ភ្នំពេញ ៖ បន្ទាប់ពីបានប្រកាសថា ចង់ជួបកូនស្រី អ៊ុំ សុវណ្ណនី ក្នុងជីវិតចុងក្រោយ មុននឹងស្លាប់ និងបានទន្ទឹងរង់ ចាំផ្លូវកូនស្រីធ្វើដំណើរពីអាមេរិក មកលេងស្រុកខ្មែរ អស់ជាច្រើនខែមក ពេលនេះតារាសម្ដែងជើងចាស់ លោក តា មិន សារិន ហៅម៉ែន ឪពុកបង្កើតរបស់អតីតតារាសម្តែងស្រីល្បីឈ្មោះ អ៊ុំ សុវណ្ណនី ដែលសព្វថ្ងៃមានវ័យជរា និងបានធ្លាក់ខ្លួនក្រនោះ បានប្រាប់ថា លោកតាបានជួបកូនស្រីដែលជាអតីតតារាសម្ដែងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ម្នាក់នេះដូចបំណងហើយ ដោយលោកតាបង្ហាញអារម្មណ៍ពិតថា គាត់ពិតជាមានក្ដីរំភើបរីករាយណាស់ មិនចង់ បានអ្វីពីកូនទេ ឲ្យតែបានជួបមុខកូន ក្រោយបែកគ្នាអស់ជាច្រើនឆ្នាំប៉ុណ្ណឹង លោកតាស្លាប់ទៅបិទភ្នែកជិតហើយ ។
លោកតា មិន សារិន ហៅម៉ែន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ថាធម្មតាទេ ទឹកចិត្ត និងក្ដីរលឹកចំពោះកូន មានទំហំធំធេងណាស់ មិនអាចពណ៌នាអស់ទេ ហើយទឹកចិត្តរបស់កូន ចំពោះឪពុក ក៏ដូច គ្នាដែរ ។ ដូច្នេះអាចនិយាយបានថា ការជួបគ្នារវាងលោកជាឪពុក ជាមួយកូនស្រី អ៊ុំ សុវណ្ណនី ជាការជួបគ្នាប្រ កបដោយក្ដីរីករាយ និងសប្បាយចិត្តជាទីបំផុត ។ ជាពិសេស ការជួបនេះ បង្ហាញឲ្យឃើញច្បាស់ថា បំណងរបស់ លោកតាដែលចង់ជួបកូនក្នុងជីវិតចុងក្រោយនេះ បានសម្រេចហើយ ហើយមិនត្រឹមតែបានដូចបំណងទេតែក៏ លាងជម្រះជ្រះនូវអារម្មណ៍ហ្មងសៅដែលធ្លាប់ខឹងកូនមិនមកជួបឪពុកនោះរលាយបាត់ទៅអស់ដែរ ដោយជំនួស មកវិញនូវអារម្មណ៍សប្បាយរីករាយ និងចង់ឃើញកូនសេចក្ដីសុខទៅមុខ ។
លើសពីនេះ លោកតាម៉ែន ចង់ប្រាប់ថា ក្នុងពេលបានជួបគ្នានេះ កូនស្រីរបស់លោកតាមិនទាន់ បានផ្ដល់ថវិកា សម្រាប់ឧបត្ថម្ភដល់ជីវភាពរបស់លោកតាទេ គឺអាចនឹងផ្ដល់ជូនលោកតា នៅពេលអ្នកស្រីត្រលប់ទៅអាមេរិក វិញ ប៉ុន្តែទោះប្រគល់ជូន ឬមិនប្រគល់ជូន ក៏លោកតាមិនទោមនស្ស ឬខឹងនឹងកូនទេ ព្រោះដូចលោកតាបាន បញ្ជាក់ហើយ គឺសុំត្រឹមតែបានជួបមុខកូន ក្នុងជីវិតចុងក្រោយ លោកតាអស់ចិត្តហើយ ។ ឥឡូវនេះលោកតា មានអារម្មណ៍ថា សម្រាន្តលក់ស្រួល ក្រោយបានជួបកូនស្រីនេះ ។
លោកតាម៉ែន បានមានប្រសាសន៍ថា “បាទ! ត្រឹមត្រូវហើយ រឿងហ្នឹងបានជួបកូនហើយ ប៉ុន្តែគ្រាន់តែបាន ជួបនៅក្នុងលក្ខណៈមួយថា ស្និទ្ធស្នាលរាប់អាន នឹករលឹកតែប៉ុណ្ណឹង ហើយនិងដើរហូបចុកទៅទីនេះ ទៅនោះ នៅទីក្រុងភ្នំពេញ ហ្នឹង ។ ឧទាហរណ៍ ទៅវត្តភ្នំ ដើរលេងនៅឯណាបន្តិចបន្តួចអ៊ីចឹងទៅ ហូបចំណីចំណុកជា មួយកូនហ្នឹង បានពីរបីថ្ងៃហើយ ។ ប៉ុន្តែបន្ទាប់មកទៀត កូនថា គាត់កំពុងរវល់កម្មវិធីមួយចំនួនទៀត ឥឡូវនេះ គឺថាទៅការកូនក្មួយគាត់ នៅថ្ងៃសុក្រហ្នឹង អ៊ីចឹងគាត់កំពុងរៀបចំ ហើយបន្ទាប់ទៀតទៅ គាត់ចេញទៅខេត្ត សៀមរាប ហើយនិងទៅកំពង់សោម ។ ប៉ុន្តែខ្ញុំអត់បានទៅទេ ព្រោះសុខភាពខ្ញុំអត់អំណោយផល គាត់បបួលទៅ តែខ្ញុំអត់ទៅទេ ខ្ញុំនៅផ្ទះ ។ គាត់មកដល់ស្រុកខ្មែរ នៅថ្ងៃទី២៤ ប៉ុន្តែខ្ញុំបានជួបគាត់តាមទូរស័ព្ទ នៅថ្ងៃទី២៦ ហើយ ក៏ដើរលេងជាមួយគ្នា នៅថ្ងៃទី២៧ គឺដើរលេងមួយថ្ងៃ ពីរថ្ងៃហ្នឹងទៅ ហើយដោយសារសុខភាព ខ្ញុំមិនអំណោយ ផល ខ្ញុំក៏នៅផ្ទះ គាត់ថា អ៊ីចឹងប៉ានៅផ្ទះទៅ ហើយចាំមានការពិសេសអី ចាំគាត់ហៅខ្ញុំបន្តទៀត ។
ចំពោះការឧបត្ថម្ភហ្នឹង គឺមិនទាន់បានចេញជាលទ្ធផលទេ ព្រោះថា យើងទើបនឹងជួបគ្នាដំបូងឡើយ ហើយការ រាក់ទាក់ ស្រលាញ់កូន នឹកកូនហ្នឹង ក៏បានជួបគ្នា សប្បាយរីករាយហ្នឹង ដើរហូបចុកតែប៉ុណ្ណឹង ហើយការផ្ដល់ ថវិកាដល់ខ្ញុំ គឺមិនទាន់បានចេញទេ ព្រោះគាត់មិនដឹងប៉ុន្មានថ្ងៃទៀតត្រលប់ទៅវិញ ។ ប៉ុន្តែខ្ញុំបានបញ្ជាក់ហើយ ថា ខ្ញុំចង់ជួបកូននេះ មិនមែនក្នុងបំណងចង់បានថវិកាជាសំខាន់ទេ ពីព្រោះខ្ញុំចំណាស់នេះហើយអាយុ ៨៣ហើយ ហើយពេលដែលបែកកូនហ្នឹង ក៏បែករាប់ឆ្នាំទៅ ហើយ ឥឡូវបានជួប គឺសប្បាយណាស់សប្បាយ មែនទែន សប្បាយរហូតដល់ព្រលឹងរបស់ខ្ញុំចង់ហោះហើរទៅទៀត សប្បាយហួស ។ ដូច្នេះមិនចង់បានអ្វីពី កូនទេឲ្យតែ បានជួបមុខកូន ហើយម្យ៉ាងទៀត ម្ដាយរបស់នាងនៅឯអាមេរិក នោះ គាត់បានស្លាប់ហើយ គឺម្ដាយរបស់គាត់ ហ្នឹងក៏ស្លាប់នៅស្រុកអាមេរិក នោះ ។ អ៊ីចឹងសព្វថ្ងៃ គាត់ដើរឲ្យសប្បាយចិត្តទៅ ដល់អ៊ីចឹងទៅបានជួបប៉ា ទៀត ទៅ គាត់ក៏សប្បាយដែរ ដើរលេងជាមួយគ្នាអ៊ីចឹងទៅ ប៉ុន្តែថាផ្ដល់ថវិកា គឺអត់ ទាន់ មានឮ សម្ដីថាប៉ុនណេះៗទេ អាហ្នឹងថ្ងៃណាគេទៅវិញ គេផ្ដល់តិចតួចក៏មិនដឹង ហើយខ្ញុំក៏មិនដឹងដែរ ។ ប៉ុន្តែផ្ដល់ឬមិនផ្ដល់ មិនសំខាន់ទេ ខ្ញុំមិនចង់បានទេ ដូចចិត្តខ្ញុំពីដើមអ៊ីចឹង គឺឲ្យតែបានឃើញកូន សប្បាយចិត្តណាស់ ទោះបីបានលុយកាក់ក្ដី មិន បានក្ដី មិនគិតទេ ឲ្យតែបានជួបកូន និយាយគ្នា សប្បាយរីករាយជាមួយគ្នាអ៊ីចឹងទៅ“ ។
លោកតាម៉ែន បន្តថា “យ៉ាងណា គាត់បានសួរឪពុកទាក់ទងសុខភាពដែរ គាត់មិនមែនជាពេទ្យទេ ប៉ុន្តែគាត់ បានផ្ដល់ឲ្យប្រដាប់ប្រដារ (បរិក្ខារ) ពេទ្យមួយចំនួន ដែលគាត់ទិញពីនោះមក ដែលមានដូចជា ប្រដាប់វាស់ឈាម ១គ្រឿង ជាដើម ហើយគាត់ដឹងដែរថា ប៉ាចាស់ហើយ ៨៤ហើយ អ៊ីចឹងតែមានកើតជំងឺច្រើន ដល់អ៊ីចឹងទៅ ពេល ដើរទៅហូបចុកជាមួយ គាត់ហ្នឹង គាត់គ្រាហ៍ខ្ញុំរហូត ហើយខ្ញុំអរ បានជួបកូនពេកទៅ ក៏បាត់ឈឺមួយគ្រាទៅ ។ ដូច្នេះបំណងប្រាថ្នារបស់ខ្ញុំដែលបានជួបកូនដូចបំណងនេះ អត់មានអ្វីក្រៅអំពីត្រេកអរ សប្បាយរីករាយ ហើយ សូមជូនពរកូនឲ្យមានអាយុយឺនយូរ ។ ហើយខ្ញុំក៏សូមជូនដំណឹងទៅដល់បងប្អូនអ្នកសិល្បៈ ប្រជាជនទូទាំងប្រ ទេស នៅក្នុងស្រុកខ្មែរនេះថា ឥឡូវនេះខ្ញុំបាទ មិន សារិន ហៅម៉ែន នេះ គឺបានជួបកូនស្រី (អ៊ុំ សុវណ្ណនី) ផ្ទាល់ ហើយបានដើរលេងជាមួយគ្នា ហើយសូមបងប្អូនទាំងអស់ ជួយគាំទ្រនាង ព្រោះនាងមកនេះ គឺថាមកដោយគ្មាន លក្ខណៈអីឯណានោះទេ គ្រាន់តែមកដើម្បីជួបឪពុក ហើយនិងបងប្អូនមួយចំនួនដែលនៅទីក្រុងភ្នំពេញ ហ្នឹងតែ ប៉ុណ្ណឹងទេ ហើយក៏សូមអធ្យាស្រ័យ ដែលលើកមុន ខ្ញុំបាននិយាយទៅហួស ដោយការខុសសម្បាលើកូនតែ ឥឡូវនេះ គឺខ្ញុំសប្បាយចិត្តណាស់ លែងបានខឹងសម្បាកូនអីទៀតហើយ មានតែឲ្យកូនទទួលសេចក្ដីសុខសេច ក្ដីចម្រើន ជារៀងរហូតតទៅ“ ។
គួរបញ្ជាក់ថា ក្នុងវិស័យសិល្បៈភាពយន្ត មានមនុស្សតិចណាស់ ដែលថាមិនស្គាល់លោកតា មិន សារិន ហៅ ម៉ែន ព្រោះគាត់ជាតារាសម្តែងជើងចាស់មួយដួង ដែលធ្លាប់មានវត្តមានក្នុងរឿងភាគខ្មែរល្បីៗជាច្រើន រាប់មិន អស់។ ប៉ុន្តែបច្ចុប្បន្ននេះ លោកតាបានដកឃ្លាពីការងារសិល្បៈទាំងស្រុងទៅហើយ ព្រោះតែឈាន ចូលវ័យជរា និងមានបញ្ហាសុខភាពកាន់តែទ្រុឌទ្រោម ហើយឆ្នាំនេះ លោកតាមានអាយុ ៨៤ឆ្នាំហើយ ដូច្នេះ លទ្ធភាពនៃការ ចងចាំសាច់រឿងរបស់តួសម្តែង លែងបានល្អដូចមុនទៀតហើយ។ អ្វីដែលគួរឲ្យអាណិតនោះ លោកតាបានប្រ កាសលក់ផ្ទះ នៅច្បារអំពៅ ជាកេរមរតកចុងក្រោយ ដើម្បីព្យាបាលជំងឺ។ រីឯផ្ទះឈើដែលកំពុង រស់នៅសព្វថ្ងៃ នេះ ក៏ពុកផុយបណ្តើរៗហើយដែរ ។
ទាក់ទងរឿងគ្រួសារ តាមពិតទៅ សិល្បករជើងចាស់ លោកតាម៉ែន មិនមែនជាមនុស្សខ្សត់កូនចៅ ដូចអ្នកសិ ល្បៈចាស់ៗចំនួនទេ គឺលោកតា មានកូនដល់ទៅ ៨នាក់ ជាមួយភរិយាពីរនាក់ ។ ក្នុងនោះជាមួយភរិយាមុន (ស្លាប់នៅអាមេរិក) ដែលរៀបការជាមួយគ្នា តាំងពីសម័យសង្គមរាស្រ្តនិយម លោកតាទទួលបានកូនស្រីម្នាក់ គឺអ្នកស្រី អ៊ុំ សុវណ្ណនី អតីតតារាភាពយន្តខ្មែរ ដ៏ល្បី ដែលសព្វថ្ងៃកំពុងរស់នៅសហរដ្ឋអាមេរិក។ ចំណែកជា មួយភរិយាទី២ ឈ្មោះស៊ុន ពៅ (ស្លាប់ក្នុងអាយុ៧៣ឆ្នាំ) លោកតាទទួលបានកូន ៧នាក់ ដែលក្នុងចំណោមកូន ៧នាក់នេះ មានកូនស្រីម្នាក់ មានសតិមិនល្អ មិនអាចជួយអ្វីដល់តាបាន មានតែត្រូវមើលថែនាងវិញ ។ យ៉ាងណា ក្នុងចំណោមកូនទាំងអស់ លោកតាស្រឡាញ់ស្មើៗគ្នា ជាពិសេសលោកតា មានក្ដីនឹករលឹកដល់កូនស្រីប្រពន្ធមុន (អ្នកស្រីអ៊ុំ សុវណ្ណនី) នោះណាស់ ។ ដូច្នេះហើយ ដោយសារតែសុខភាពលោកតា កាន់តែចុះខ្សោយពីមួយថ្ងៃ ទៅមួយថ្ងៃ ទើបកាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅ តាមរយៈ “នគរធំ” លោកតាប្រកាសឲ្យ តារាសម្តែងជើង ចាស់ អ៊ុំ សុវណ្ណនី ជាកូនស្រីច្បង (កូនប្រពន្ធមុន) ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក ទាក់ទងមក លោកតាផង ព្រោះលោកតាចង់ជួបមុខកូនស្រីច្បងរូបនេះ ក្រោយពីខានទាក់ទងគ្នា ជាង៥ឆ្នាំមកហើយ ដោយ គាត់មិនដឹងសុខទុក្ខកូនស្រីយ៉ាងណា ហើយកូនស្រីក៏មិនដឹងថា សុខទុក្ខលោកតាជាឪពុក ពេលនេះយ៉ាង ណាដែរ ។
ក្រោយការប្រកាសរបស់ឪពុក អស់រយៈពេលជិត១ឆ្នាំ អ្នកស្រី អ៊ុំ សុវណ្ណនី ក៏បានធ្វើដំណើរពីសហរដ្ឋអាមេរិក មកដល់ស្រុកខ្មែរ កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីជួបឪពុក និងដើម្បីមកលេងមាតុភូមិ កំណើត របស់ខ្លួនផង ក្រោយពីអ្នកស្រីឃ្លាតទៅអស់ជាច្រើនឆ្នាំ ហើយក៏ដើម្បីបំពេញបំណងរបស់លោកឪពុក ដែលចង់ ជួបកូនស្រីច្បងនេះ ក្នុងគ្រាចុងក្រោយនៃជីវិតផងដែរ ។
“នគរធំ” បានព្យាយាមទាក់ទងទៅអ្នកស្រី អ៊ុំ សុវណ្ណនី ដើម្បីសុំបទសម្ភាសន៍ ប៉ុន្តែមិនបានសម្រេចទេ កាលពី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។ ប៉ុន្តែបើតាមក្មួយប្រុសម្នាក់ របស់អ្នកស្រី អ៊ុំ សុវណ្ណនី បានឲ្យដឹងថា ការមកលេង ស្រុកខ្មែរលើកនេះ អ្នកស្រី អ៊ុំ សុវណ្ណនី ក្រៅពីបំណងមកលេង សួរសុខទុក្ខលោកតាម៉ែន ជាឪពុក អ្នកស្រីក៏មាន បំណងធ្វើដំណើរកម្សាន្តតាមតំបន់រមណីយដ្ឋាននានាផងដែរ ដើម្បីមើលឃើញច្បាស់នឹងភ្នែកនូវការអភិវឌ្ឍ របស់ប្រទេសកម្ពុជា បន្ទាប់ពីអ្នកស្រីបានឃ្លាតឆ្ងាយពីមាតុភូមិ អស់ជាច្រើនឆ្នាំកន្លងទៅ ។ ដូច្នេះកុំថាឡើយជួប អ្នកសារព័ត៌មាន សូម្បីតែអតីតមិត្តអ្នកសិល្បៈរួមអាជីពជាមួយគ្នា ក៏មិនទាន់មានឱកាសបានជួបជជែកគ្នាផង។ ប៉ុន្តែយ៉ាងណា អ្នកស្រីអ៊ុំ សុវណ្ណនី មានអារម្មណ៍រំភើបរីករាយណាស់ នៅពេលបានមកដល់ស្រុកកំណើត និង បានជួបឪពុកបង្កើត ដូចដែលលោកតាម៉ែន ជាឪពុក បានបង្ហាញអារម្មណ៍សប្បាយរីករាយ ក្រោយពីបានជួប កូនស្រីអ៊ីចឹងដែរ ៕ កុលបុត្រ