Thursday, November 14, 2024
Homeបរិយាយមនុស្សស៊ីឈ្មោះខ្មោច

មនុស្សស៊ីឈ្មោះខ្មោច

ដោយ អាចារ្យថាំ

ករណីនាយទាហាន នាយប៉ូលិសខ្លះ មានឈ្មោះក្នុងបញ្ជីជាតិ ឬបញ្ជីអត្រានុកូលដ្ឋានផ្សេង តែឈ្មោះក្នុងអង្គភាព​កងប្រដាប់អាវុធផ្សេង កើតឡើងតាំងពីសម័យសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខលន់ នល់ ម៉្លេះ។ ជំនាន់នោះ ដោយសារនាយទាហាន ពលទាហានស្លាប់ និងរត់ចោលជួរច្រើនពេក មេបញ្ជាការអត់លុបឈ្មោះចេញទេ ក៏ទុក​ឈ្មោះខ្មោច សម្រាប់លក់ ឬទុកឱ្យពលទាហានចូលថ្មី យកទៅប្រើ បើកប្រាក់ខែភ្លាមៗ។ ឥឡូវស្រាប់តែមានទាហានម្នាក់ ទម្លាយពី រឿងស៊ីឈ្មោះបែបនេះទៀត ដែល “នគរធំ” ធ្លាប់ឆ្លងកាត់ សូមលើកពី “មនុស្សស៊ីឈ្មោះខ្មោច” មកធ្វើប្រធាន​បទ បរិយាយ ថ្ងៃនេះ

បុរសម្នាក់ឈ្មោះឌី ចាន់ថន ដែលអះអាងថា ខ្លួនជាកូនទាហាននៅអង្គភាពមួយ បានផុសសំណេរតាមហ្វេសប៊ុក ទាំង ក្តុកក្តួលថា “និស្ស័យកងទ័ពឥឡូវ ខ្ញុំបានលាចាកឈប់ហើយៗ ព្រោះតែគ្មានភាពយុត្តិធម៌សម្រាប់ខ្ញុំតើគ្រួសារខ្ញុំខុសអ្វី?… មេបញ្ជាខ្ញុំគាត់គំរាមខ្ញុំថា បើឯងរឹងទទឹង ដកអ្ហែងចោលពីទាហានឈ្មោះអ្ហែងយ៉ាងហោចណាស់ក៏លក់បានជាង ១ម៉ឺន ដុល្លារដែរ…”

ការដកស្រង់សង្ខេបៗនេះ ចាប់ប្រភពពីកូនទាហានម្នាក់នោះ សុំច្បាប់មេបញ្ជាការទៅកំដរជំងឺម្តាយ តែមេមិនឱ្យទៅ ព្រោះការងារក្នុងបន្ទាយច្រើន តែឈ្មោះឌី ចាន់ថន មិនស្តាប់ក៏ទៅមើលម្តាយ ទើបមេបញ្ជាការគំរាម។ ឥឡូវម្តាយស្លាប់ ពលទោនោះ ខូចចិត្ត ក៏លាឈប់ពីកងទ័ព ដោយមិនស្តាយប្រាក់ខែ និងបង្ហើបថា ឈ្មោះខ្លួន គេអាចលក់បានជាង ១ម៉ឺនដុល្លារ។

“នគរធំ” មិនបានដឹងការពិតដល់កម្រិតណានោះទេ ហើយក៏មិនដឹងថា មេបញ្ជាការមានកំហុស ឬពលទោនោះ មាន កំហុសនោះទេ ប៉ុន្តែករណី “មនុស្សស៊ីឈ្មោះខ្មោច” ពិតជាមានមែន នៅតាមអង្គភាពយោធាឬនគរបាល។ សូម្បីតែអនុសេនីយ៍ វរសេនីយ៍ខ្លះ បាត់ឈ្មោះកំណើតរបស់ខ្លួន បែរជាយកឈ្មោះគេមកប្រើទៅវិញ។

អនុសេនីយ៍ខ្លះ ទើបមានអាយុជាង៥០ឆ្នាំសោះ ស្រាប់តែដល់វ័យចូលនិវត្តន៍ ដែលគិតត្រឹមអាយុ៦០ឆ្នាំ ដែលបង្ហាញ ថា បើមិនស៊ីឈ្មោះគេ ក៏មិនទាន់ចូលនិវត្តន៍យ៉ាងនេះដែរ។

ករណី “មនុស្សស៊ីឈ្មោះខ្មោច” ចាប់ប្រភពពីរបបលន់ នល់ ដែលកាលនោះ កំពុងកើតសង្គ្រាមបង្ហូរឈាមគ្នាដាបធរណី រវាងកងទ័ពសាធារណរដ្ឋ និងកងទ័ពរំដោះ ដែលប្រែក្លាយជាខ្មែរក្រហម។ នៅក្នុងកងវរសេនាតូចនីមួយៗ “ត្រូវមាននាយទាហាន នាយទាហានរង ពលទាហានសរុប ៥១២នាក់” ប៉ុន្តែកងវរសេនាតូច ស្ទើរទាំងអស់ មានចំនួនកងប្រដាប់អាវុធ​ជាង ១០០នាក់ប៉ុណ្ណោះ។

កាលនោះអំឡុងឆ្នាំ១៩៧១១៩៧២ យើងដឹងថា “ពលទោស៊ីប្រាក់ខែ ១៧០០រៀល” ដោយមិនបាច់និយាយពីមេៗ តាមឋានៈ​យសស័ក្តិ។ កូនទាហានត្រូវគ្រាប់ស្លាប់ និងរត់ចោលជួរស្ទើរតែរាល់ថ្ងៃ ចំណែកមេៗ បន់ឱ្យតែកូនរត់អស់ នឹងប្រមូល ប្រាក់ខែ ទុកស៊ីចាយចំណាយទៅលើស្រីក្មេង។ ឧបមាថា កូនទាហានស្លាប់ និងរត់ចោលជួរ ១០០នាក់ ស្មើនឹងប្រាក់ខែ ១៧០០០០រៀល ដែលលុយជំនាន់នោះនៅថ្លៃ គេចែកគ្នាស៊ី រវាងមេបញ្ជាការកងវរសេនាតូច កងអនុសេនាធំ និងបេឡា គឺតូចស៊ីដោយតូច ធំស៊ីដោយធំ។ កុម្មង់ដង់បាត់តៃយ៉ុង (Commentdant B.C) ក៏យកលុយខ្មោចមួយចំណែក ទៅជូន មេបញ្ជាការកងពល ចែកលុយខ្មោចស៊ីយ៉ាងសប្បាយដៃ ជាហេតុនាំឱ្យកងកម្លាំងសាធារណរដ្ឋខ្មែរ ចុះទន់ខ្សោយ ដោយសារតែអំពើពុករលួយ។

ពួកនាយទាហានបានចំណេញ ២ដំណាក់កាល គឺស៊ីលុយខ្មោចមួយដំណាក់ រួចលក់ឈ្មោះខ្មោចមួយដំណាក់ទៀត។ ឧបមា ថា ព្រិន្ទបាលទោ ឬអនុសេនីយ៍ត្រីម្នាក់ ត្រូវគ្រាប់ស្លាប់ គេអត់រាយការណ៍ទៅលើទេ គ្រាន់តែស៊ិសស៊ុសបើកលុយឱ្យ​ប្រពន្ធ អ្នកស្លាប់នោះ រួចគេយកឈ្មោះទៅលក់ឱ្យអ្នកចូលថ្មី ដែលត្រូវការបុណ្យស័ក្តិទាហាន។ តម្លៃលក់ឈ្មោះនោះ រាប់ម៉ឺនរៀល ជួនកាលគេលក់ទាំងកាំភ្លើងខ្លីរបស់ខ្មោចទៀតផង។ បើជាពលទោកេណ្ឌថ្មី គេមិនលក់ឈ្មោះទេ តែ “ឱ្យស៊ីឈ្មោះខ្មោច” គ្រាន់តែហាត់ចេះកាន់កាំភ្លើង ក៏អាចបើកលុយខ្មោចបានយ៉ាងស្រួល។

កាលខ្មែរក្រហម វាយបែកភ្នំពេញ ក៏មានមេបញ្ជាការកងវរសេនាតូច ឬកងអនុសេនាធំខ្លះ វេចលុយពេញៗសម្ពាយ មកចាយវាយនៅដីរំដោះ តែទីបំផុត បានត្រឹមអង្គការអាវខ្មៅ ប្រមូលយកទៅបាចចោលពេញដី ព្រោះមិនចាយលុយ។

វប្បធម៌ “មនុស្សស៊ីឈ្មោះខ្មោច” អាចឆ្លងមកដល់បច្ចុប្បន្ន សូម្បីរាជរដ្ឋាភិបាល ប្រសូតចេញពីគណបក្សប្រជាជនកម្ពុជា (CPP) ក៏ទទួលស្គាល់ថា មានអំពើពុករលួយ ស៊ីលុយខ្មោចនៅតាមអង្គភាពកងប្រដាប់អាវុធដែរ។ សម្តេចនាយករដ្ឋមន្ត្រី ធ្លាប់ចេញបញ្ជាឱ្យបោសសម្អាត “ដេញខ្មោច” ម្តងៗបានជាង៣ម៉ឺនខ្មោចឯណោះ មិនមែនជារឿងបំផ្លើសនោះទេ។

កាលពីជំនាន់អ៊ុនតាក់ សូម្បីតែក្នុងក្រសួង មន្ទីរស៊ីវិល ក៏មានចាត់ឱ្យដេញខ្មោចដែរ ជាក់ស្តែងអ៊ុនតាក់ បានចាត់ឱ្យមន្ត្រី របស់ខ្លួនជាពហុសាសន៍ ទៅអង្គុយមាត់ទ្វារការិយាល័យបើកប្រាក់ខែ ចាំត្រួតពិនិត្យលិខិតសម្គាល់ខ្លួនមន្ត្រីរាជការ បើខុស ទម្រង់មុខក្នុងរូបថត ឬសរសេរខុសឈ្មោះជាអក្សរឡាតាំង មិនស្របក្នុងបញ្ជីបើកលុយ គេមិនទទួលស្គាល់ ដែលកាលនោះ ដេញខ្មោចក្របខ័ណ្ឌ បានក្រែលគួរសមដែរ។

ការដេញខ្មោចធ្វើជាហូរហែមកហើយ នៅតែដេញមិនអស់ សូម្បីតែពលទាហាន ឌី ចាន់ថន ក៏បកអាក្រាតអំពើពុករលួយ ដែលមេបញ្ជាការចង់លក់ឈ្មោះខ្លួនឱ្យអ្នកដទៃ ក្នុងតម្លៃជាង១ម៉ឺនដុល្លារដែរស៊ីឈ្មោះកូនចៅឯង!… មេថោក!…

ទោះយ៉ាងណា ឋានៈត្រឹមមេបញ្ជាការកងវរសេនាតូច ឬមេបញ្ជាការកងពល គ្មានសិទ្ធិលុបឈ្មោះកងកម្លាំងប្រដាប់អាវុធឆៅៗបែបនេះទេ តែបើជាការសមគំនិតគ្នា ឬចែកលុយគ្នាចាយ ស្អីក៏គេធ្វើកើតដែរសម័យនេះចាយដុល្លារ!…

សម្រាប់ក្របខ័ណ្ឌមន្ត្រីរាជការ ឬគ្រូបង្រៀន មានកំហុសធ្ងន់ ទាល់តែរដ្ឋមន្ត្រី ទើបមានសិទ្ធិលុបឈ្មោះចេញ ពុំមែនឋានៈ ត្រឹមប្រធាននាយកដ្ឋាន ឬប្រធានមន្ទីរតាមខេត្ត អាចលុបបាននោះទេ។ បើយោធាសុំលាឈប់ពីអង្គភាព ត្រូវតែរាយការណ៍ទៅលើតាមជាន់ថ្នាក់ ប៉ុន្តែបើស្ងាត់ៗ ស្រាប់តែឈ្មោះ “ម៉ៅ” បាត់មុខពីអង្គភាព លេចឯឈ្មោះ “ម៉ៅ” ថ្មីទៀត ចូល ជំនួសនោះ ច្បាស់ណាស់ថា ជា “វប្បធម៌មនុស្សស៊ីឈ្មោះខ្មោច” កើតឡើងតែម្តង។

បើសម័យសង្គ្រាម គួរតែមានការអនុគ្រោះដែរ ពីរឿងលក់ឈ្មោះ ស៊ីឈ្មោះខ្មោចបែបនេះ ប៉ុន្តែស្រុកសន្តិភាព បើចេញតែ ក្បួនស៊ីឈ្មោះខ្មោច និងលក់ឈ្មោះខ្មោចបែបនេះទៀត បានត្រឹមបំផ្លាញថវិកាជាតិ ធ្លាក់ទៅដល់ដៃបុគ្គលពុក​រលួយតែ​ប៉ុណ្ណោះ។

សរុបមក “មនុស្សស៊ីឈ្មោះខ្មោច” វាកើតតាំងពីសម័យលន់ នល់ ម៉្លេះ ឯរបបប៉ុល ពត គ្មានករណីបែបនេះទេ ព្រោះ មិនចាយលុយ។ ករណីកូនទាហានបកអាក្រាតមេបញ្ជាការ ពីរឿងចង់លក់ឈ្មោះខ្លួនជាង ១ម៉ឺនដុល្លារនោះ អាចថា ក្នុងអង្គភាព នោះ មានមនុស្សស៊ីឈ្មោះខ្មោចច្រើន និងបើកប្រាក់ខែខ្មោច យកទៅបំពេញមហិច្ឆតារបស់ខ្លួន គួរតែ ជភភ បន្តបោសសម្អាត ដេញខ្មោចចេញឱ្យអស់ ទើបមិនរងផលប៉ះពាល់ដល់សង្គម

RELATED ARTICLES