Thursday, November 21, 2024
Homeបរិយាយមានលាភ មិនស្មើមានបុណ្យ

មានលាភ មិនស្មើមានបុណ្យ

ដោយ អាចារ្យថាំ

ប្រជាពលរដ្ឋខ្មែរ ជាង៩០ភាគរយ កាន់ព្រះពុទ្ធសាសនា តែងគោរពជឿបុណ្យបាប កុសល អកុសល ដែលសូម្បីតែ សាសនាឯទៀត ក៏មានជំនឿប្រហាក់ប្រហែលគ្នា។ ទ្រឹស្តីពុទ្ធនិយម គឺ “មានលាភ មិនស្មើមានបុណ្យ” ចង់និយាយពីព្រះមហាក្សត្រ ប្រធានាធិបតី នាយករដ្ឋមន្ត្រី ដែលកាន់អំណាចនីតិប្រតិបត្តិ បើគ្មានសម្ពាយបុណ្យ ពីអតីតជាតិទេនោះ មិនអាចកាន់តំណែងជាន់ខ្ពស់នេះបានឡើយ។ ជួនកាលក៏មានការប្រដុងប្រជា ផ្គូផ្គង តែងតាំងរជ្ជទាយាទ ទុកជាស្រេច តែទីបំផុតព្រះរាជបុត្រច្បងនោះ អត់បុណ្យ មិនបានសោយរាជ្យ បានឯព្រះរាជបុត្របន្ទាប់ ឡើងសោយរាជ្យទៅវិញ ដែល “នគរធំ” សូមគាស់ កកាយទ្រឹស្តីពុទ្ធនិយម “មានលាភ មិនស្មើមានបុណ្យ” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ

លោកម៉ែន ណាត ប្រធានអ្នកឃ្លាំមើលកម្ពុជា ដែលមាននិន្នាការប្រឆាំងរស់នៅក្រៅប្រទេស បានផុសកំណាព្យតាម គណនីហ្វេសប៊ុក ថា “តាសែន ស្មុគហើយ ស្មុគស្មាញមិនល្ហើយ រឿងផ្ទេរអំណាច ទំនាស់ផ្ទៃក្នុង វិលក្បុងបាចសាច រឿងផ្ទេរអំណាច ពិបាកឆ្លងផុត”។

បើពិចារណាកំណាព្យនេះ មានលក្ខណៈញុះញង់សុទ្ធសាធ ដែលលោកម៉ែន ណាត ថា គណបក្សប្រជាជនកម្ពុជា (CPP) មានទំនាស់ផ្ទៃក្នុង ធ្វើឱ្យរាំងស្ទះដល់ការផ្ទេរអំណាច ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនទៅបុត្រច្បង ហ៊ុន ម៉ាណែត។ ការពិតទៅកម្ពុជា គ្មានទំនាស់វិបត្តិអ្វីក្នុងរាជរដ្ឋាភិបាល និង CPP នោះទេ ឃើញទាស់គ្នាតែពួកប្រឆាំង បែកឆ្នាំងបាយ នាំគ្នាចុះចូល ជភភ ចង់អស់ហើយ។

CPP បានឯកភាពជាឯកច្ឆន្ទ ដាក់ “ទាយាទនាយករដ្ឋមន្ត្រី” រួចរាល់អស់ហើយ ដោយគ្មានមតិជំទាស់ សូម្បីតែសម្តេច ហេង សំរិន ប្រធានកិត្តិយស សម្តេចសាយ ឈុំ សម្តេច ស ខេង សម្តេចទៀ បាញ់ សម្តេចម៉ែន សំអន ជាអនុប្រធាន ក៏បាន លើកដៃអនុម័តជាឯកច្ឆន្ទ។

“នគរធំ” ក៏ឯកច្ឆន្ទទៅតាមនោះដែរ ដោយមើលឃើញថា លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មានកម្រិតវប្បធម៌ ខ្ពស់ មានប្រជាប្រិយភាពមិនចាញ់ឪពុក ពិតជាមានសមត្ថភាពដឹកនាំប្រទេស ទៅអនាគត។ ពាក្យទំនឹមថា “ស្លឹកឈើជ្រុះ មិនឆ្ងាយពីគល់” ពិតជាមិនខុសឡើយ យើងចាំតែមើលទៅ ប៉ុន្តែសម្រាប់ពួកប្រឆាំង ជួនកាលគេប្រឆាំងដើម្បី “តថ្លៃតំណែង” មិនបាច់ឆ្ងល់។

ទោះយ៉ាងណា ទ្រឹស្តីពុទ្ធនិយម ថា “មានលាភ មិនស្មើមានបុណ្យ” ចង់ផ្តោតទៅលើបុណ្យវាសនា ចារទុកពីព្រេងនាយមក បើលោកហ៊ុន ម៉ាណែត មានសម្ពាយបុណ្យ ត្រូវតែបានធ្វើនាយករដ្ឋមន្ត្រី ចៀសមិនរួចឡើយ។ សម្រាប់មនុស្សអត់បុណ្យ គឺបានត្រឹមតែ “មានលាភ” ប៉ុណ្ណោះ ដូចឧទាហរណ៍រឿង “ហ្មដំរី បានឡើងធ្វើស្តេច” ដកស្រង់ពីនិទានជាតក។

រឿងនេះ តំណាលថា កាលនោះមានបុរសម្នាក់រកស៊ីកាប់អុស ដឹកទៅលក់នៅក្រុងពារាណសី ថ្ងៃមួយគាត់ស្កុនដំណើរ នៅក្នុងព្រៃ មួយយប់ ក៏ទៅដេកក្បែរខ្ទមអ្នកតា ស្រាប់តែឮមាន់ព្រៃ២ក្បាល ឈ្លោះគ្នា ដោយសារគាត់ចេះស្តាប់ភាសា សត្វ។ មាន់ទាំង២ អួតប្ញទ្ធិគ្នា ទុកឱ្យបុរសកាប់អុសសម្ងំចាំតែស្តាប់ ខណៈដែលមាន់ដេកខាងក្រោម និយាយថា “បើអ្នកណា បានស៊ីសាច់ខ្ញុំ នឹងបានប្រាក់ ១ពាន់កហាបណៈ ទាំងព្រឹក”។ ចំណែកមាន់ដេកខាងលើ និយាយអួតថា “បើអ្នកណាបានស៊ី សាច់ចំឡកខ្ញុំ នឹងបានជាស្តេច បើស៊ីសាច់ខាងក្រៅ នឹងបានជាអគ្គមមហេសី បើស៊ីសាច់បន្ទាប់ឆ្អឹង នឹងបានជាសេនាបតី ឬបើជាសង្ឃ នឹងក្លាយជាជីតុនរបស់ស្តេច”។

បុរសកាប់អុសស្តាប់ឮ ក៏ឡើងនៅចាប់មាន់ដេកខាងលើ មួលកងាប់ រួចស្របពេលភ្លឺ ក៏យកនៅឱ្យប្រពន្ធដាក់ស្ងោរ។ បន្ទាប់មក បុរសនោះគិតថា សាច់មាន់នេះ មានអានុភាពខ្លាំងណាស់ ខ្លួននឹងក្លាយជាស្តេច ឯភរិយានឹងក្លាយជាអគ្គមហេសី តែមុននឹងស៊ីសាច់ដ៏មានតម្លៃនេះ ត្រូវទៅងូតទឹកឱ្យស្អាតសិន។

បុរសកាប់អុស ក៏នាំប្រពន្ធទៅងូតទឹកស្ទឹង ដោយយកភាជន៍មាន់ស្ងោរ ដាក់ក្បែរមាត់ទឹក នាំគ្នាប្រលែងលេងសើច ភ្លេច អ្វីៗទាំងអស់ អកុសល មានខ្យល់បោកបក់ ខ្ទាតភាជន៍មាន់ស្ងោរទៅដល់ទឹកស្ទឹង ក៏ហូរនាំទៅក្រោម។ ថ្ងៃនោះ មានហ្មដំរី ម្នាក់ កំពុងលាងដំរីខាងក្រោមខ្សែទឹក ឃើញមាន់ស្ងោរអណ្តែតមក ក៏ចាប់បានយកទៅផ្ទះ ចង់ហៅប្រពន្ធបរិភោគ។ ហេតុតែ គាត់ជាមនុស្សមានបុណ្យបារមី មិនទាន់ហ៊ានហូបសាច់មាន់នោះទេ ក៏យកទៅប្រគេនតាបស ជាក្លើសិន ឯតាសបនោះ មាន ចក្ខុទិព្វ ដឹងថាជា “មាន់អាទិទេព” នាំព្រេងសំណាងមកឱ្យ ក៏បេះសាច់ចំឡក ឱ្យហ្មដំរី សាច់ខាងក្រៅ បេះឱ្យនាងប្រពន្ធ ឯតាបស ឆាន់សាច់បន្ទាប់ឆ្អឹង និងប្រាប់ហ្មដំរីថា អ្នកឯងកុំប្រមាទខ្លួន នៅ៧ថ្ងៃទៀត នឹងបានសោយរាជ្យជាស្តេច។

ថ្លែងពីក្រុងពារាណសី កាលនោះមានចលនាបះបោរ និងស្តេចចំណុះលើកទ័ពមកព័ទ្ធរាជធានី។ ស្តេចនោះកំសាកណាស់ អត់ហ៊ានចេញច្បាំង ក៏ត្រាស់បង្គាប់ហ្មដំរី ឱ្យទ្រង់គ្រឿងអម្ពរពស្ត្រា ជាព្រះមហាក្សត្រ គង់លើដំរី ទៅច្បាំង។ ចំណែកស្តេច ពិតប្រាកដ ក្លែងជាពលសេនា ដើរបន្លំៗតាមពីក្រោយគេ។ ជាអកុសល មានផ្លែព្រួញមួយហើរទៅទម្លុះទ្រូងស្តេចពិតប្រាកដ សោយទិវង្គតទៅ លុះដឹងថា ស្តេចយាងទៅភពថ្មី ទើបហ្មដំរីដែលក្លែងជាស្តេចនោះ ចេញបញ្ជាពន្យុះកងទ័ពឱ្យចូលច្បាំងឈ្នះ បច្ចាមិត្រ។

ទីបំផុត បន្ទាប់ពីធ្វើបុណ្យថ្វាយព្រះភ្លើងស្តេចរួចមក នាហ្មឺនសព្វមុខមន្ត្រី ក៏ជំនុំគ្នាថា មុនសោយទិវង្គត ស្តេចបានប្រោសព្រះរាជទានភេទរបស់ព្រះអង្គ ដល់ហ្មដំរីរួចហើយ ក៏អនុម័តជាឯកច្ឆន្ទ អញ្ជើញហ្មដំរី ឱ្យឡើងសោយរាជ្យ អភិសេកនាង ប្រពន្ធ ជាព្រះអគ្គមហេសី ឯតាបសជាក្លើនោះ ក៏ក្លាយជាជីតុន (អ្នកបួសដែលស្តេច ស្និទ្ធស្នាលប្រគេនចតុប្បច្ច័យ របស់ ព្រះមហាក្សត្រ។

រឿងនេះបង្ហាញថា “មានលាភ មិនស្មើមានបុណ្យ” ពោលគឺបុរសកាប់អុស បានត្រឹមមានលាភ ចាប់មាន់បោចស្ងោរ ឯហ្មដំរី ជាបុគ្គលមានបុណ្យវាសនា ទើបបានគ្រងរាជសម្បត្តិ។

ករណីនេះក៏មានខុសពី “សម្តេចឪ ព្រះនរោត្តម សីហនុ” ពុំដែលនឹកនាថា បានសោយរាជ្យនោះទេ។ លុះព្រះរាជអយ្យកោ ស៊ីសុវត្តិ មុនីវង្ស សោយទិវង្គតទៅ តាមទំនៀម រាជសម្បត្តិត្រូវបានទៅព្រះអង្គម្ចាស់ស៊ីសុវត្តិ មុនីរ៉េត ប៉ុន្តែបារាំង មិន ចូលចិត្តទ្រង់មុនីរ៉េត ក៏សុំយាងព្រះអង្គម្ចាស់សីហនុ ដែលកំពុងរៀននៅវិទ្យាល័យស្ហាស់លូ ឡូបាត៍ នៅទីក្រុងព្រៃនគរ មក គ្រងរាជ្យទៅវិញ ដែលបង្ហាញថា ទ្រង់មុនីរ៉េត បានត្រឹមមានលាភ ឯសម្តេចព្រះនរោត្តម សីហនុ មានបុណ្យវាសនា ចារពី ព្រេងនាយមក។ ទោះបីជារងការធ្វើរដ្ឋប្រហារ គង់នៅស្រុកចិន ជាង២០ឆ្នាំ ក៏សម្តេចឪ នៅតែបានយាងមកសោយរាជ្យជា លើកទី២ ដោយសារសម្ពាយបុណ្យនេះឯង។

ចំណែកសម្តេចហ៊ុន សែន ក៏មានសម្ពាយបុណ្យដែរ ព្រោះខ្វះអីអ្នកតស៊ូប្រឆាំងរបបប៉ុល ពត ដែលឥស្សរជនខ្លះ បាន ទៅនៅហាណូយ ជាច្រើនឆ្នាំ អត់បានធ្វើនាយករដ្ឋមន្ត្រី បែរជាតំណែងដ៏ឧត្តមនេះ បានសម្តេចហ៊ុន សែន ទៅវិញ។

សរុបមក “មានលាភ មិនស្មើមានបុណ្យ” ជាខ្លឹមសារពុទ្ធនិយមសុទ្ធសាធ ដែល “នគរធំ” មានជំនឿថា លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏មានបុណ្យវាសនាដែរ ព្រោះផ្ទៃក្នុង CPP អត់មានអ្នកជំទាស់ទេ ដូច្នេះលោកនឹងបានស្នង តំណែងពីឪពុកមិនខានឡើយ

RELATED ARTICLES