ភ្នំពេញ ៖ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា ក្រុមប្រឹក្សាភិបាលសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានធ្វើការស៊ើបអង្កេតលើភាពអនុលោមត្រូវបានអនុញ្ញាត ដើម្បី ជាការឆ្លើយតបទៅនឹងពាក្យបណ្តឹង អំពីការវិនិយោគរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ជាមួយធនាគារ និងគ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុ សរុបចំនួន ១០ស្ថាប័ន នៅកម្ពុជា ដែលបានរួមចំណែកធ្វើឱ្យការខូចខាតអន្តរាយ ដល់ប្រជា ពលរដ្ឋកម្ពុជា ដែលជាអ្នកខ្ចីប្រាក់ ដោយសារកម្ចីបែបកេងប្រវ័ញ្ច។

សេចក្តីថ្លែងការណ៍របស់អង្ការលីកាដូ ចុះថ្ងៃទី0៣ ខែកក្កដា ឆ្នាំ២០២៣ មានខ្លឹមសារថា «ការិយាល័យភាពអនុ លោម ទីប្រឹក្សាដោះស្រាយវិវាទ (ស៊ីអេអូ) នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានកំណត់ថា ការស៊ើបអង្កេត លើភាពអនុលោម ត្រូវបានអនុញ្ញាត ដើម្បីជាការឆ្លើយតបទៅនឹងពាក្យបណ្តឹង អំពីការវិនិយោគរបស់សាជីវ កម្មហិរញ្ញវត្ថុអន្តរជាតិ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ៦ស្ថាប័ន នៅកម្ពុជា ក៏ដូចជាមូលនិធិនិងវិនិយោ គិនចំនួន៤ ដែលបានរួមចំណែកធ្វើឱ្យការខូចខាតអន្តរាយដល់ប្រជាពលរដ្ឋកម្ពុជា អ្នកខ្ចីប្រាក់ ។ ទោះបីជាយ៉ាងណា ក្នុងដំណើរការដែលមិនធ្លាប់មានពីមុនមក ផ្នែកគ្រប់គ្រងនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានស្នើឱ្យមានការត្រួតពិនិត្យឡើងវិញដោយក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ចំពោះសេចក្តី សម្រេចរបស់ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ ដែលការស្នើនេះអាចនាំឱ្យពន្យារពេល ឬបញ្ចប់ដំណើរការស៊ើបអង្កេតភាពអនុលោម ។

ក្រុមប្រឹក្សាភិបាល មានរយ:ពេល ១០ថ្ងៃ ដើម្បីត្រួតពិនិត្យមើលសំណើនេះ ។ ដំណើរការនេះអាចអនុញ្ញាត ឱ្យការស៊ើបអង្កេតភាពអនុលោមបន្តទៅមុខ ផ្លាស់ប្តូរសេចក្តីសម្រេចរបស់ការិយាល័យភាពអនុលោម ទី ប្រឹក្សាដោះស្រាយវិវាទ ឬក៏ផ្តល់ឱ្យក្រុមប្រឹក្សាភិបាលនូវពេលវេលាបន្ថែម ដើម្បីត្រួតពិនិត្យសំណើ ។ការស៊ើបអង្កេត គឺជាជំហ៊ានដ៏សំខាន់ ឆ្ពោះទៅរកយុត្តិធម៌ និងដំណោះស្រាយសំណង សម្រាប់ពលរដ្ឋកម្ពុជា អ្នកខ្ចីប្រាក់ ដែលបន្តរងគ្រោះដោយសារតែកម្ចីបែបកេងប្រវ័ញ្ច។
សេចក្តីថ្លែងការណ៍ដដែល បន្តថា «អ្នកនាង ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គ ការលីកាដូ បានមានប្រសាសន៍ថា “ការស៊ើបអង្កេត គឺជាជំហានដ៏សំខាន់ ឆ្ពោះទៅរកយុត្តិធម៌ និងដំណោះ ស្រាយសំណងសម្រាប់ពលរដ្ឋកម្ពុជា អ្នកខ្ចីប្រាក់ ដែលបន្តរងគ្រោះដោយសារតែកម្ចីបែបកេងប្រវ័ញ្ច” ។ “សំណើរបស់ផ្នែកគ្រប់គ្រងនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ឱ្យមានការត្រួតពិនិត្យឡើងវិញ ដោយក្រុមប្រឹក្សា ភិបាល បន្ទាប់ពីការិយាល័យភាពអនុលោម ទីប្រឹក្សាដោះស្រាយវិវាទ បានសម្រេចបើកការស៊ើបអង្កេត ដែលជាកិច្ចការដ៏ស័ក្តិសមដែលត្រូវធ្វើ ហើយនោះវាគឺជារឿងដ៏គួរអាម៉ាស់ ដើម្បីចៀសវាងពីការពិនិត្យមើល ។ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ត្រូវបង្ហាញថា ខ្លួនមានការប្តេជ្ញាចិត្តក្នុងការទទួលខុសត្រូវ តាមរយ:ការិយាល័យ ភាពអនុលោម ទីប្រឹក្សាដោះស្រាយវិវាទ និងបញ្ឈប់ការប៉ុនប៉ងដែលធ្វើឱ្យខូចដំណើរការឯករាជ្យ” ។
ការិយាល័យភាពអនុលោម ទីប្រឹក្សាដោះស្រាយវិវាទ ដែលជាយន្តការគណនេយ្យភាពផ្ទៃក្នុងនៃសាជីវកម្មហិរ ញ្ញវត្ថុអន្តរជាតិ បានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ថាការិយាល័យខ្លួន “បាន បញ្ចប់ការវាយតម្លៃភាពអនុលោមលើករណីនេះ និងបានសន្និដ្ឋានថា ការស៊ើបអង្កេត គឺជាកិច្ចការដ៏ស័ក្តិសម ដែលត្រូវធ្វើ”។

យោងតាមគោលនយោបាយរបស់ការិយាល័យភាពអនុលោម ទីប្រឹក្សាដោះស្រាយវិវាទ សេចក្តីសម្រេចបែបនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើលក្ខណ:វិនិច្ឆ័យមួយចំនួន រួមបញ្ចូលទាំង “ការចង្អុលបង្ហាញជាបឋមពីការខូច ខាត ឬការខូចខាតដែលអាចកើតឡើង” ឬ“ការចង្អុលបង្ហាញជាបឋមថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ អាចមិន បានអនុលោមតាមគោលនយោបាយ [ទទួលខុសត្រូវខាងបរិស្ថាន និងសង្គម] របស់ខ្លួន” និង “ថាតើការចោទ ប្រកាន់ពីការខូចខាត មានជាប់ពាក់ព័ន្ធដែលគួរជឿបានទៅនឹងភាពមិនអនុលោមឬទេ?” ។
គោលនយោបាយថ្មីមួយ ដែលបង្កើតឡើងក្នុងឆ្នាំ ២០២១ អនុញ្ញាតឱ្យផ្នែកគ្រប់គ្រងនៃ សាជីវកម្មហិរញ្ញវត្ថុ អន្តរជាតិ ស្នើក្រុមប្រឹក្សាភិបាល ត្រួតពិនិត្យឡើងវិញចំពោះសេចក្តីសម្រេចរបស់ការិយាល័យភាពអនុលោម ទីប្រឹក្សាដោះស្រាយវិវាទ លើមូលដ្ឋានបច្ចេកទេសជាក់លាក់ ។ សំណើបែបនេះ គឺជាសំណើលើកទីមួយ ដែលបានធ្វើឡើង ចាប់តាំងពីគោលនយោបាយត្រូវបានអនុវត្ត»។
សេចក្តីថ្លែងការណ៍ខាងលើ បន្តទៀតថា «ពលរដ្ឋកម្ពុជា អ្នកខ្ចីប្រាក់ នៅបន្តរងគ្រោះពីផលប៉ះ ពាល់នៃវិស័យ មីក្រូហិរញ្ញវត្ថុ និងកម្ចីឥណទានខ្នាតតូច អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) និងអង្គការ សមធម៌កម្ពុជា (EC) តាងនាមឱ្យពលរដ្ឋកម្ពុជា ជាអ្នកខ្ចីឥណទានខ្នាតតូច បានដាក់ពាក្យបណ្តឹងស្តីពី “កម្ពុជា ៖ អន្តរការីហិរញ្ញវត្ថុ-០៤” ទៅការិយាល័យភាពអនុលោម ទីប្រឹក្សាដោះស្រាយវិវាទ នៅក្នុងខែកុម្ភ: ឆ្នាំ២០២២ ។ ពាក្យបណ្តឹងបានធ្វើការចោទប្រកាន់ ក្នុងចំណោមបញ្ហានានា ដោយមានការបរាជ័យរបស់ សាជីវកម្មហិរញ្ញវត្ថុ អន្តរជាតិ ក្នុងដំណើរការត្រួតពិនិត្យដ៏ត្រឹមត្រូវ នៅមុនពេលដំណើរការគម្រោង និងការរំលោភបំពានស្តង់ដា រអនុវត្តរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បណ្តាលមកពីការអនុវត្តកម្ចីគ្មានសីលធម៌ និងកម្ចីបែបកេងប្រវ័ញ្ច នៅកម្ពុជា ។
ការស៊ើបអង្កេត គ្របដណ្តប់លើធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ៦ ក្នុងប្រទេសកម្ពុជា (ធនាគារអេស៊ី លីដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ធនាគារហត្ថា ធនាគារអិលអូអិលស៊ី និងធនាគារស្ថាបនា) និងវិនិយោគិន ឬមូលនិធិ ចំនួន ៤ (ឥណទានពង្រឹងមីក្រូហិរញ្ញវត្ថុ មូលនិធិគំនិត ផ្តួចផ្តើម មីក្រូហិរញ្ញវត្ថុដើម្បីបំណុលអាស៊ី ក្រុមហ៊ុន Advans S.A និង ក្រុមហ៊ុន North Haven Thai Private Equity Fund L.P.) ។

ការិយាល័យភាពអនុលោម ទីប្រឹក្សាដោះស្រាយវិវាទ បានផលិតនូវរបាយការណ៍វាយតម្លៃ ដែលរៀបរាប់លម្ពិត អំពីមូលហេតុនៃការសម្រេចចិត្តឆ្ពោះទៅធ្វើការស៊ើបអង្កេតភាពអនុលោម ។ ទោះបីជាយ៉ាងណាក៏ដោយរបាយ ការណ៍នេះ មិនអាចបោះពុម្ភផ្សាយបានឡើយ រហូតដល់ការបញ្ចប់នៃដំណើរការត្រួតពិនិត្យឡើងវិញរបស់ ក្រុមប្រឹក្សាភិបាល ។
សេចក្តីថ្លែងការដដែល បន្តទៀតថា «លោក អៀង វុទ្ធី នាយកប្រតិបត្តិ នៃអង្គការសមធម៌កម្ពុជាបានមានប្រ សាសន៍ថា “យើងសង្ឃឹមថា ការស៊ើបអង្កេតនេះ អាចដំណើរការទៅមុខបានឆាប់ៗនេះ ដើម្បីជំរុញដល់សិទ្ធិ ទទួលបានដំណោះស្រាយរបស់អ្នកខ្ចីឥណទាន និងចាប់ផ្តើមដោះស្រាយការខូចខាតធ្ងន់ធ្ងរនានា ដែល បណ្តាលមកពីការវិនិយោគទាំងអស់នេះ” ។ “ពលរដ្ឋកម្ពុជា អ្នកខ្ចីប្រាក់ នៅបន្តរងគ្រោះពីផលប៉ះ ពាល់នៃ វិស័យមីក្រូហិរញ្ញវត្ថុ និងកម្ចីឥណទានខ្នាតតូច ហើយយើងនឹងរង់ចាំធ្វើការជាមួយ ក្រុមការងារពីការិយា ល័យភាពអនុលោម ទីប្រឹក្សាដោះស្រាយវិវាទ ដើម្បីដោះស្រាយវិបត្តិដែលកំពុងតែកើតមានជាបន្តបន្ទាប់នេះ” ។
ជុំវិញសេចក្តីថ្លែងការណ៍របស់អង្គការលីកាដូ ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបំភ្លឺ បកស្រាយឆ្លើយ តបពីស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងកម្ចីឥណទានខ្នាតតូច ទាំង១០ ខាងលើបានទេ កាលពីម្សិល មិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធទាំងអស់នៅពេលក្រោយ៕ ខៀវទុំ