ភ្នំពេញ៖ខ្សែភាពយន្ដខ្នាតធំរបស់ក្រុមការងារJailbreak រឿងKTV (Killing Time Violently) ឬ”ហ៊ានលេង ហ៊ានស៊ី ហ៊ានសង” របស់M Picture ត្រូវបានដាក់សម្ពោធជាផ្លូវការនៅរោងភាពយន្ដMajor Cineplex By Smart នៅផ្សារ ទំនើបអ៊ីអន១ កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានមន្រ្ដីពាក់ព័ន្ធវិស័យភាពយន្ដ អ្នកដឹក នាំរឿងល្បីៗ និងតារាប្រុសស្រីជាច្រើនដួងទៀត។
លោកJimmy Henderson ជាអ្នកដឹកនាំរឿងKTV បានឲ្យដឹងថាលោកមានអារម្មណ៍រំភើបដែលបានឃើញស្នាដៃដែលមានការសម្រិតសម្រាំង និងធ្វើការយ៉ាងសស្រាក់សស្រាំមួយនេះរបស់ក្រុមការងារលោកចេញជារូបរាងឡើង ហើយរឿងនេះចំណាយពេលនិពន្ធនិងថតទម្រាំចប់ចាយពេលអស់១ឆ្នាំកន្លះ។ភាពយន្ដនេះបោះទុនអស់ក្រោម២០ម៉ឺនដុល្លារ និងជារឿងទី៧ហើយដែលលោកបានដឹកនាំភាពយន្ដនៅខ្មែរ ពិសេសKTV ក៍ត្រូវបានក្រុមហ៊ុននៅអាមេរិកដល់ទៅ៣ចាប់អារម្មណ៍ តែលោកមិនទាន់សម្រេចចិត្តផ្ដល់ឲ្យក្រុមហ៊ុនមួយណាទេ គឺទាល់តែ១ទៅ២ខែ ទៀតទើបបានដឹង។ប៉ុន្ដែលោកថាKTV ក៍ត្រៀមយកទៅចូលរួមបង្ហាញលើវេទិការអន្ដរ ជាតិក្នុងកម្មវិធីFilm Festival នាពេលខាងមុខផងដែរ ក្រោយរឿងJailbreak ត្រូវបានទីផ្សារភាពយន្ដអន្ដរជាតិទទួលស្គាល់។លោកJimmy Henderson បន្ថែមទៀតថាKTV មានទម្ងន់ជាងJailbreak ទៅទៀត ហើយការផលិតទម្រាំចេញជាស្នាដៃឡើងគឺជួបការលំបាកច្រើន តែលោកពេញចិត្តព្រោះសុខចិត្តធ្វើរឿងមួយដែលពិបាកដើម្បីគុណភាព ប្រសើរជាងធ្វើរឿងដែលស្រួល ធ្វើឲ្យអ្នកទស្សនាពិបាកមើល។
KTV មានការចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនដួងមានដូចជានាយក្រូច ,ពែកម៉ី,Dj ស្ដី ,តារាក្បាច់គុណសំ ថារ័ត្ន និងInfluencer ដ៍ល្បីមកពីទីក្រុងតូក្យូHinano Kurosaki ផងដែរ។លោក Henderson ក៍បានសហការណ៍ជាមួយអ្នកនិពន្ធKia Miller ,អ្នកដឹកនាំAction Fest 2018 ,The Prey និងផលិតករKim Chanthang អ្នកដឹកនាំផ្នែករូបថតRom Sokheng ,អ្នកគ្រប់គ្រងផលិតកម្ម Boramy Yoath ហើយKTV ផលិតដោយChy Sila ,Kenneth Ung ,Si Mao និងMey Ly ។KTV ជាភាពយន្ដបែបវ៉ៃតប់ កាប់ចាក់ យ៉ាងសាហាវនេះចាប់ផ្ដើមដាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នេះតទៅនៅគ្រប់រោងកុនទំនើបៗទាំងអស់នៅកម្ពុជា។
លោកសាវិន ហ្វីលីព ជាតួអង្គសំខាន់ម្នាក់របស់KTV ថ្លែងថាKTV ពិសេសជាងJailbreak ទៅទៀត ហើយលោកជឿរជាក់លើលោក Henderson ដែលគាត់ពិតជាធ្វើឲ្យភាពយន្ដខ្មែរមានមោទនភាពនៅលើឆាកអន្ដរជាតិ។ចំណែកDj ស្ដី វិញនិយាយថាក្នុងរឿងKTV លោកសម្ដែងជាមេប៉ូលីសបង្រ្កាបក្រុមឧក្រិដ្ឋជន និងក្រុមធ្វើបាបស្រីញីលក់គ្រឿងញៀន ជាដើម ហើយលោកជាRapper ម្នាក់មុនគេនៅខ្មែរ អីចឹងការសម្ដែងភាពយន្ដគឺមិនលំបាកទេ ហេតុនេះលោកជឿរជាក់លើក្រុមការងារJailbreak ដែលរើសសុទ្ធតែតួមានទេពកោសល្យ ព្រោះកុនល្អត្រូវការអ្នកនិពន្ធ ដឹកនាំ តួសម្ដែងនិងបច្ចេកទេសល្អទើបធ្វើឲ្យភាពយន្ដល្អ។ចំណែកនាយពែកម៉ី ដែលជាតួអង្គម្នាក់ដែរក្នុងKTV ដែរបានថ្លែងថារឿងKTV នេះលោកសម្ដែងរៀបនឹងគេងជាមួយនារីម្នាក់មានឈុតអោបថើបអី តែត្រូវបានគេនាំចូលបន្ទប់១ក៍រុំមុខសម្លាប់លោកចោលតែម្ដង ។លោកថារឿងនេះនាយគ្មានឈុតសម្ដែងកំប្លែងទេ គឺមានតែឈុតរំលោភ ហើយរំលោភនោះបើនៅក្រៅឆាកច្រើនរាប់មិនអស់តែម្ដង …។លោកថាហើយនៅឆ្នាំ២០២៣ នេះលោកលេងម៉ូដសក់តោម៉ិញសឿ ទើបគេហៅថាអាសឿ ស្វាយរឿង…។
លោកស៊ិន ច័ន្ទសាយ៉ា ទីប្រឹក្សារក្រសួងវប្បធ័ម និងវិចិត្រសិល្បៈបានឲ្យដឹងថាKTV លោកបានទស្សនារួចហើយនិងមើលឃើញថារឿងនេះមិនធ្វើឲ្យទស្សនិកជនស្ដាយលុយឡើយ ព្រោះតួសម្ដែងនីមួយៗលេងច្បាស់លាស់ណាស់ ធានាថាល្អមើលតែម្ដង។លោកច័ន្ទសាយ៉ា សង្កត់ថាKTV គឺជាភាពយន្ដធំជាងគេនៅកម្ពុជាប្រចាំឆ្នាំ២០២៣ ៕