ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ នៅចំណុចស្តុបរោងកុនអង្គរ ផ្លូវសាលដឺហ្គោល កែវផ្លូវសុកហុក សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិអ្នកដទៃ ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់ញូវខាសល ផ្ទះលេខ២៦ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ កាលពី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ FIRAS SALEEM MOHI AL-JEIZANI ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិអ៊ីរ៉ាក់ មុខរបរផលិតករ ស្នាក់នៅផ្ទះសំណាក់ភូមិខ្មែរ ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាល។ ចំណែកជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះសៅ ស្រីនិច ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់នំ ស្នាក់នៅផ្ទះលេខ៥៦ ផ្លូវលេខ២១៧ ភូមិ៦ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា។ និងទី២-ឈ្មោះវ៉ាន់ សុភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

រីឯវត្ថុតាងចាប់យក ជារបស់ជនរងគ្រោះ រួមមាន ប័ណ្ណបើកបរ (KORKORT) ចំនួន៣សន្លឹក អត្តសញ្ញាណប័ណ្ណ (IDENTITETSKORT) ចំនួន១សន្លឹក អត្តសញ្ញាណប័ណ្ណ ចំនួន១សន្លឹក ប័ណ្ណធនាគារ ចំនួន៤សន្លឹក ទូរស័ព្ទដៃ ម៉ាក HUAWEI MATE 20PRO ពណ៌ប្រផេះ និងនាឡិកាម៉ាក CALVIN KLEIN ពណ៌ទឹកប្រាក់។ក្រោយឃាត់ខ្លួនសមត្ថ កិច្ចបានធ្វើតេស្តរកសាធាតុញៀនលើខ្លួនជនសង្ស័យទាំង២នាក់ ជាលទ្ធផលឃើញថា វិជ្ផមាន មានសារធាតុ ញៀនក្នុងខ្លួនដូចគ្នា។

ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ កសាសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕