ចេញអាកប្បកិរិយាច្រងេងច្រងាង រករឿងសមត្ថកិច្ច ហើយបាន អួតអាងម្តងថាខ្លួនជាអធិការរងនគរបាលខណ្ឌសែនសុខ ម្តងថាជានគរបាលថ្នាក់ឧត្តមសេនីយ៍ នៅក្រសួង មហា មហាផ្ទៃ និងថែមទាំងបោះពាក្យគំរាមបកស័ក្តិលោកអធិការរងខណ្ឌកំបូលម្នាក់ និងនាយរងនគរបាល ប៉ុស្តិ៍ភ្លើង ឆេះរទេះ ម្នាក់ទៀត ព្រមទាំងស្រែកឡូឡាពេញប៉ុស្តិ៍នគរបាលតែម្តង។
ប្រភពដដែល បន្តថា ដោយអត់ទ្រាំទៅនឹងចរិតកោងកាចរបស់ជនខាងលើនេះលែងបាន ទើបនគរបាលប៉ុស្តិ៍ ភ្លើងឆេះរទេះ បានសម្រេចចិត្តសុំគោលការណ៍ទៅថ្នាក់លើ ដើម្បីធ្វើការឃាត់ខ្លួនជននេះ ធ្វើការសាកសួរ និង កសាងសំណុំរឿង ចាត់ការតាមច្បាប់។
ខណៈនោះស្រាប់តែជនកោងកាចខាងលើ បែរជាប្តូរទាំងចរិត និងសម្តី ពីខ្លា មកកូនចៀម ហើយបានលើកដៃ ដើរសំពះអង្វរសមត្ថកិច្ច សុំធ្វើការសម្របសម្រួលគ្នាវិញ។ ប៉ុន្តែសមត្ថកិច្ចបានសម្រេចធ្វើការឃាត់ខ្លួនបុរសនោះ ដើម្បីចាត់ការតាមច្បាប់តែម្តង៕