Friday, May 17, 2024
Homeព័ត៌មានសិល្បៈលោកនូ ស៊ឹប ៖ជឿរជាក់បឺត សំរេច ជាកូនលោកស៊ីន ស៊ីសាមុត ៨០%

លោកនូ ស៊ឹប ៖ជឿរជាក់បឺត សំរេច ជាកូនលោកស៊ីន ស៊ីសាមុត ៨០%

ភ្នំពេញ៖អតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប បានប្រាប់អ្នកយកព័តមានយើង​តាមទូរ​ស័ព្ទកាលពី​រសៀល​ថ្ងៃទី៣ កក្កដា ថាក្រោយលោកបានដឹងរឿងរ៉ាវលោកបឺត សំរេច ហៅសា​មុត ពីរ ចេញ​មុខអះអាងថាជាកូនបង្កើត​អធិរាជសម្លេងមាសស៊ីន ស៊ីសាមុត នោះតាមការរៀប​រាប់របស់សំរេច នោះលោកជឿរជាក់ដល់ទៅ៨០% ថារឿង​មួយនេះគឺជាការពិត។លោកនូ ស៊ឹប​ ថាលោកសំរេច បានព្យាយាមលាក់រឿងនេះអស់រយៈពេល៤៦ឆ្នាំ ទៅហើយ ព្រោះ​តែ​ខ្លួន​គិតថាជាកូនឥតខាន់ស្លារ កូនលួចលាក់របស់លោកស៊ីន ស៊ីសាមុត ហើយគ្នាបានដឹង​រឿងនេះ​ពីបង​ស្រី​ម្ដាយដែលចិញ្ចឹមលោកតាំងពីតូច ដែលការចេញមុខរបស់សំរេច នាពេលនេះគ្នា​ក៍គ្មាន​​ចង់​បានអ្វីក្រៅពីចង់​ឲ្យទស្សនិកជនបានដឹងរឿងពិតមួយនេះដែរ។ក្រៅពីនេះលោកនូ ស៊ឹប នៅមានការសន្និដ្ឋានតាមរយៈចំណុច ផ្សេងទៀតដែលអាចបញ្ជាក់ថាបឺត សំរេច ជា​កូនលោកស៊ីន ស៊ីសាមុត ក្នុងនោះទី១៖ត្រេមុខ,ទី២៖បបូរមាត់ ,ទី៣៖​ធ្មេញ ,ទី៤៖ថ្ពាល់ និងទី៥ ៖ស្លឹកត្រចៀក ដែលលោកថាស្រដៀងគ្នាទៅនិងលោកសាមុត ដែរ។ដោយឡែកទាក់​ទង​ទៅ​និង​សម្លេងរបស់បឺត សំរេច វិញលោកនូ ស៊ឹប ថាគេប្រើប្រាស់ចុងដង្ហើម ប្រអប់មាត់ និងដង្ហើម ច្រៀងត្រូវ​តាមបញ្ចេកទេស តែមិនមែនថាកូនត្រូវតែមានសម្លេងដូចឪពុកនោះទេ។

លោកនូ ស៊ឹប បានរំលឹកដែរថាកាលពីឆ្នាំ១៩៧៣​ អំឡុងពេលដែលលោកធ្វើជា​គ្រូ​ពេទ្យ​​ម្នាក់នៅមន្ទីពេទ្យព្រះ​កេតុ​មាលា(បច្ចុប្បន្នពេទ្យ ១ ៧៩) នោះលោកក៍បានជួបលោកស៊ីន ស៊ីសាមុត ផ្ទាល់​ផង​ដែរ ដែលពេលនោះលោក​សា​មុត ទើបតែឈប់ធ្វើពេទ្យនៅទីនោះ​ហើយ​លោក​កំពុងល្បី​ល្បា​ញ​ក្នុងអាជីពចម្រៀងនិងមានវ័យជាង៤០ឆ្នាំ ។លោកថាពេលនិយាយគ្នា​នោះ​លោក​សាមុត និ​យា​យ​ថ្នម​សម្លេងណាស់ ហើយគាត់​មានរូបរាង​ស្អាតសង្ហារ​សាច់​សដូច​ស្រី​និងសាច់មើលទៅឡើង​ហាប់​​​ណែន​តែម្ដង។លោកបន្ថែមថាលោកស៊ីន ស៊ីសាមុត បាន​​សរសើរ​ពី​សម្ថ​ភាព​លោក​ច្រើន ពេលដឹងថាលោកទៅប្រលងចម្រៀង ហើយក្រោយមកតាម​កម្មវិធី​ផ្សេងៗទៀត​លោកក៍បាន​ជួបជាមួយលោកស៊ីន ស៊ីសាមុត ជាបន្ដបន្ទាប់ទៀតដែរ តែមិនសូវបាននិយាយ​គ្នា​យូដូចជួបលើកដំបូងទេ។អតីតតារាចម្រៀង​ហង្សមាសរូបនេះ​បង្ហើប​ថាលោកបាន​ដឹងថា​លោកស៊ីន ស៊ីសាមុត មានស្រីស្រលាញ់ច្រើន​ព្រោះលោកសម្លេងពិរោះ និងសង្ហារ អីចឹងស្រីៗ​ទាំងនោះភាគច្រើនគឺមករកលោកតែ​ម្ដង។ប៉ុន្ដែទាក់ទងម្ដាយ​របស់​លោក​ប៉េត សំរេច ឈ្មោះ​ធីម វិជ្ជរ៉ា ជាកូនកាត់៣សាសន៍(ខ្មែរ-ចិន និងឡាវ)នោះលោក​ថាមិន​បានស្គាល់និង​ដឹងរឿងនេះទេ តែតាម​រយៈ​រូបភាពលោក​មើល​ឃើញ​ថាលោកសំរេច ក៍កាត់ទៅ​តាមម្ដាយច្រើនដែរ។តារាវ័យ​៧៦​ឆ្នាំ រូបនេះ​ថាក្រោយបែកពី​លោកស៊ីន ស៊ីសាមុត អស់រយៈ​ពេល​៥០ឆ្នាំ ហើយបើគិតមកដលល់​ពេលនេះលោក​សាមុត បើនៅ​រស់មានអាយុ៩០ឆ្នាំ គឺ​បង​លោកដល់ទៅ១៤ឆ្នាំ នោះថាលោក​មិន​ដែលបានស្ដាប់និងឃើញ​ថា​មាន​តារាចម្រៀង​រូបណា​ដែលអាចច្រៀង​បានពិរោះដូចលោក​ស៊ីន ស៊ីសាមុត ទេ។ដោយ​សារ​តែលោកស៊ីន ស៊ីសា​មុត មានសម្លេងពិរោះពេក គ្មានអ្នកអាច​ធ្វើ​បាន​ដូចជាលោក​នេះ​ហើយ ទើបមានពេលខ្លះលោកនូ ស៊ឹប ថាលោក​ថែមទាំងគិតថា​ប្រ​ហែល​ជាលោកសាមុត នេះទេវ​តាមក​ចាប់កំណើតទៀតផង ខណៈដែលសម័យនោះអធិរាជ​សម្លេង​មាស​តែងតែទៅថត​សម្លេង​​នៅ​ស្ទីឌីយូលេខ៥ និងវៀង​ច័ន្ទ។

  ទាក់ទងរឿងភរិយាលោកស៊ីន ស៊ីសាមុត លោកយាយខាវ ថងយ៉ុត អាយុ៨៥ឆ្នាំ បាន​ជំទាស់ទៅនិង​ការដែល​មហាជនស្នើសុំឲ្យបឺត សំរេច ធ្វើDNA ជាមួយកូនស្រីលោកសាមុត ដើម្បីស្វែង​រក​ការពិតនោះលោកនូ ស៊ឹប ថាទោះ​ជាពេលនេះមិនទាន់បានធ្វើDNA ឬក៍មិនធ្វើក្ដី ប៉ុន្ដែរូបលោកនិងទស្សនិកជនភាគ​ច្រើនជឿរជាក់ថាលោក​សំរេច ពិតជាកូនលោកអធិ​រាជ​សម្លេង​​មាសស៊ីន ស៊ីសាមុត ហើយនេះមិនមែនជាលើកទី១ទេ ដែលរូបគេបាន​និយាយប្រាប់​គេ​តែគ្មា​នអ្នកណាជឿរនោះ គឺជាច្រើនលើកមកហើយដូចជានៅកន្លែងប្រដាល់ជាដើម ហើយ​គ្នា​ប្រឹង​លាក់​រឿងនេះព្រោះតែថាខ្លួនជាកូនឥតខាន់ស្លារហ្នឹងឯង ។លោកនូ ស៊ឹប ថាពេលនេះ​លោក​មិន​ទាន់បាន​ជួបលោកបឺត សំរេច ផ្ទាល់ទេ តែលោកថាលោកសំរេច ធ្លាប់ជាអ្នក​ប្រ​ដាល់​​អីចឹង​ការ​ងាកមកច្រៀងបទ​របស់​ឪពុកលោកបានប៉ុណ្ណោះ ចាត់ទុកថាគ្រាន់បើ​ហើយ​ព្រោះចេះប្រើសម្លេងអឿន និងដាក់មនោសញ្ចេតនាបាន ។លោកជឿរថានា​ពេលខាងមុខ​លោក​សំរេច នឹងវិវត្តន៍ខ្លួនជា​តារាចម្រៀងម្នាក់កាន់តែល្អជាង​នេះថែមទៀតជាមិន​ខាននៅ​ពេល​ដែលរូបគេ​ស៊ាំនិងឆាក​៕

RELATED ARTICLES