Monday, September 15, 2025
Homeសន្ដិសុខសង្គមប្លន់ផ្ទះវេរលុយ អស់ជាង៣ពាន់ដុល្លារ

ប្លន់ផ្ទះវេរលុយ អស់ជាង៣ពាន់ដុល្លារ

បាត់ដំបង ៖ ជនសង្ស័យប្រុសស្រី ១ក្រុម មានគ្នាជាច្រើននាក់ ជិះម៉ូតូ៣ ទៅ៤គ្រឿង បានប្រើល្បិច ធ្វើជា ចូលទៅដូរលុយ និងទិញអីវ៉ាន់នៅក្នុងផ្ទះវេរលុយ ១កន្លែង លុះម្ចាស់ផ្ទះភ្លេចខ្លួន បក្ខពួកជនសង្ស័យក៏ ចូលទៅលួចកាបូបលុយ ដែលមានប្រាក់ក្នុងនោះប្រមាណជាង ៣ពាន់ដុល្លារ ហើយភ្លាមនោះត្រូវម្ចាស់ ផ្ទះឃើញទាន់ ស្ទុះប្រទាញប្រទង់ដណ្តើមមកវិញដែរ តែមិនឈ្នះ ក៏ត្រូវក្រុមជនសង្ស័យនាំគ្នាយកកា បូបលុយឡើងជិះម៉ូតូរត់គេចខ្លួនបាត់អស់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្ទះ វេរលុយ ទ្រូម៉ាន់នី ១កន្លែង នៅក្បែរស្តុបបាណន់ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។ជនរងគ្រោះជាម្ចាស់ទីតាំងវេរលុយ ទ្រូម៉ានី ខាងលើ មានឈ្មោះផុន ម៉ាលីណែត ភេទស្រី អាយុ៣០ឆ្នាំ មាន លំនៅផ្ទះកើតហេតុ ខាងលើ។

តាមប្រភពពីជនរងគ្រោះ បានឱ្យដឹងថា បើតាមការពិនិត្យនៅក្នុងហេតុការណ៍ក្រុមចោរអាចមានគ្នាច្រើននាក់ មានស្រី មានប្រុស ហើយជិះម៉ូតូពី៣ ទៅ៤គ្រឿង ដែលមួយចំនួនបានចូលធ្វើសកម្មភាព ខណៈមួយចំនួន ទៀតរង់ចាំនៅខាងក្រៅ។ ដំបូងមានស្ត្រីម្នាក់ចូលមក សួររក ទិញអីវ៉ាន់ ហើយពេលនោះ ក៏មានមនុស្សម្នាក់ ចូលសុំដូរលុយដែរ។ បន្ទាប់មក ស្ត្រីសង្ស័យម្នាក់នោះ ឱ្យគាត់យកផលិតផលចេញមកក្រៅ ស្របពេលនោះ ស្រាប់តែមានគ្នាវាបន្លំខ្លួនចូលទៅខាងក្នុងបន្ទប់ ទ្រូម៉ានី រើកកាយយកកាបូបលុយ រួចនាំគ្នាឡើងជិះម៉ូតូ យ៉ាង ប្រសេក ប្រសាច គេចខ្លួនបាត់អស់។ ប៉ុន្តែនៅពេលក្រុមចោរប្លន់យកបានកាបូបលុយគាត់នោះ ត្រូវបានគាត់ ប្រទះឃើញ និងស្ទុះទៅប្រទាញប្រទង់ដណ្តើមដែរ តែមិនឈ្នះ ទើបពួកគេរត់គេចអស់ដោយសុវត្ថិភាព។ជនរងគ្រោះ បានបន្តថា ពេលនោះជនម្នាក់ដែលកាន់កាបូបលុយគាត់ បានឡើងជិះម៉ូតូដែលបក្ខពួក រង់ចាំក្បែរ នោះ ហើយបានដកលុយខ្មែរ មួយដុំពីក្នុងកាបូបបាចចោលពេញថ្នល់ តែនៅមានប្រាក់ដុល្លារមួយបាច់ទៀត នៅក្នុងកាបូបប្រហែលជិត ៣០០០ដុល្លារ។ បន្ទាប់មក ក្រុមចោរ បាននាំគ្នាជិះម៉ូតូគេចឆ្ពោះទៅទិសខាងត្បូង (ផ្លូវ ទៅស្រុកបាណន់) ដោយបន្សល់ត្រឹមសកម្មភាពនៅក្នុងកាមេរ៉ាសុវត្ថិភាពប៉ុណ្ណោះ។ 

យោងតាមប្រភពពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា នៅពេលកើតហេតុ គេឃើញមនុស្សប្រុសស្រីពីរនាក់ អង្គុយរង់ចាំលើម៉ូតូខាងមុខ ផ្ទះដែលគេសង្ស័យជាបក្សពួកចោរ។ ពេលនោះ គេឃើញបុរសម្នាក់ពាក់ក្រហម ពាក់មួកសុវត្ថិភាពដើរយ៉ាងលឿនហួសទៅ ទើបអ្នកជិះម៉ូតូ ជិះចេញតាមក្រោយ។ អ្នកជិះម៉ូតូពីរនាក់ប្រុសស្រី និងមនុស្សប្រុសម្នាក់ពាក់អាវក្រហមដើរនោះ គឺជាបក្យពួកតែមួយ ហើយនៅមាន បក្សពួកមួយចំនួនទៀត ដែលឈប់ម៉ូតូនៅក្បែរនោះរង់ចាំគ្នា ។

ជុំវិញករណីខាងលើនេះ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ហើយ ហើយតាម រយៈសកម្មភាព និងភិនភាគក្រុមជនសង្ស័យដែលបន្សល់ទុកនៅក្នុងកាមេរ៉ាសុវត្ថិភាព គេសង្ឃឹមថាសមត្ថកិច្ច នឹងអាចស្រាវជ្រាវ ចាប់ខ្លួនក្រុមជនស្ស័យបាន ក្នុងពេលឆាប់ៗ៕

RELATED ARTICLES